(ភ្នំពេញ)៖ តារាសម្តែងដែលធ្លាប់មានឈ្មោះបោះសំឡេង​ ក្នុងអំឡុង​ទស្សវត្សរ៍​៩០​ តាមរយៈការសម្តែងរឿងជាច្រើន​នោះ គឺ​លោក​ យស​ បូវណ្ណៈ​ បានសម្រេចវិលមករំលឹកអនុស្សាវរីយ៍ចាស់ឡើងវិញ​ ក្រោយពីលោកបានដកឃ្លា​ និងមិនដែលបានថតភាពយន្ត​ ប្រមាណជាង២០ឆ្នាំកន្លងមកនេះ។

ការត្រឡប់មកលើកនេះ គឺដើម្បីចូលរួមចំណែកជាមួយសិល្បៈ​ និងធ្វើតាមសន្យាដែលធ្លាប់​ និយាយជាមួយទស្សនិកជនកន្លងមក។

លោក​ យស​ បូវណ្ណៈ​ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា​ រយៈពេលជាង២០ឆ្នាំហើយ​ ដែលលោកបានឃ្លាតឆ្ងាយពីសិល្បៈ​ មិនដែលបានថតភាពយន្តទេ​ ហើយបើគិតមកដល់ពេលនេះ​ តាំងពីលោកចាកចេញពីប្រទេស​ គឺធ្លាប់មកលេងស្រុកកំណើត៣ដង​ ប៉ុន្តែ១០ឆ្នាំមកនេះ​ មិនដែលមកទេ​ ទើបតែមកពេលនេះ​ ហើយឃើញថា ប្រទេសរីកម្រើនណាស់​ វិស័យភាពយន្តបច្ចុប្បន្ន​ ក៏រីកដុះដាលទៅមុខ​ តារាសម្តែងងាយស្រួល​ មានឧបករណ៍គ្រប់គ្រាន់ទំនើបៗ​ បើប្រៀបពីមុន គឺពេលនេះ​ ជឿនលឿនរីកចម្រើនច្រើន។

តួឯកប្រុសក្នុងរឿង​ «បិទភ្នែកហែកទ្រូង»​ រូបនេះ​ បានប្រាប់ទៀតថា​ ការត្រឡប់មកលេងប្រទេសកំណើតលើកនេះ​ មិនមានពេលយូទេ​ ប្រហែលតែ២០ថ្ងៃប៉ុណ្ណោះ​ ហើយគោលបំណងដែលមកនេះ​ គឺមកចូលរួមថតភាពយន្តរឿង​ «លោកឪពុក»​ ដែលជារឿងមួយមានការសម្រឹតសម្រាំងប្រមូលផ្តុំតារាជើងចាស់​ ជើងថ្មីសម្តែងរួមគ្នា។

លោក​ធ្លាប់ចូលរួមសម្តែងរឿងល្បីមួយចំនួន​ ក្នុងសម័យ​កាលនោះ​ មានដូចជារឿង «បិទភ្នែកហែកទ្រូង» (សម្ដែងជាមួយអ្នកនាងអម្ពរទេវី ), រឿង «ព្រាននារីអស់លក្ខណ៍» (សម្ដែងជាមួយ​ អ្នកនាង​ អ៊ុ​ សុវណ្ណនី), រឿង «ទាសីស្នេហ៍» ​(សម្តែងរួមជាមួយ​ ចាន់​ តារាទី​ )​ និងក្រោយៗមកទៀតជាមួយអ្នកនាង សុខ ស្រីមុំ, កែវ កល្យាណ និងតារាៗល្បីៗជាច្រើនទៀត ។

លោក​ អ៊ិន​ សុភិន​ ម្ចាស់ផលិតកម្មមហាហង្ស​ ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនផងដែរថា​ អរគុណចំពោះសិល្បករជើងចាស់ លោក យស បូវណ្ណៈ ដែលទទួលយកការអញ្ជើញរបសផលិតកម្ម និងតបតាមការសំណូមពររបស់ទស្សនិកជន ដែលទទូចចង់ឲ្យតារារូបនេះវិលរកការសម្តែងជាថ្មី ។​

លោក ​បូវណ្ណៈ​ នឹងសម្តែងជាតួអង្គឪពុកម្នាក់ក្នុងចំណោមឪពុក៣នាក់ នៅក្នុងសាច់រឿង ដែលជាឪពុកលះបង់ខ្ពស់សុខចិត្តពលិកម្មគ្រប់បែបយ៉ាង​ ដើម្បីសេចក្តីសុខរបស់គ្រួសារពិសេសកូនៗ ហើយតារាសម្តែងរូបនេះក៏នឹងជួបសម្តែងជាមួយដៃគូចាស់ គឺអ្នកស្រី ចាន់ តារាទី ផងដែរ ។

គួរបញ្ជាក់ដែរថាភាពយន្ត លោកឪពុក នឹងត្រូវចាប់ផ្តើមចេញថតចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះតទៅ ដែលមានតារាសម្តែង៤ជំនាន់សម្តែងរួមគ្នាមានដូចជាលោក យស បូវណ្ណៈ អ្នកស្រី ចាន់តារាទី លោក ហម ឈរ៉ា លោក ភឹម តារាវិបុល អ្នកនាង ភិន សុដាលីស កុមារីសុមនា កុមារី ជី ឈិងលីន ជាដើម៕