(ភ្នំពេញ)៖ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពីមូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច ​​នៅរសៀលថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ថាច់ ឃន រដ្ឋលេខាធិការ ​តំណាង​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាន​ប្រាប់សិក្ខាកាម ដែលបញ្ចប់វគ្គបណ្តោះបណ្តាលថា មន្ត្រីអធិការកិច្ចត្រូវពង្រឹងសមត្ថភាព ដើម្បីធ្វើជាកម្លាំងចលករដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការកែទម្រង់ឥតរាថយ ដើម្បីពង្រឹងអភិបាលកិច្ចល្អ​។

ដើម្បីសម្រេចគោលដៅនេះ មន្ត្រីទាំងអស់ត្រូវតែមានភាពច្បាស់លាស់ ស្មោះត្រង់ និងការជឿជាក់លើសមត្ថភាព តាមរយៈនៃការបណ្តុះបណ្តាល ទាំងក្នុងមូលដ្ឋានមានស្រាប់ និងសមាហរណកម្មនៅក្រៅប្រទេសផងដែរ​។ នេះបើតាមការឲ្យដឹងពីលោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ នៅក្រោយបញ្ចប់ពីធិបិទវគ្គ នៅទីស្តីការក្រសួង។

លោក ណុប ចាន់ណារិន្ទ បានឲ្យដឹងថា បើតាមរបាយការណ៍របស់លោកបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច នៃក្រួសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពីមូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ចនេះ​ បានសិក្សានូវមេរៀនសំខាន់ៗ ចំនួន៦ជាគន្លឹះ រួមមាន៖ ទស្សនៈទូទៅ នៃការការងារអធិការកិច្ច, ស្ថាប័នអធិការកិច្ច និងមន្ត្រីអធិការកិច្ច​, ច្បាប់​ និងលិខិតបទដ្ឋានក្នុងសកម្មភាពអធិការកិច្ច​, ភារកិច្ច និងសិទ្ធអំណាចរបស់មន្ត្រីអធិការកិច្ច, បណ្តឹង និងបែបបទ នៃការដោះស្រាយបណ្តឹង​។

ក្នុងនាមឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន, លោក ថាច់ ឃន បានថ្លែងអំណរដល់គ្រូឧទ្ទេសនាម ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់សិក្ខាកាម ក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ​។

លោក​បន្តថា លទ្ធផលថ្ងៃនេះ ជាសមទ្ធិផលថ្មីមួយបន្ថែមទៀត ដែលបានកើតចេញពីការយកចិត្តទុកដាក់ពី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បើទោះជាក្រសួងមិនមានថវិកាគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ក្នុងវគ្គបណ្តុះបណ្តាលបឋមនេះ​ក៏ពិតមែន ​តែដើម្បីប្រសិទ្ធិភាពការងារ និងដើម្បីធ្វើឲ្យក្រសួង​ សម្បូរទៅដោយធនធានមនុស្ស​ដាច់ខាត ត្រូវតែខិតខំធ្វើឲ្យមានការបណ្តុះបណ្តាលនៅនឹងកន្លែងផង និងនៅក្រៅប្រទេស។

ដូចនេះ លោកបានណែនាំ​ឲ្យមន្ត្រី​ត្រូវយកចំណេះដឹងទាំងនេះ ទៅប្រើប្រាស់ឲ្យចំទិសដៅ ដើម្បីធ្វើជាសេនាធិការ ឲ្យថ្នាក់ដឹកនាំក្រសួង ស្របតាមយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៦នេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានជំនឿទុកចិត្តពីប្រជាជន​បន្ថែមទៀត​។ ក្នុងនោះមន្ត្រី​ទាំងនៅថ្នាក់ក្រសួង និងនៅថ្នាក់រាជធានី-ខេត្ត ត្រូវបន្តសកម្មភាព ដោយជំហរទទួលខុសត្រូវខ្ពស់ កុំស្ពឹកស្រពន់ ត្រូវចេះក្តាប់ព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច ពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលទាក់ទងទៅនឹងស្ថាប័ន​ ដើម្បីចុះជួយប្រជាជនឲ្យបានទាន់ពេលវេលា៕​