(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី​ គន់​ គីម​ សមាជិក​គណៈ​អចិន្ត្រៃយ៍​​គណកម្មាធិការកណ្តាល​ នៃគណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណកម្មាធិការកណ្តាល​ ចុះជួយខេត្ត​ឧត្តរមានជ័យ​ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី​ ក្នុងអង្គប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ខែវិច្ចិកា​ និងដាក់ចេញទិសដៅអនុវត្តបន្ត​ របស់គណបក្ស​ប្រជាជនខេត្ត​ឧត្តរមានជ័យ​។

ថ្លែងនៅក្នុងអង្គប្រជុំ​ ទេសរដ្ឋមន្ដ្រី​ គន់​ គីម​ បានលើកឡើងពីលទ្ធផលការងារ ដែលគណបក្សខេត្តសម្រេចបានក្នុងខែកន្លងមក ​ដែលជាការប្រឹងប្រែង អនុវត្តការងាររបស់ក្រុមការងារ​ ថ្នាក់ដឹកនាំគណបក្ស​ និងសមាជិកបក្ស​នៅទូទាំងខេត្ត។

ជាមួយគ្នានេះ​ លោក គន់ គីម ក៏បានលើកសសើរដល់ក្រុមការងារ​ ថ្នាក់ដឹកនាំបក្ស​ និងក្រុមការងារយុវជន​ ដែលកន្លងមកបានយកចិត្តទុកដាក់ ជួយដល់​អតីត​យុទ្ធជន​ ប្រជាជនក្រីក្រ​ និងមានជំងឺ ឬ​​ទទួលមរណភាពបានទាន់ពេល​ និងសូមឲ្យបន្ត​​បង្កើនការងារនេះតទៅទៀត​។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី ​​​ក៏បានណែនាំឲ្យមន្ត្រីគ្រប់ថ្នាក់ ត្រូវបង្កើនប្រសិទ្ធភាពការងារ​ ខិតខំបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ​ឲ្យបានទាន់ពេលវេលា​ តម្លាភាព កុំរើសអើង​ និងត្រូវ​មានសីលធម៌ល្អ។​

ជាចុងក្រោយ​ ​​បានជំរុញឲ្យក្រុមការងារ​ និងគណបក្ស​ខេត្ត ​ស្រុក​ ក្រុង​ ត្រូវបន្តដោះស្រាយបញ្ហាប្រឈម​ ដែលកើតមាននៅ​មូលដ្ឋាន​ និងបញ្ហាសេសសល់ ដែលបានសន្យាជាមួយគាត់កន្លងមក ឲ្យសមនឹងការជឿទុកចិត្តរបស់ប្រជាជនដែលបានបោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា៕