(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងមន្រ្តីមន្ទីរជំនាញ បានបន្តបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ២ជាន់១ខ្សែ លើផ្លូវលេខ១៥៧C ប្រវែង១,៣០០ម៉ែត្រ មានទទឹង៥ម៉ែត្រ ស្ថិតនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ។ ផ្លូវដែលត្រូវបានបើកការដ្ឋានជួសជុលនេះ គឺធ្វើចាប់ពីចំណុចវត្តតាមិម ទៅទល់ស្ថានីយ៍រថភ្លើងអូរដំបង ក្នុងឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកអភិបាលខេត្ត បានសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋថា ក្នុងនាមរដ្ឋបាលខេត្តតែង បានសហការជាមួយមន្ទីរជំនាញលើគ្រប់វិស័យ ដើម្បីធ្វើការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ជាក់ស្តែងថ្ងៃនេះ យើងបានសមិទ្ធផលថ្មីមួយទៀត ដោយបានជួសជុលផ្លូវ១ខ្សែប្រវែង១,៣០០ម៉ែត្រ ដែលមន្ទីរជំនាញជាអ្នកធ្វើផ្ទាល់ រហូតដល់រួចរាល់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍សាធារណៈក្នុងមូលដ្ឋាន របស់ខ្លួនតទៅ។

លោក ងួន រតនៈ បានបន្តថា បន្ទាប់ពីជួសជុលផ្លូវនេះរួចហើយ និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សូមបងប្អូននាំគ្នាថែទាំ ថែរក្សាសមិទ្ធិផលមួយនេះ ប្រើប្រាស់ឲ្យបានគង់វង្សយូរអង្វែង ព្រោះនេះជាទ្រព្យសម្បត្តិ របស់យើងទាំងអស់គ្នា។ លោកបានថ្លែងអំណរគុណ ដល់ថ្នាក់នាំ និងមន្រ្តីជំនាញដែលតែងតែខិតខំធ្វើការងាររបស់ខ្លួន ពិសេសការងារធ្វើផ្លូវថ្នល់ ស្ពាន លូរំដោះទឹក និងការងារផ្សេងទៀតផងដែរ។

នាឱកាសនោះដែរ លោក ងួន រតនៈ បានចែកអំណោយកំដរដៃមួយចំនួន ដល់ប្រជាពលរដ្ឋទីទាល់ក្រ ដែលបានចូលរួមក្នុងពិធី និងឡើងបញ្ជាគ្រឿងចក្រ ប្រកាសបើកការដ្ឋានជាផ្លូវការ ចាប់ពីពេលនេះតទៅ៕