(ភ្នំពេញ)៖ ក្រុមអតីតគណបក្សសង្រ្គោះជាតិ ប្រចាំនៅប្រទេសអូស្រ្តាលី បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ដោយសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការរៀបចំសន្និសីទរបស់ទណ្ឌិត សម រង្ស៊ី នៅទីក្រុងអាត្លង់តា​ សហរដ្ឋអាមេរិក ដែលនេះបង្ហាញថា ជាការរៀបចំសន្និសីទផ្ទុយពីលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមអតីតគណបក្សសង្រ្គោះជាតិ ប្រចាំនៅប្រទេសអូស្រ្តាលី បានអះអាងថា សន្និសីទនេះមិនទទួលបានការគាំទ្រពីលោក កឹម សុខា នោះទេ គឺក្រុមអ្នកនយោបាយទាំងនោះ បានសម្រេចចិត្តបោះបង់គណបក្សសង្រ្គោះជាតិ ហើយទៅចូលរួមក្នុងសកម្មភាពរបស់ចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៊ី តែប៉ុណ្ណោះ។

សូមជំរាបថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមអតីតគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ គាំទ្រដល់គោលជំហររបស់ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងនេះ ដែលមិនទទួលស្គាល់ សន្និសីទនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដែលរៀបចំដោយ ក្រុមរបស់លោក សម រង្ស៉ី។

ក្រុមអ្នកគាំទ្រលោក កឹម សុខា ក៏បានអំពាវនាវឱ្យសមាជិក អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិទាំងអស់ តាមដានសកម្មភាពសន្និសីទនេះ ដែលចាត់ទុកថា ជាការបំបែកបំបាក់ខ្មែរនៅក្រៅស្រុក និង ស្មារតីអតីតគណបក្សសង្រ្គោះជាតិ៕