(នេប៉ាល់)៖ នៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏ដូចជាប្រតិភូនៃអាស៊ីប៉ាស៊ីហ្វិក បានអញ្ជើញចូលរូមក្នុងពិធីលៀងសាយភោជន៍ ជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលរៀបចំដោយ លោក ខាត់ហ្កា ប្រាសាទ ស្សាម៉ា អូលី នាយករដ្ឋមន្រ្តីនេប៉ាល់ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ២០១៨។

ពិធីលៀងសាយភោជន៍នោះ ក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសអន្តរជាតិ និងតំណាងអង្គការនានា មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។

ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ ប្រធានគណៈកម្មការនៃកិច្ចប្រជុំ ក្នុងនាមនាយករដ្ឋមន្រ្តីនេប៉ាល់ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ២០១៨ មានថ្លែងថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជននេប៉ាល់ សូមសំដែងនូវមនោសញ្ចេតនារំភើបរីករាយជាអនេក ក្នុងការបដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏ដូចជាប្រតិភូនៃអាស៊ី-ប៉ាស៊ីហ្វិក ដែលបានឆ្លើយតបតាមការ អញ្ជើញរបស់ថ្នាក់ដឹកនាំ ប្រទេសនេប៉ាល់ អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ២០១៨ នៅលើទឹកដីដ៏ពិសិដ្ឋកំណើតព្រះពុទ្ធដ៏មានអាយុ កាលដ៏យូរលង់ណាស់មកហើយនោះ។

លោកប្រធានបានថ្លែងបន្តថា ប្រជាជននេប៉ាល់ សូមធ្វើបដិសណ្ឋារកិច្ចដោយស្មោះបំផុត ជូនចំពោះគណះប្រតិភូទាំងអស់ ដែលមានវត្តមានស្នាក់ អាស្រ័យ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១ធ្នូ ដើម្បីធ្វើ ការពិភាក្សាទៅលើប្រធានបទ នៃកិច្ចប្រជុំកំពូល គឺការដោះស្រាយបញ្ហាប្រឈមដ៏សំខាន់បំផុត នៅក្នុងយុគសម័យរបស់យើង ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល។

លោកប្រធានក៏បានប្រសិទ្ធពរ និងជូនពរដល់បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណះប្រតិភូទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពូលាំងមាំមួន ក្នុងឱកាសនៃការស្នាក់អាស្រ័យ នៅលើទឹកដីដ៏ពិសិដ្ឋនេះ ពិសេសការខិតខំរកដំណោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ក្នុងនោះរួមមានភាពក្រីក្រ អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង ការធ្លាក់ចុះ និងការបាត់បង់សីលធម៌រស់នៅ ការផ្លាស់ទីលំនៅដោយបង្ខំ គ្រោះមហន្តរាយធម្មជាតិ និងការ ប្រកួតប្រជែងផ្នែកសញ្វវុធ ដែលកំពុងគំរាមកំហែងដល់សន្តិសុខ និងភាពសុខដុមរមនានៃ សហគមន៍ពិភពលោក។

លោកប្រធានគណៈកម្មការបានបន្តថា បញ្ហាប្រឈមទាំងអស់នោះ អាចនិងត្រូវបានដោះស្រាយ ដោយផ្អែកលើចក្ខុវិស័យនៃការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ តាម រយះការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកគត្តិបណ្ឌិត និងការយល់ឃើញរបស់ថ្នាក់ដឹកនាំទាំងឡាយ ដែលមានការប្តេជ្ញាចិត្តក្នុងការកសាងពិភពលោកមួយ ប្រកបដោយការអធ្យាស្រ័យគ្នាទៅវិញទៅមក សន្តិភាពប្រកបនិរន្តរភាព និងវិបុលភាពសម្រាប់មនុស្សទាំងអស់៕