(ភ្នំពេញ)៖ ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូចេញធ្វើសកម្មភាពឆក់កាបូប រហូតទាល់តែបានសម្រេចយកបានទូរស័ព្ទជាប់ ជី ភី អេស ១គ្រឿង ហើយរត់គេចខ្លួនបាត់ដោយសុវត្ថិភាព នៅខណៈដែលជនរងគ្រោះកំពុងបើកម៉ូតូតាមដងផ្លូវសាធារណៈសុខៗ បានត្រឹមរយៈពេល១ថ្ងៃក្រោយប៉ុណ្ណោះ មានអីជាប់ខ្នោះ នៅក្នុងប្រតិបត្តិការស៉ើបអង្កេត របស់កម្លាំងនគរបាលខណ្ឌឫស្សីកែវ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ។

កិច្ចប្រតិបត្តិការបង្ក្រាបចោរឆក់កាបូបទាំង២នាក់ គឺបានធ្វើឡើងនៅត្រង់ចំណុចក្រុម៤ ភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការដេញបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាចោរឆក់ ខាងលើនេះ បើតាមលោកអធិការខណ្ឌឫស្សីកែវ បានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ សំ សូម៉ាណែត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥១០ ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ថារូបគេ (ជនរងគ្រោះ) បានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅត្រង់ចំណុចក្រុមទី៣ ភូមិលូ សង្កាត់ស្វាយប៉ាក ស្រាប់តែលេចមុខជនសង្ស័យមកធ្វើសកម្មភាពឆក់កាបូប មានផ្ទុកទូរស័ព្ទ១គ្រឿង មានភ្ជាប់ ជី ភី អេស រហូតទាល់តែបានសម្រេច ហើយជិះរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព នៅវេលាម៉ោងប្រមាណជាង០៧ ថ្ងៃទី២៩ ខែវិច្ឆិកា។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ក្រោយពីក្រុមចោរឆក់យកកាបូប យកបានទាំងទូរស័ព្ទរូបគេ មិនបានមកដាក់ពាក្យបណ្ដឹងឡើយ រហូតដល់ព្រឹកថ្ងៃទី៣០ ទើបសម្រេចចិត្តមកសុំស្នើឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមរយៈទូរស័ព្ទ ដែលបានបាត់នោះ មានភ្ជាប់ប្រព័ន្ធ ជី ភី អេស ទើបឈានដល់ការស៉ើបអង្កេតភ្លាមៗ រហូតឃាត់ខ្លួនជនសង្ស័យបាន ក្រោយរត់គេខ្លួនបាត់រយៈពេល១ថ្ងៃ។

លោក គល់ យី បានបញ្ជាក់ថា ជនសង្ស័យជាចោរឆក់កាបូប ដែលបង្ក្រាបបាននៅក្នុងប្រតិបត្តិការស្រាវជ្រាវតាមរយៈ ជី ភី អេស សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន ឈ្មោះ លី រ៉ាហ្សាគីរីន អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ៩ ក្រុម៤ ភូមិខ.១ សង្កាត់ច្រាំងចំរេះ២ និងម្នាក់ទៀតឈ្មោះ រ៉ា ដាវីត អាយុ១៨ឆ្នាំ ស្នាក់នៅក្រុម៥ ភូមិខ.១ សង្កាត់ច្រាំចំរេះទី២។

ក្រោយបង្ក្រាបជនសង្ស័យជាចោរឆក់កាបូបទាំង២នាក់ បច្ចុប្បន្ន បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនិតិវិធី៕