(ភ្នំពេញ)៖ រថយន្ដដឹកទំនិញធុនធំ ត្រូវផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចាប់ពីវេលាម៉ោង៨ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ចាប់ពីស្ពានព្រែកតាមាក់ (ខាងផ្លូវជាតិលេខ៦) កាត់តាមផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ៧ ចាប់ពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដល់ស្រុកស្នួល ​ខេត្តក្រចេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់គណៈប្រតិភូ និងអ្នកចូលរួម ទៅកាន់ទីតាំងប្រារព្ធពិធីនៅវិមានអនុស្សាវរីយ៍ ២ធ្នូ ស្ថិតក្នុងស្រុកស្នូល។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ននេះ ត្រូវបានធ្វើឡើងក្រោមការណែនាំពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានអះអាងថា ការផ្អាកចរាចរណ៍ចាប់ពីចំណុចស្ពានព្រែកតាមាក់ ស្ថិតនៅផ្លូវជាតិលេខ៦ កាត់តាមផ្លូវជាតិលេខ៨ រហូតដល់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ និងបន្ដបិទផ្លូវជាតិលេខ៧ ចាប់ពីស្រុកពញាក្រែង រហូតដល់ស្រុកស្នូល ​ខេត្តក្រចេះនេះ នឹងធ្វើអនុវត្តចាប់ពីម៉ោង៨ព្រឹក ថ្ងៃទី០១​ ខែធ្នូ រហូតដល់វេលាម៉ោង៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងន័យសម្រួលចរាចរណ៍ និងការធ្វើដំណើរ របស់គណៈប្រតិភូ មន្ដ្រី និងអ្នកដែលទៅចូលរួមកម្មវិធី​អបអរសាទរ «រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា» ដែលប្រារព្ធធ្វើនៅ វិមាន​រម្លឹក​អនុស្សាវរីយ៍ ​នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​នៅ​ភូមិ​២​ធ្នូ ​ឃុំ​ជើង​ឃ្លូ ស្រុក​ស្នួល ខេត្តក្រចេះ។

បើតាមលោកឧត្តមសេនីយ៍ មិនថាតែសម្រាប់រថយន្តដឹកទំនិញធុនធំទេ ប៉ុន្តែក្នុងនោះក៏ត្រូវហាមឃាត់រថយន្តដឹកដី ដឹកខ្សាច់ និងដឹកថ្មជាដើម ខណៈដែលគណៈប្រតិភូនឹងធ្វើដំណើរ តាមផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ៧ (ចាប់ពីស្រុកពញាក្រែក ដល់ស្រុកស្នូល) នេះ។ ដោយឡែកសម្រាប់រថយន្ត ដឹកអ្នកដំណើរទាំងអស់ មិនត្រូវបានហាមឃាត់នោះឡើយ ពោលអាចធ្វើដំណើរបាន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក៏ដូចជា សម្ដេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន ក៏សូមអំពាវនាវដល់ម្ចាស់អាជីវកម្មរថយន្ដធុនធំ មានការយោគយល់ខ្ពស់ចំពោះការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នខាងលើនេះ។

បើតាមលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ចាប់ពីព្រឹកនេះ កម្លាំងនគរបាលចរាចរណ៍របស់លោក នឹងចុះល្បាតនៅតាមដងផ្លូវ ដើម្បីទប់ស្កាត់កុំឲ្យមានការធ្វើដំណើរឆ្លងកាត់ និងណែនាំដល់ម្ចាស់រថយន្ដដឹកទំនិញទាំងអស់ អំពីបញ្ហានេះ។

សូមជម្រាបថា ២​ធ្នូ ឆ្នាំនេះ​ គឺជាខួប៤០ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨) ដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្លាំងយុវជនរងការធ្វើទុក្ខម្នេញ និងជិះជាន់យ៉ាងវេទនា ពីរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត ខៀវ សំផន និង អៀង សារី បានរួបរួមពូនកម្លាំងគ្នា ជាធ្លុង ដើម្បីផ្តួលនូវដ៏យង់ឃ្នង និងសម្លាប់រង្គាលមួយនេះ ហើយក៏ជាជំហានស្រោចស្រង់កម្ពុជាចេញពីគំនរផេះផង់មករកភាពរីក​ចម្រើន នាពេលបច្ចុប្បន្នផងដែរ។

ពិធីដ៏អធឹកអធមខាងលើនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សរាប់ម៉ឺននាក់ផងដែរ៕