(សៀមរាប)៖ អ្នកជំនាញការអាដហុក របស់គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះទៅពិនិត្យការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ នៅមុនកិច្ចប្រជុំអាយស៊ីស៊ី-អង្គរឈានចូលមកដល់។

កម្មវិធីនេះ តែងធ្វើជាទៀងទាត់នៅមុនកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ហើយកិច្ចប្រជុំនៅលើកនេះ នឹងប្រារព្ធធ្វើនៅថ្ងៃទី៤-៥ ខែធ្នូ អមនឹងការប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិនេះផងដែរ។

លោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលអមដំណើរជាមួយគណៈប្រតិភូអ្នកជំនាញការអាដហុក បានឱ្យដឹងថា កម្មវិធីនៅឆ្នាំនេះដូចរាល់ឆ្នាំដែរ គឺតែងមានអ្នកជំនាញការធំៗរបស់យូណេស្កូ ចុះមើលការដ្ឋានជាតិ និងអន្ដរជាតិនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីលើកជាយោបល់ដល់ក្រុមការងារទាំងអស់ឱ្យធ្វើ និងអនុវត្តន៍តាម ពិសេសគឺត្រួតពិនិត្យការងារកន្លងមក ថាតើធ្វើតាមការណែនាំរបស់អ្នកជំនាញការទាំងនោះដែរឬទេ។

គួរបញ្ជាក់ថា គណៈប្រតិភូជំនាញការអាដហុក បាននិងកំពុងចុះទៅការដ្ឋានមួយចំនួន រួមមាន៖ ស្ពានហាល និងគម្រោងរៀបចំកន្លែងបដិសណ្ឋារកិច្ចអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទព្រះពិធូរ ប្រាសាទតាព្រហ្ម ប្រាសាទមេបុណ្យខាងលិច ប្រាសាទតាកែវ រួមនិងគម្រោងការដ្ឋានធ្វើផ្លូវនៅភ្នំគូលែនជាដើម៕