(ត្បូងឃ្មុំ)៖ ដើម្បីរក្សាបាននូវគុណភាពបរិស្ថាន សោភ័ណ ភាពទីប្រជុំជន និងសុខភាពសាធារណៈ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៨ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ​ បានដឹកនាំអាជ្ញាធរ​ មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ​ សិស្សានុសិស្ស សម្អាតបរិស្ថានក្នុងសាលារៀន និងទីប្រជុំជនជុំវិញក្រុងសួង ដើម្បីបញ្ជ្រាបការយល់ដឹង​ឲ្យចេះស្រលាញ់អនាម័យ ដើម្បីចូលរួមអបអរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នៅបរិវេណអនុវិទ្យាល័យរស្មីកុមារ នៅសង្កាត់សួង ក្រុងសួង​ក្រោមការសហការរៀបចំដោយ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើង​ ដោយបានសំណូមពរដល់ក្រុមហ៊ុន​ប្រមូលសម្រាម បង្កើនការយកចិត្តទុកដាក់ សូមឲ្យមានឡានគ្រប់គ្រាន់​​ ពង្រីកសេវាប្រមូលសម្រាមនេះ​ ឲ្យដល់កន្លែងផ្សេងៗទៀត​ ដែលមិនទាន់មាន ពិសេសតាមដងផ្លូវតែម្តង​ ព្រោះអនាម័យដើរតួនាទីយ៉ាងសំខាន់ទាំងសុខភាព​ សោភ័ណភាព ក្នុងក្រុង​ ក្នុងភូមិស្ថាន។

លោកអភិបាលខេត្ត​ បានជំរុញឲ្យមន្ទីរអប់រំ​ រួមជាមួយលោកគ្រូអ្នកគ្រូ​ បញ្ជ្រាបការយល់ដឹងពីបញ្ហាសម្រាម​ ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស​ ពិសេសថ្នាក់បឋមសិក្សាតែម្តង​ ដើម្បីបណ្តុះការចេះស្រលាញ់បរិស្ថានក្នុងដួងចិត្ត​ ចាប់ពីវ័យកុមារទៅ​ នោះភាពស្អាតនឹងដក់ជាប់​ ជាទម្លាប់ជាក់ជាមិនខាន។

លោក​ក៏សូមឲ្យមន្ទីរជំនាញ អាជ្ញាធរក្រុងស្រុកឃុំសង្កាត់ភូមិ​ មន្ត្រីរាជការទាំងអស់​ ត្រូវធ្វើជាគំរូ​ ក្នុងការគ្រប់គ្រងការការពារពាក់ព័ន្ធនឹងអនាម័យ​ និងបរិស្ថានស្អាត​​ ក្នុងន័យនេះគឺ​ជាអ្នកដើរតួយ៉ាងសំខាន់​ក្នុងការបង្ហាញ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហានានា​ ពិសេសតាមវត្តអារាម​ គ្រឹះស្ថានសិក្សា តាមផ្សារ និងគ្រប់កន្លែងក្នុងខេត្តត្បូងឃ្មុំ​ ត្រូវតែស្អាត ដើម្បីឲ្យខេត្តស្រស់បំព្រង​ ក្រុងមានអនាម័យ​ ដើម្បីប្រកួតប្រជែងជាមួយខេត្តដទៃទៀត យកផ្ការំដួល១ទង ២ទង ឬ៣ទង​ ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត។​

ជាមួយគ្នានោះលោក​ ជាម ច័ន្ទសោភ័ណ ក៏បានស្នើដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានកាអនាម័យ នៅតាមទីសាធារណៈជាប្រចាំ ដោយត្រូវប្រមូលសម្រាមតាមដងផ្លូវ ច្រាំងទន្លេ សួនច្បា ទីផ្សារ និងរៀបចំដាំកូនឈើ តាមមូលដ្ឋានរបស់ខ្លួន ក្នុងនោះត្រូវទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ អាជ្ញាធរត្រូវធ្វើ ចលនាសិស្សានុសិស្ស និងប្រជាពលរដ្ឋឲ្យចូលរួមធ្វើអនាម័យ ឲ្យបានគ្រប់គ្នា និងគ្រប់ពេលជាប្រចាំ។

លោក ហួរ ពិសិដ្ឋ ប្រធានមន្ទីបរិស្ថានខេត្តត្បូងឃ្មុំ បានលើកឡើងដែរថា ខេត្តត្បូងឃ្មុំក្នុងមួយឆ្នាំមានសម្រាមប្រមាណ ៤០០តោន ខណៈការកែច្នៃសម្រាមមានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ ដែលធ្វើឲ្យអត្រាសម្រាម ដែលត្រូវបោះចោលតាមទីលានចាក់សម្រាម ពី៧០ភាគរយ ទៅ៨០ភាគរយ និងមួយចំនួនទៀតត្រូវបោះចោល អនាធិបតេយ្យតាមដងផ្លូវ ដូចជាថង់ប្លាស្ទិក ចានស្នោ ជាដើម ធ្វើឲ្យបរិស្ថានធ្លាក់ចុះយ៉ាងខ្លាំង។ បញ្ហានេះសូមប្រជាពលរដ្ឋចាត់ទុកភូមិឋាន ទីសាធារណៈ គ្រប់ទីកន្លែងទាំងអស់ ជាផ្ទះរបស់ខ្លួន ដែលចាំបាច់ត្រូវចូលរួមសម្អាត៕