(កូឡាឡាំពួរ-ម៉ាឡេស៉ី)៖ ឆ្លើយតបនឹងសំណួររបស់ការី នៃអង្គភាពព័ត៌មាន Fresh News លោក Riad Asmat អគ្គនាយកក្រុមហ៊ុន Air Asia ប្រចាំប្រទេសម៉ាឡេស៉ី បានថ្លែងថា ឆ្នាំ២០១៨នេះ ជើងហោះហើរត្រង់ ពីម៉ាឡេស៉ីទៅកម្ពុជា និងពីកម្ពុជាទៅម៉ាឡេស៉ី មានការកើនឡើងខ្ពស់រហូតដល់ ១៧,៥% បើធៀបនឹងឆ្នាំ២០១៧។

ការអះអាងរបស់ លោក Riad Asmat បានធ្វើឡើងក្នុងឱកាសដែលក្រុមហ៊ុនរបស់លោក បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា​​ ឲ្យជួបសំណេះសំណាល និងទស្សនាក្រុមហ៊ុន Air Asia និងប្រទេសម៉ាឡេស៊ី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានេះ ក្នុងប្រទេសម៉ាឡេស៉ី។

ក្នុងកិច្ចសំណេះសំណាលជាភាសាអង់គ្លេសរយៈពេលជាង១ម៉ោង នៅទីស្នាក់ការធំបំផុតឈ្មោះថា Red Q លោកអគ្គនាយករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំនួនអ្នកធ្វើដំណើរ ដែលប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន នៃការហោះហើរត្រង់ ម៉ាឡេស៉ី-កម្ពុជា​ គឺកើនឡើងយ៉ាងខ្លាំង»។

លោក Riad Asmat បានឲ្យដឹងទៀតថា ចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០១៨ ចំនួននៃការកើឡើង របស់អ្នកធ្វើដំណើរមាន ១៧,៥% ដែលក្នុងនោះ ប្រជាជនកម្ពុជាកើនឡើងចំនួន៤៣,៥% ប្រជាជនមាឡេស៉ីកើនឡើង១៩,៩% និងប្រជាជនថៃកើនឡើង ២៤,១% ។ លោកបានបន្តថាចំនួននេះ គឺរាប់តែការហោះហើរត្រង់ពី ភ្នំពេញ-បាំងកក-កូឡាឡាំពួរ, សៀមរាប-បាំងកក-កូឡាឡាំពួរ និង ព្រះសីហនុ-កូឡាឡាំពួរ តែប៉ុណ្ណោះ។

សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបលើពិភពលោក​ Air Asia បានបង្កើតឲ្យមានជើងហោះហើរត្រង់ ពីប្រទេសកម្ពុជា មានចំនួន៣រួចហើយ រួមមាន៖ ភ្នំពេញ-កូឡាឡាំពួរ, សៀមរាប-កូឡាឡាំពួរ និងសីហនុ-កូឡាឡាំពួ៕