(នេប៉ាល់)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ បានបង្ហាញមោទនភាពដែលសម្ដេច សម្រេចលទ្ធផលការងារ​ជាវិជ្ជមាន នៅប្រទេសនេប៉ាល់ បើទោះបីសម្ដេចស្នាក់នៅទៅនោះត្រឹមរយៈពេលខ្លីក៏ពិតមែន។

សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រ Facebook ផ្លូវការបានបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃនេះ សម្ដចនឹងដឹកនាំគណៈប្រតិភូវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ព្រោះសម្ដេចនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើនៅក្នុងប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «​​ក្រោយពីប្រជុំកំពូល​អាស៊ី-ប៉ាស៊ីហ្វិកនៅព្រឹកថ្ងៃទី​១ ធ្នូ​នេះរួចហើយ ខ្ញុំនឹងដឹកនាំគណប្រតិភូ វិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ព្រោះមានកិច្ចការប្រទេសជាតិ ជាច្រើនដែលកំពុងរង់ចាំខ្ញុំ។ ទោះបីរយៈពេលស្នាក់នៅខ្លីនៅនេប៉ាល់ក៏ពិតមែន តែយើងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ដែលជាទីមោទនៈរបស់ជាតិទាំងមូល។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នា»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិទ្រីប៊ូវ៉ាន់ ក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ កាលពីវេលាម៉ោង ១១៖២៥នាទី ម៉ោងនៅក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ ត្រូវនឹងម៉ោង ១២៖៤០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោងនៅរាជធានីភ្នំពេញ។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោក អ៊ីសវ៉ា ប៉ូក្រែល (Ishwar Pokhrel) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនេប៉ាល់ លោក Khaga Nath Adhikari ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំនៅកម្ពុជា លោក អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់កម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ព្រមទាំងវត្តមានលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលនេប៉ាល់ និងឥស្សរជនការទូតរបស់ព្រះរាជាណា ចក្រកម្ពុជាជាច្រើនរូប៕