(បន្ទាយមានជ័យ)៖ ថ្ងៃទី០១​ ខែធ្នូឆ្នាំ២០១៨នេះ ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ អ្នកតំណាងរាស្រ្ត​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានជួបសំណេះសំណាលក្នុងពិធីខួប៤៣ឆ្នាំ "​ មិត្តជួបមិត្ត​ "​ ខេមរយានកម្មឆ្នាំទី២ និងទី៣ អតីតសិស្សវិទ្យាល័យវិទ្យាល័យមង្គលបុរី ដើម្បីរម្លឹកពីអនុស្សាវរីយ៍​ក្រោយបែកគ្នាអស់រយះកាល៤៣ឆ្នាំ​ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ​ ដែលមានអ្នកចូលរួមជិត៣០០នាក់មកពីទីចាត់ឆ្ងាយ​ និងក្រៅប្រទេស។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា​ ។

ក្នុងឱកាសនោះដែរ​​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តថា​ :​ យុទ្ធសាស្រ្តឈ្នះ​ ឈ្នះ​​ និងគោលនយោបាយសុខដុមនីយកម្មសង្គមជាតិ​ ដឹកនាំដោយសម្តេចតេជោហ៊ុន​ សែន​ ប្រទេសជាតិមានសុខសន្តិភាព​រីកចម្រើនចាក់ផុតពីប្រទេសក្រីក្រទៅជាប្រទេសដែលមានចំណូលមធ្យមកម្រឹតទាប​ និងកំពុងធ្វើដំណើរឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០​ និងបានលើកតម្កើងកិត្យានុភាពជាតិស្មើមុខស្មើមាត់ជាមួយប្រទេសទាំងអស់នៅលើឆាកអន្តរជាតិ​ ។​ កត្តាទាំងអស់នេះហើយ​ ដែលបានធ្វើឲ្យយើងទាំងអស់គ្នាមានឱកាសមកជួបជុំគ្នានិយាយពីសុខទុក្ខ​ រំលឹកពីអនុស្សាររីយ៍​ បទពិសោធន៍​នានាដែលបានជួបប្រទះក្នុងរយ:កាល៤៣ឆ្នាំកន្លងមកនេះ។

​ ទន្ទឹមនឹងនេះដែរការធ្វើពលិកម្មគ្រប់បែបយ៉ាងការផ្តល់ជាបទពិសោធន៍ល្អៗដើម្បីអប់រំកូនចៅយើងទាំងអស់គ្នាឲ្យក្លាយជាពលរដ្ឋល្អ​មានចំណេះដឹង​ជាធនធានដ៏មានសក្តានុពលសម្រាប់​ចូលរួមជួយកសាងប្រទេសជាតិឲ្យរីកចម្រើនទៅមុខ​គឺជាគុណតម្លៃរបស់យើងទាំងអស់គ្នា។

ជាមួយនឹងភាពសប្បាយរីករាយនឹករលឹកក្នុងឱកាសនេះ​ដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកវត្ថុអនុស្សាវរីយ៍មានក្រម៉ាសូត្រ សារ៉ុង ត្រីងៀត និងថវិកា សម្រាប់ប្រគល់ជូន មិត្តភក្តិ និងលោកគ្រូ​ អ្នកគ្រូ ទាំងអស់ដែលបានចូលរួមផងដែរ។