(សៀមរាប)៖ អេ អឹម ខេ ប្រារព្វពិធីអបអរសាទរខួប១៥ឆ្នាំ នៃវឌ្ឍនភាព នៅលើទឹកដីអឆ្ឆរិយអង្គរ នៅថ្ងៃទី៣០ វិច្ឆិកា ២០១៨។ ក្នុងរយៈពេល១៥ ឆ្នាំនេះ អេ អឹម ខេ បានសម្រេចលទ្ធផលគួរជាទីមោទន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុសមស្រប និងឋិតថេរពិសេសដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទដាច់ស្រយាល។

ពិធីអបអរសាទរនេះ ត្រូវបានប្រារពធ្វើឡើងជាមួយគ្នា នឹងកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ អេ អឹម ខេ វិវត្តមកពីកម្មវិធីឥណទានខ្នាតតូចរបស់អង្គការ Concern Worldwide នៅក្នុងទសវត្សរ៍ឆ្នាំ១៩​៩០។ ដោយសារប្រតិបតិ្តការមានការរីកចម្រើនក្នុងឆ្នាំ ២០០២ អង្គការ Concern បានបង្កើតក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ ដាច់​ដោយ​ឡែកមួយ គឺ អេ អឹម ខេ ។​ នៅឆ្នាំ ២០០៣ អេ អឹម ខេ បានធ្វើ​ប្រតិបតិ្ត​ការ​ដោយឯករាជ្យពីអង្គការ Concern ហើយ បន្ទាប់​មកទទួល​បាន​អាជា្ញប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ ២០០៤។

បច្ចុប្បន្ន អេ អឹម ខេ បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗនៅប្រទេសកម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំ អេ អឹម ខេ តែងតែអភិវឌ្ឍខ្លួនឥតឈប់ឈរ ដោយធ្វើការកែលម្អផលិតផល និងសេវាហិរញ្ញវត្ថុ និងវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ជាប្រចាំដែលមានលក្ខណៈបត់បែន និងសម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង ជាពិសេសដើម្បីដើរឱ្យទាន់ការរីកចម្រើននៃការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ របស់សកលលោក។

ថ្លែងនៅក្នុងពិធីអបអរសាទរ និងកិច្ចប្រជុំថ្នាក់គ្រប់គ្រង លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានបញ្ជាក់ថា «រយៈពេល១៥ឆ្នាំនេះ អេ អឹម ខេ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១០ អេ អឹម ខេ យើងបានទទួលអជ្ញាប័ណ្ណប្រាក់សន្សំ ពីធនាគារជាតិនៃកម្ពុជា។ ក្នុងឆ្នាំ២០១១ អេ អឹម ខេ ដាក់ដំណើរការសេវាផ្ទេរប្រាក់ទូទាំងប្រទេស និងឆ្នាំ២០១៣ យើងដាក់ឱ្យ​ដំណើរ​ការ​ម៉ាស៊ីនដកប្រាក់ និង​ដាក់ប្រាក់​ដោយ​​ស្វ័យ​ប្រវត្តិ (ATM/CDM)។ អ្វីដែលសំខាន់ទៀតនោះ យើងទើបតែផ្លាស់ប្តូរ ប្រព័ន្ធធនាគារស្នូល T24 បានជោគជ័យ ដោយប្រព័ន្ធថ្មីនេះ ធ្វើឱ្យការងាររបស់យើងកាន់តែមានប្រសិទ្ធភាពជាងមុន»។

លោកប្រធាននាយកប្រតិបត្តិបានឱ្យដឹងដែរថា បើក្រឡេកមើលទិន្នន័យហិរញ្ញវត្ថុរបស់យើង គឺគិតត្រឹមខែតុលា ឆ្នាំ២០១៨នេះ អេ​ អឹម ខេ សម្រេចបានលទ្ធផលគួរ ឱ្យកត់សម្គាល់។ ចំនួនបុគ្គលិករបស់យើងកើនឡើងដល់ជាង ២,៧០០នាក់ អតិថិជនចំនួនជាង ៨៤ម៉ឺននាក់ ជាមួយនឹង​ផល​ប័ត្រ​​ប្រាក់​កម្ចីជាង២៤៧ លាន​ដុល្លារ​អា​មេ​រិក និងប្រាក់​បញ្ញើជាង១៤៦លានដុល្លារអាមេរិក មានការិយាល័យ​ប្រតិ​បត្តិការ​ចំនួន១៥០កន្លែង និងមានភ្នាក់ងារ​ជាង​៣.៥០០កន្លែងនៅ​ទូទាំង​​​ប្រទេស។

លោក គា បូរាណ លើកឡើងយ៉ាងដូច្នេះថា «លទ្ធផលទាំងនេះនឹងមិនអាចកើតមានទេ ប្រសិនបើមិនមានការចូលរួមពីបុគ្គលិក អេ អឹម ខេ គ្រប់ជាន់ថ្នាក់។ ការរីកចម្រើននេះ គឺដោយសារតែបុគ្គលិក អេ អឹម ខេ មានការតាំងចិត្តខ្ពស់ និងបានចូលរួមយ៉ាងសកម្មគ្រប់សកម្មភាព»

លោកប្រធាននាយកប្រតិបត្តិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់ ដែលបានបំពេញកាតព្វកិច្ចបានយ៉ាងល្អ​ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដោយមិនគិតពីពេលវេលា និងកំលាំងកាយចិត្តក្នុងរយៈពេលពេញ១៥ឆ្នាំមកនេះ ដែលបានជួយឱ្យ អេ អឹម ខេ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់គួជាទីគាប់ចិត្ត៕