(សៀមរាប)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង-អង្គរ លើកទី២៣ នឹងប្រារព្ធឡើង នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ស្អែក ស្របពេលគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ បានប្រកាសបិទផ្លូវត្រូវរត់រយៈពេលប្រមាណ ២ ទៅ ៣ ម៉ោង សម្រាប់សម្រួលអ្នករត់ ដែលមានកំណើនរហូតដល់ទៅជាង ១ម៉ឺននាក់ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង-អង្គរឆ្នាំនេះ មានកំណើនអ្នកចូលរួមច្រើន ជាក់ស្ដែងពេលនេះ មានអ្នកចុះឈ្មោះសរុបជាង ១០,៥០០នាក់ហើយ ដែលកើនឡើង ១៥% បើធៀបនឹងឆ្នាំមុន ខណៈមានបរទេសជាង ៥,២០០នាក់ មកពី ៧៨ប្រទេសលើពិភពលោក កើនឡើង ២០% ក្នុងនោះភ្ញៀវបរទេសចូលរួមច្រើនជាងគេ គឺមានអង់គ្លេស ឈរលេខ១, អាមេរិក ឈរលេខ២ និងបារាំង ឈរលេខ៣ ។

អាស្រ័យដោយស្ថានភាពផ្លូវត្រូវរត់ ជុំវិញតំបន់អង្គររាងតូចបន្ដិច គណៈកម្មការ ក្រោមការណែនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានសម្រេចធ្វើការបិទផ្លូវអាច ២ ទៅ ៣ម៉ោង ដើម្បីសម្រួលដល់ការរត់ និងផ្ដល់នូវសុវត្ថិភាព ១០០% ជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិ ។ ដូច្នេះលោកបានស្នើសុំការយោគយល់ខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ ចូលរួមសហការ និងធ្វើដំណើរតាមផ្លូវវាង ដើម្បីរួមចំណែកជំរុញឲ្យព្រឹត្តិការណ៍ប្រចាំឆ្នាំនេះទទួលបានជោគជ័យ ។

លោកថា «ការបិទផ្លូវ ពិតណាស់វាធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ ប៉ុន្ដែយើងក្រឡេកមើលគុណប្រយោជន៍វិញ យើងចំណេញច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសដ៏ច្រើនមកចូលរួម ព្រោះពួកគាត់មកទីនេះ មិនមែនត្រឹមតែមករត់ទេ គឺនាំទាំងគ្រួសារ មិត្តភ័ក្រ្ដ និងបងប្អូន មកជាមួយផង ចឹងគាត់មក ១០០% គាត់ត្រូវចំណាយ ហេតុនេះធ្វើឲ្យសេដ្ឋកិច្ចបងប្អូនរកទទួលទាន ឬការលក់ដូក្នុងខេត្តសៀមរាប ទទួលបានចំណូលគួរសម្យ ហើយសេដ្ឋកិច្ចជាតិយើង ក៏រីកចម្រើនដែរ...» ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ការកើនឡើងចំនួនអ្នកចូលរួម ទាំងភ្ញៀវជាតិ និងអន្ដរជាតិពេលនេះ ដោយសារប្រទេសកម្ពុជា មានសុខសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ទូទាំងប្រទេស ពិសេសការគាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ទើបធ្វើឲ្យព្រឹត្តិការណ៍កីឡា និងទេសចរណ៍លក្ខណៈអន្ដរជាតិធំៗ ទទួលបានការទាក់ទាញ និងការចូលរួមកាន់តែច្រើន ពីភ្ញៀវបរទេសនៅលើពិភពលោក ។

គួរដឹងថា ទិវារត់ប្រណាំងអន្ដរជាតិ លើកទី២៣នេះ មាន ៣វិញ្ញាសាត្រូវរត់ រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់លក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ ។ គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា ហើយក៏ផ្សាភ្ជាប់នឹងការងារសង្គមផងដែរ ដោយថវិកាទទួលបានពីការរៀបចំ នឹងត្រូវបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ កាកបាទក្រហមកម្ពុជា កុមារកំព្រា និងជនពិការដោយគ្រាប់មីនជាដើម ៕