(កំពង់ចាម)៖ ក្រោយពីទទួលបានពត៌មាន​ អំពីបទល្មើសនេសាទខុសច្បាប់ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្ដបង្ក្រាបបទល្មើសនេសាទ នៅឃុំខ្ចៅ ស្រុកកងមាស។

របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំង​នគរបាលស្រុកកងមាស សហការជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ចៅ​ ក្រុមប្រឹក្សាឃុំ ប្រជាការពារឃុំ​ និងសហគមន៍នេសាទ ដឹកនាំដោយលោក​ សែម​ បាន​ ក្រុមប្រឹក្សាឃុំ​ខ្ចៅ​ ដោយមានការចង្អុលបង្ហាញពីលោក​ មឿន​ ផា​ អភិបាល​ស្រុកកងមាស​ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់​ នៅចំណុចបឹងB៦​ ឃុំខ្ចៅ ស្រុកកងមាស​។

របាយការណ៍បន្ថែមថា ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញដកហូតបាន លូស្បៃមុង​ ចំនួន​​២៥​មាត់, របាំងស្បៃមុង​ ប្រវែង​៦៥០​ម៉ែត្រ, បង្គោលចម្រុះ​ ចំនួន​​១៥០​​ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិ​ ចំនួន​២០០​គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាង បានសហការដុត​បំផ្លាញចោល​នៅនឹងកន្លែង ដោយមានការឯកភាពពី​ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕