(កំពង់ចាម)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាតំណាង​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកដណ្តើមពានរង្វាន់ តេជោ​សែន លើកទី៤ ប្រចាំឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់​០២ ធ្នូ ឆ្នាំ២០១៨ នៅមណ្ឌល​កីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម។

ការប្រកួតនេះរៀបចំឡើងមានគោលបំណងរំលឹក ដល់ថ្ងៃទី០២ ធ្នូ ១៩៧៨ ថ្ងៃបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិ ដែលបានរំដោះប្រជាជន និងមាតុភូមិកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាថ្ងៃខួបនៃការសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ដែល​ជាសមិទ្ធផលក្រោមគំនិតផ្តួចផ្តើម របស់​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល និងលោកព្រឹទ្ធាចារ្យ ហែម ថុន ផងដែរ។​

ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកនេះ មានកីឡាករ-កីឡាការិនីចំនួន​១២៥នាក់ ប្រុសចំនួន៦៨នាក់ ស្រី៥៧នាក់ មកពីក្លឹបចំនួន៨ បានចូលរួមប្រកួតប្រជែង លើវិញ្ញាសារឯកត្តជន វិញ្ញាសារហែលបណ្តាក់ និងវិញ្ញាសារកីឡាបាល់ទឹក ដោយមានការចូលរួមពីគ្រូបង្វឹកចំនួន១២នាក់ គរុសិស្ស និងសិស្សសាលា វិទ្យាចំនួន៤០០នាក់ បានចូលរួមទស្សនាការប្រកួតនេះផងដែរ។​

ក្នុងពិធីប្រកួតយកពានរង្វាន់នេះ សម្រាប់វិញ្ញាសារហែលឯកត្តជន ជ័យលាភីលេខ១ ទទួលបានមេដាយ មាស១ និងថវិកា​៣០ម៉ឺនរៀល ចំនួន២៧នាក់ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់១ និងថវិកា​២០ម៉ឺនរៀល ចំនួន២៧នាក់ និង​ជ័យលាភីលេខ៣ ទទួលបាន មេដាយសំរឹទ្ធ១ និងថវិកា​១២ម៉ឺនរៀល ចំនួន២៧ និងសម្រាប់វិញ្ញាសារហែលបណ្តាក់ ជ័យលាភីលេខ១ ទទួលបានមេដាយមាស១ និងថវិកា​៣០ម៉ឺនរៀល ចំនួន៨នាក់ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់១ និងថវិកា២០ម៉ឺនរៀល ចំនួន៨នាក់ និងជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ១ និងថវិកា១២ម៉ឺនរៀល ចំនួន៨នាក់។​

ចំណែកឯលទ្ធផលជាក្រុមវិញ ចំណាត់ថ្នាក់លេខ១ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកា ចំនួន​១,២០០,០០០ រៀល ចំណាត់ថ្នាក់លេខ២ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកាចំនួន ៨០០,០០០រៀល និងចំណាត់ថ្នាក់លេខ៣ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកាចំនួន ៤០០,០០០រៀល ដោយឡែកចំពោះក្រុមកីឡាបាល់ទឹក ចំណាត់ថ្នាក់លេខ១ មានចំនួន​១ក្រុម ទទួលបានថវិកា ២,០០០,០០០រៀល និងចំណាត់ថ្នាក់លេខ២ មានចំនួន១ក្រុម ទទួលបានថវិកា ១,២០០,០០០រៀល។​

បន្ថែមលើរង្វាន់ខាងលើ ​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ​បានឧបត្ថម្ភបន្ថែមដល់កីឡាករ កីឡាការិនី ទាំង​១២៥នាក់ ម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល សហព័ន្ធខ្មែរកីឡាហែលទឹក ចំនួន​២លានរៀល គណៈ​កម្មាការបច្ចេកទេសចំនួន៥០នាក់ ម្នាក់ៗទទួលបាន៥ម៉ឺនរៀល គ្រូបង្វឹក១២នាក់ ម្នាក់ៗ​១០ម៉ឺនរៀល ឧបត្ថម្ភអាងហែលទឹកចំនួន១លានរៀល និងថវិកា៣លានរៀលសម្រាប់ គ្រូពេទ្យ សន្តិសុខ និងអ្នក​សារព័ត៌មាន។

ចុងក្រោយ ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់​ខិត​ខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមយកមេដាយជូនជាតិយើង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅ២០២៣ខាងមុខ៕