(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា តាមការប៉ាន់ស្មាន សម្រាប់រយៈពេល ១៥ឆ្នាំ ចាប់ពីឆ្នាំ២០១៥-២០៣០ តម្រូវការលំនៅឋានទូទាំងប្រទេសមានប្រមាណ ១លានលំនៅឋាន។ ក្នុងនោះសម្រាប់តំបន់រាជធានី ក្រុង និងទីប្រជុំជនមានតម្រូវការប្រមាណ ៨០ម៉ឺនលំនៅឋាន ហើយបើគិតជាមធ្យមមានតម្រូវការប្រមាណ ៥ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះក្នុងពេលអញ្ជើញបើកសម្ពោធដាក់ឲ្យដំណើរការផ្សារលក់គ្រឿងសំណង់ និងសម្ភារលំនៅឋាន Global House នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ កម្ពុជា មានទីក្រុងរណប បុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈជាបុរីចំនួន ២៣០ទីតាំង និងមានសំណង់អគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅចំនួន ១,១០០អគារ៕