(ភ្នំពេញ)៖ សហមេធាវី៤រូបរបស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ថា ការប្រកាសជំហររបស់ លោក កឹម សុខា ដែលមិនទទួលស្គាល់សន្និសីទរបស់ក្រុមលោក សម រង្ស៉ី នៅទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិកនោះ គឺមិនស្ថិតនៅក្រោមការបង្ខិតបង្ខំនោះទេ។

សេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីលោក កឹម សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំជាសហមេធាវី សូមបញ្ជាក់ថា ទោះជាឯកឧត្តម កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏ដោយក៏ឯកឧត្តម កឹម សុខា នៅតែមានសិទ្ធិក្នុងការតវ៉ា ការពារ ទាមទារ និង​បដិសេធ នូវអ្វីដែលប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់គាត់។ ឯកឧត្តម កឹម សុខា មានសិទ្ធិបញ្ចេញមតិដោយខ្លួនគាត់ផ្ទាល់ ឬតាមរយៈមេធាវីស្របតាមបញ្ញត្តិច្បាប់»

ក្រុមមេធាវី បានបញ្ជាក់បន្ថែមថា៖ «យើងខ្ញុំជាសហមេធាវី ដែលទទួលសិទ្ធិការពារក្តីជូន ឯកឧត្តម កឹម សុខា គឺអនុវត្តស្របតាមក្របខណ្ឌវិជ្ជាជីវៈ តាមឆន្ទៈកូនក្តី និងមានការទទួលខុសត្រូវ។ ក្នុងករណីយើងខ្ញុំជាសហមេធាវី បំពេញបេសកកម្មណាមួយ ដោយបំពានឆន្ទៈរបស់ ឯកឧត្តម កឹម សុខា ដែលជាកូនក្តី គាត់មានសិទ្ធិពេញលេញក្នុងការបញ្ឈប់បេសកកម្មយើងខ្ញុំជាមេធាវី បានគ្រប់ពេលវេលា។ បច្ចុប្បន្នយើងខ្ញុំនៅតែជាសហមេធាវីការពារក្តីជូន ឯកឧត្តម កឹម សុខា ដដែល»។

សូមបញ្ជាក់ថា លោក កឹម សុខា តាមរយៈលោក ចាន់​ ចេន មេធាវីរបស់លោក បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ រក្សាជំហរមិនគាំទ្រចំពោះសន្និសីទមួយដឹកនាំដោយ លោក សម រង្ស៉ី ​នៅសហរដ្ឋអាមេរិកនោះទេ។

លោក ចាន់ ចេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីទទួលបានព័ត៌មានថា មានការរៀបចំសន្និសីទនៅសហរដ្ឋអាមេរិកហ្នឹង ហើយចំពេលដែលខ្ញុំបានចូលសួរសុខទុក្ខគាត់ (លោក កឹម សុខា) នៅគេហដ្ឋាន នៅព្រឹកថ្ងៃទី២៧វិច្ឆិកា ខ្ញុំក៏បានជម្រាបគាត់អំពីរឿងនេះ។ ខ្ញុំបានសួរគាត់ថា មានបានដឹងទេ? ហើយកូនក្តីរបស់ខ្ញុំក៏បានជម្រាបប្រាប់មកវិញ គាត់អត់បានដឹងឮអ្វីទាំងអស់ ហើយក៏អត់គាំទ្រសកម្មភាពហ្នឹងដែរ»។

ការអះអាងរបស់មេធាវីរបស់ លោក កឹម សុខា បានធ្វើឡើង បន្ទាប់ពីសមាជិក អតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលជាក្រុមរបស់ លោក សម រង្ស៉ី បាន​ប្រកាស​ រៀបចំសន្និសីទធំមួយ នាថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក​ ដែលសន្និសីទនេះ ត្រូវបានគេអះអាងថា ជាការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមប្រឆាំង ជាថ្មីម្តងទៀត។

សូមបញ្ជាក់បន្ថែមថា លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញមុខការពារមេធាវីរបស់ខ្លួន ពីការវាយប្រហាររបស់ក្រុមទណ្ឌិត សម រង្ស៊ី ដោយអះអាងថា ​លោកមានសិទ្ធិឲ្យមេធាវី​នាំពាក្យ និងបង្ហាញពីឆន្ទៈផ្ទាល់ខ្លួនរបស់លោក ស្របតាមច្បាប់ដែលបានបញ្ញត្តិ។

ការអះអាងរបស់ លោក កឹម សុខា បែបនេះបានធ្វើឡើងបន្ទាប់លោក ចាន់​ ចេន មេធាវីរបស់លោក កឹម សុខា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ រក្សាជំហរមិនគាំទ្រចំពោះសន្និសីទដែលរៀបចំដោយ ក្រុមរបស់លោក សម រង្ស៉ី ​នៅសហរដ្ឋអាមេរិកនោះទេ។

ប៉ុន្ដែក្រោយការលើកឡើងរបស់លោកមេធាវី ចាន់ ចេន ក្រុមដែលគាំទ្រទណ្ឌិត សម រង្ស៊ី បានចេញមកវាយប្រហារភ្លាមៗថា ការលើកឡើងរបស់មេធាវី ចាន់ ចេន ខុសពីការពិត ដោយមិនមែនឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់លោក កឹម សុខានោះទេ៕