(ភ្នំពេញ)៖ ក្រុមអតីតគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ គាំទ្រដល់គោលជំហររបស់ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងនេះ ដែលមិនទទួលស្គាល់ សន្និសីទនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដែលរៀបចំដោយ ក្រុមរបស់លោក សម រង្ស៉ី។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមអ្នកគាំទ្រលោក កឹម សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរៀបចំសន្និសីទ នៅទីក្រុងអាត្លង់តា ថ្ងៃទី០១-០២ ខែធ្នូ ខាងមុខនេះ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា អ្នកគាំទ្រ និងថ្នាក់ដឹកនាំមួយចំនួន ដែលជាអតីតមកពីគណបក្សសមរង្ស៉ី បានចាកចេញ និងបោះបង់ចោលគណបក្សសង្រ្គោះជាតិ ដោយចំហរ ដើម្បីទៅចូលរួមក្នុងចលនាសង្រ្គោះជាតិរបស់ លោក សម រង្ស៉ី»

ក្រុមអ្នកគាំទ្រលោក កឹម សុខា ក៏បានអំពាវនាវឱ្យសមាជិក អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិទាំងអស់ តាមដានសកម្មភាពសន្និសីទនេះ ដែលចាត់ទុកថា ជាការបំបែកបំបាក់ខ្មែរនៅក្រៅស្រុក និង ស្មារតីអតីតគណបក្សសង្រ្គោះជាតិ។

សូមបញ្ជាក់ថា នាថ្មីៗនេះ លោក ចាន់​ ចេន មេធាវីរបស់លោក កឹម សុខា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ រក្សាជំហរមិនគាំទ្រចំពោះសន្និសីទដែលរៀបចំដោយ ក្រុមរបស់លោក សម រង្ស៉ី ​នៅសហរដ្ឋអាមេរិកនោះទេ។

លោក ចាន់ ចេន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីទទួលបានព័ត៌មានថា មានការរៀបចំសន្និសីទនៅសហរដ្ឋអាមេរិកហ្នឹង ហើយចំពេលដែលខ្ញុំបានចូលសួរសុខទុក្ខគាត់ (លោក កឹម សុខា) នៅគេហដ្ឋាន នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ខ្ញុំក៏បានជម្រាបគាត់អំពីរឿងនេះ។ ខ្ញុំបានសួរគាត់ថា មានបានដឹងទេ? ហើយកូនក្តីរបស់ខ្ញុំក៏បានជម្រាបប្រាប់មកវិញ គាត់អត់បានដឹងឮអ្វីទាំងអស់ ហើយក៏អត់គាំទ្រសកម្មភាពហ្នឹងដែរ»

ការអះអាងរបស់មេធាវីរបស់ លោក កឹម សុខា បានធ្វើឡើង បន្ទាប់ពីសមាជិក អតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសដែលស្ម័គ្រស្មោះនឹងលោក សម រង្ស៉ី បាន​ប្រកាស​ថា ពួកគេនឹងរៀបចំសន្និសីទធំមួយ នាថ្ងៃទី០១ -០២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក​។ពួកគេក៏រៀបចំវេទិកាសាធារណៈមួយទៀត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោក សម រង្ស៊ី ផងដែរ៕