(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្ត នគរបាជ័យ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបចំប្រារព្វមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៨) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួង ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកទាំងពីរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋប្រមាណ១,៥០០នាក់ យ៉ាងច្រើនកុះករ។

ស្ថិតិក្នុងបរិយាកាសសប្បាយរីករាយនេះ លោករដ្ឋមន្រ្តី បានថ្លែងសារទៅកាន់អង្គមីទ្ទីញទាំងមូល ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចចក្រី ហេង សំរិន និងថ្នាក់ដឹកគណបក្សប្រជាជនកម្ពុជា ដែលតែងតែងគិតគូរពីសេចក្តីសុខទុក្ខ និងបញ្ហាជីវភាពរ របស់ប្រជាពលរដ្ឋកម្ពុជា គ្រប់កាលៈទេសៈទាំងអស់ និងសូមជូនពរឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។

ឆ្លៀតយកឱកាសដ៏មហោឡារិកនេះ លោករដ្ឋមន្ត្រី បានរំលឹកជម្រាបជូនអង្គមីទ្ទីញ ដោយសង្ខេបពីប្រវត្តិថ្ងៃ២ ធ្នូ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូ ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ស្ថិតក្នុងស្ថានភាពដ៏លំបាកវេទនា អសន្តសុខសង្គម អសន្តិសុខស្បៀងហើយអ្វីៗ គ្រប់បែបយ៉ាងត្រូវ បានបំផ្លាញស្ទើរគ្មានសល់។

ឃើញច្បាស់ពីបញ្ហានេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឈរលើឆន្ទៈ មនៈសិការស្នេហាជាតិ បង្រួបបង្រួមជាតិ ការពារបូរណភាពទឹកដី និងអភិវឌ្ឍន៍មាតុភូមិដ៏ល្អផូរផង់នេះ បានខិតខំដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង រហូតសម្រេចបានសមិទ្ធផលយ៉ាងធំធេង ដូចយើងមានក្នុងបច្ចុប្បន្ននេះ។ ច្បាស់ណាស់ កម្ពុជាបច្ចុប្បន្នកំពុងបោះជំហានទៅមុខលើមាគារសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

ប្រជាជនកម្ពុជាកំពុងរួមរស់ជាមួយគ្នា យ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ និងសង្គមជាតិ ដោយពុំមានការរើសអើងពីនិន្នាការនយោបាយ ជំនឿសាសនា ឬឋានៈក្នុងសង្គមឡើយ ហើយកំពុងបញ្ចេញអស់កំលាំងកាយចិត្ត ដើម្បីបន្តកសាង ការពារ និងអភិវឌ្ឍន៍មាតុភូមិដ៏បវររបស់ខ្លួនឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងមួយ ប្រកបដោយភាពប្រាកដនិយមថា នឹងគ្មានកើតជាថ្មីនូវសោកនាដកម្មដូចអតីតកាលឡើយ។

ពិតណាស់ស្នាមញញឹម ដែលប្រជាជនមានថ្ងៃនេះ វាស្ថិតក្នុងដំណើរវិវឌ្ឍន៍ដ៏វែងឆ្ងាយមួយ ដោយឆ្លងកាត់ការវិវឌ្ឍន៍ជាច្រើនដំណាក់កាល មានគ្រប់រស់ជាតិអស់រយ:ពេលជាច្រើនឆ្នាំមកហើយ។

លោកបានបញ្ជាក់ថា ក្តីសប្បាយរីករាយ និងភាពសុខដុមរមនានេះ គឺបានមកដោយសារគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រធាន។ ជាសច្ចធម៌ប្រវត្តិសាស្ត្រអ្វីៗ ដែលកម្ពុជាមាននៅពេលនេះ គឺបានមកពីព្រឹត្តិការណ៍ថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧ មករា ហើយមានថ្ងៃ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឆ្លើយតបតាមនិន្នាការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទងនៅក្នុងតំបន់ និងក្នុងពិភពលោក ជាពិសេសការរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យជាអាទិ៍វិស័យសេដ្ឋកិច្ច សង្គមកិច្ច កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏រឹងមាំ និងយូអង្វែង។

ផែនការ និងគោលនយោបាយអភិវឌ្ឍន៍ទាំងអស់នេះ គឺបាននិងកំពុងប្រឹងប្រែងអនុវត្តន៍យ៉ាងសកម្ម គ្មានឈប់ឈរ ដើម្បីឆ្លើយតប ទៅតាមកំណើនសេដ្ឋកិច្ចជាតិ កំណើនសេដ្ឋកិច្ចគ្រួសារ តាមរយៈការបង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងចំំណាកស្រុក។

ដើម្បីតបស្នងសងគុណនូវគុណូបការដ៏ថ្លៃថ្លានេះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋខិតខំថែរក្សា ឲ្យបានគង់វង្សនូវសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាន និងជាពិសេសត្រូវរួមសាមគ្គីគ្នា ការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍៕