(សៀមរាប)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមាគមមិត្តភាពអាស៊ាន ជប៉ុន សតវត្សរ៍ទី២១ (Asean-Japan Friendship Association 21th Century) សមាគមអតីតកម្មសិក្សាការី ចៃកា (JICA) កម្ពុជា បានរៀបចំវេទិកា អ្នកដឹកនាំតំបន់លើកទី២៤ នៅក្នុងសៀមរាប ដើម្បីធ្វើការរៀបចំដំណើរការប្រជុំពិភាក្សាសំដៅស្វែងរកនូវដំណោះស្រាយ លើបញ្ហាប្រឈមរួមនានា។

ពិធីនេះស្ថិតក្នុងអធិបតីភាពរបស់ លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ស៊ីនណូហារ៉ា យូជិ តំណាងអង្គការ JICA ប្រចាំកម្ពុជា, លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប, លោក អៀង អូននី ប្រធានសមាគមអតីតកម្មសិក្សាការីចៃកា កម្ពុជា ដែលមានការចូលរួមសរុបប្រមាណជា ២០០នាក់ ពីសមាគមអតីតកម្មសិក្សាការី ចៃកា (JICA) នៃបណ្ដាប្រទេសអាស៊ានទាំង១០ ដើម្បីធ្វើការរៀបចំដំណើរការប្រជុំពិភាក្សាសំដៅស្វែងរកនូវដំណោះស្រាយ លើបញ្ហាប្រឈមរួមនានា ដែលបណ្ដាប្រទេសនានាកំពុងជួបប្រទះ ជាពិសេសការប្រឈមរបស់បណ្ដាប្រទេស ក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ផងដែរ។

លោកបណ្ឌិត អៀង អូននី ប្រធានសមាគម អតីតកម្មសិក្សាការី JICA កម្ពុជា បានឲ្យដឹងថា វេទិកាអ្នកដឹកនាំតំបន់ (Regional Leader From) ជារបៀបវារៈមួយក្នុងចំណោមរបៀបវារៈផ្សេងទៀតរបស់សមាគមមិត្តភាពអាស៊ាន-ជប៉ុន សតវត្សរីទី២១ ដែលត្រូវរៀបចំឡើងដោយសមាគម នៃប្រទេសសាម៉ី ដែលជាសមាជិកដែលដើរតួនាទីតាមអក្ខរក្រម នៃឈ្មោះប្រទេសនីមួយៗ និងបានការចូលរួមពីបណ្ដាសមាគមអតីតកម្មសិក្សាការី ចៃកា នៃបណ្ដាប្រទេសអាស៊ានទាំង១០ ដើម្បីធ្វើការរៀបចំដំណើរប្រជុំពិភាក្សាសំដៅស្វែងរកនូវដំណោះស្រាយលើបញ្ហាប្រឈមរួមនានាដែលបណ្ដាប្រទេសនានាកំពុងជួបប្រទះ ជាពិសេសការប្រឈមរបស់បណ្ដាប្រទេសក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។

លោកបានបន្ថែមថា វេទិកានេះ មានលក្ខណៈសក្តិសមបំផុត ស្របទៅតាមនិន្នាការប្រឈម នៃការប្រែប្រួលអាកាសធាតុសាកល ដែលអ្នកដឹកនាំ នៃពិភពលោកកំពុងតែខ្វាយខ្វល់រកដំណោះស្រាយ និងកាន់តែមានលក្ខណៈសមស្របទៅនឹងទីកន្លែងរៀបចំនេះ ដោយសារខេត្តសៀមរាប ធ្លាប់ជារាជធានី នៃចក្រភពខ្មែរ នាសតវត្សរ៍ទី៩ ដែលជាទឹកដីអច្ឆរិយៈ នៃវប្បធម៌ដែលអរិយធម៌បានរីកចម្រើនឡើងដល់កំពូល និងបច្ចុប្បន្នបានក្លាយជាគោលដៅទេសចរណ៍ពិភពលោកចំនួន១០ លើសគេក្នុងពិភពលោក។

លោកបានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៨នេះ ប្រទេសជប៉ុន បានផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ODA (Official Development Assistance) ដល់ប្រទេសកម្ពុជានូវទឹកប្រាក់ប្រមាណ ២០% នៃជំនួយ ODA ដែលកម្ពុជាទទួលបាន ដែលធ្វើឲ្យជប៉ុន ក្លាយជាប្រទេសដែលផ្ដល់ជំនួយធំជាងគេដល់កម្ពុជា ដោយបានវិនិយោគដោយត្រង់នៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ, ការគ្រប់គ្រងប្រព័ន្ធរំដោះទឹកភ្លៀង, ការគ្រប់គ្រងចរាចរណ៍, ការសម្អាតមីន, និងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយសារអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។

ទន្ទឹមនិងនេះ ប្រទេសជប៉ុន ក៏បានរួមចំណែកដល់ការអភិវឌ្ឍន៍រយៈពេលយូរ តាមរយៈការជួយការកសាងសមត្ថភាពស្ថាបន ធនធានមនុស្ស នីតិរដ្ឋ និងប្រជាធិបតេយ្យ ។ល។ គិតត្រឹមឆ្នាំ២០១៧ មាននិស្សិតកម្ពុជា ប្រមាណ ១១០០នាក់ បានបញ្ចប់ការសិក្សាកម្រិតខ្ពស់ និងមានកម្មសិក្សាការីប្រមាណ ៥,៧០០នាក់ផ្សេងទៀត បានទទួលការបណ្ដុះបណ្ដាលកម្មសិក្សាពីប្រទេសជប៉ុន ពួកគាត់កំពុងតែធ្វើការយ៉ាងសកម្ម ក្នុងការស្ដារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ទាំងក្នុងវិស័យឯកជន ស្ថាបនរដ្ឋ និងជាសហគ្រិន។

ក្នុងនោះលោក លេង វី បានបញ្ជាក់ថា ដោយឡែកអង្គការចៃកា រដ្ឋភិបាលក៏ដូចជាប្រជាជនជប៉ុន ក៏បានយកចិត្តទុកដាក់គាំទ្រ និងសហការយ៉ាងល្អប្រសើរជាមួយក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា និងការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរាជការស៊ីវិលនៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមនិងបានបញ្ជូនមន្ត្រីទៅសិក្សាដកបទពិសោធន៍ដោយផ្ទាល់នៅប្រទេសជប៉ុនផងដែរ។

ជាក់ស្ដែងនៅឆ្នាំ២០១៣ ប្រទេសទាំងពីរ បានបង្កើតភាពជាដៃគូរដល់កម្រិតជាដៃគូយុទ្ធសាស្ត្រនៅចំឆ្នាំខួបទី៦០ នៃចំណងការទូត ហើយចំពោះនៅក្នុងកម្រិតអាស៊ាន ជប៉ុន ក៏បានដើរតួនាទីចម្បង ក្នុងនាមជាអ្នកជិតខាងល្អ ជាដៃគូរ និងជាអ្នកគាំទ្រដល់យន្តការនានា ក្នុងការពង្រឹងសមត្ថភាពផលិត និងទីផ្សារបស់អាស៊ាន ក៏កំពុងបេសកកម្មជម្រុញឲ្យការធ្វើសមាហរណកម្មអាស៊ានទាំងចាស់ទាំងថ្មី និងអាស៊ាន ជប៉ុន ឲ្យបានប្រកបដោយជោគជ័យ។ ជាក់ស្ដែង មានកម្មវិធីផ្ដោះប្ដូរទស្សនកិច្ចចំនួន២ ដែលបានអនុវត្តជាប្រចាំនោះ គឺកម្មវិធីនាវាសម្រាប់យុវជនអាស៊ាន ជប៉ុន (The Ship for Southeast Asian and Japanese Youth Program) និងកម្មវិធីបណ្ដាញជប៉ុនអាស៊ីខាងកើត នៃការផ្ដោះប្តូរគ្នាសម្រាប់និស្សិត និងយុវជន (Japan-East Asia Network of Exchange for Student and Youth)។

លោកបានបន្តថា វេទិកានេះ នឹងអាចរកឃើញនូវបញ្ហាប្រឈមនានា ក៏អាចឲ្យអតីតកម្មសិក្សាការីទាំងអស់ អាចធ្វើការផ្ដោះប្ដូរយោបល់គ្នា ដើម្បីអាចឆ្លើយតបបានជាមួយបញ្ហាប្រឈមនានា ដែលកំពុងកើតមាននៅក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ ហើយអតីតកម្មសិក្សាការីចៃកា អាស៊ានទាំងអស់ រួមជាមួយ AFAJA ២១ ក៏ដូចជាអង្គការចៃកា នឹងបន្តគាំទ្រឲ្យមានវេទិកាបែបនេះ ជាបន្តបន្ទាប់ ដើម្បីឲ្យយន្ដការ នៃកិច្ចសហប្រតិបត្តិការ អាស៊ាន ជប៉ុន កាន់តែទូលំទូលាយ និងអាចបាននូវផលប្រយោជន៍បម្រើឲ្យប្រទេសទាំងអស់៕