(ភ្នំពេញ)៖ នៅថ្ងៃទី០៧​ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនការ ជំនុំជម្រុះលើសំណុំរឿងមេសហជីពធំៗ ចំនួន០៦រូប នៅកម្ពុជា។ នេះបើតាមលិខិតរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

តាមលិខិតលោក លី សុផាណា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលអញ្ជើញលោក ជួង ជូងី មេធាវីការពារសិទ្ធិលោក អាត់ ធន់ និងលោក ប៉ាវ ស៊ីណា បានឱ្យដឹងថា មេសហជីពដែលត្រូវបើកសវនាការនៅថ្ងៃទី០៧ ខែធ្នូនោះ មានដូចជា លោក អាត់ ធន់, លោក ម៉ម ញឹម, លោក ប៉ាវ ស៊ីណា, លោក ជា មុនី, លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ។

មេសហាជីពទាំងនេះ ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សាដោយចេតនាមានសន្ថានទម្ងន់ទោស, បទធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស, បទគំរាមកំហែងថា នឹងធ្វើឱ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងបទប្រើមធ្យោបាយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដែលប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ាល់ ផ្លូវវ៉េងស្រេង កាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញាតិ្តច្បាប់មាត្រា២១៨, មាត្រា៤១១, មាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងពាក់ព័ន្ធ បញ្ចប់រឿងក្ដីក្ដាំជាមួយសហជីពទាំងអស់នៅតុលាការ ត្រឹមឆ្នាំ២០១៨ ក្នុងនោះសម្ដេចក៏បានជំរុញដល់មេសហជីពទាំងអស់ ដែលកំពុងមានក្តីក្តាំនៅតុលាការ ត្រូវបញ្ជូនសំណើដោះស្រាយបញ្ហាទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ៕