(សៀមរាប)៖ លោកបណ្ឌិត លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរអប្សរា បានសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ រៀបចំកម្មវិធីអប់រំបេតិកភណ្ឌមួយ សម្រាប់សិស្សានុសិស្ស នៃសាលាបឋមសិក្សាប្រាសាទបន្ទាយសំរ៉ែ នៅក្នុងឧទ្យានអង្គរ ក្នុងឱកាសខួបទី១០ឆ្នាំ នៃការបង្កើតកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញខ្មែរ ខាងវិស័យអភិរក្ស និងជួសជុលចម្លាក់ថ្មរបស់អង្គការ GIZ នៅតំបន់អង្គរ។

កម្មវិធីនេះប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ ដោយមានការចូលរួមក្រោមវត្តមានលោកបណ្ឌិត លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រុមអ្នកជំនាញអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងអ្នកសម្របសម្រួលបច្ចេកទេសបរទេស២រូប គ្រូបង្វឹក៣រូប សិស្សានុសិស្ស នៃសាលាបឋមសិក្សាប្រាសាទបន្ទាយសំរ៉ែចំនួន ៥០នាក់ និងលោកគ្រូអ្នកគ្រូ៥រូបផងដែរ។

ការរៀបចំកម្មវិធីនេះឡើង គឺក្នុងបំណងផ្តល់សញ្ញាណខ្លះៗ អំពីកិច្ចការអភិរក្សចម្លាក់ថ្មប្រាសាទ តាមរយៈការបង្ហាញផ្ទាល់នៅប្រាសាទបន្ទាយសំរ៉ែ និងណែនាំអំពីរបៀបថែទាំងចម្លាក់ដោយប្រើសម្ភារៈ និងឧបករណ៍សម្អាត ជួសជុល។ល។ ក្រៅពីនេះ អ្វីដែលសំខាន់នោះសម្រាប់កម្មវិធីនេះ គឺបណ្តុះគំនិតស្រឡាញ់ និងចូលរួមថែរក្សាមរតកដូនតាខ្មែរដល់ប្អូនៗសិស្សានុសិស្សដែលរស់នៅក្បែរប្រាសាទបុរាណ។

ទាក់ទងនឹងចំណុចបណ្តុះស្មារតីស្រឡាញ់ និងចូលរួមថែរក្សាប្រាសាទក្នុងតំបន់អង្គរនេះដែរ លោកប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានពន្យល់ដល់ប្អូនៗសិស្សានុសិស្សថា «ហេតុអ្វីបានជាយើងត្រូវការថែរក្សាការពារមរតកដូនតារបស់យើង ជាពិសេសប្រាសាទ និងរូបចម្លាក់នៅតាមប្រាសាទ? ព្រោះថា មនុស្សរស់ត្រូវការរបស់ពីរសំខាន់៖ ទី១ មធ្យោបាយដើម្បីរស់ ដូចជាអាហារ ថ្នាំសង្កូវ សម្លៀកបំពាក់ និងជម្រក។ល។ ទី២ គឺវប្បធម៌ បើមនុស្សរស់គ្មានវប្បធម៌ មនុស្សនឹងមិនដឹងពូជពង្ស មិនដឹងដូនតានៅឯណាមកពីណា ដូនតាបានធ្វើអ្វីខ្លះនោះទេ»

លោកបណ្ឌិតបន្តទៀតថា «ដូនតាខ្មែរបានសង់ប្រាសាទជាមរតកវប្បធម៌ ដើម្បីសម្គាល់ថា យើងជាខ្មែរ យើងមានពូជពង្សវង្សត្រកូលជាអ្នកសង់ប្រាសាទ មានអារ្យធម៌ខ្ពង់ខ្ពស់ ចុះបើយើងមិនស្រឡាញ់ មិនចូលរួមថែរក្សាការពារ ថ្ងៃអនាគត មរតកដូនតាយើងកាន់តែខូចខាត និងឈានទៅរកការបាត់បង់ ហើយពេលនោះហើយ ដែលកូនចៅយើងជំនាន់ក្រោយៗមកទៀត នឹងមិនដឹងថាដូនតាយើងជាអ្នកណា បានសាងអ្វីខ្លះ មានអារ្យធម៌ដូចម្តេចទេ?»

បន្ថែមពីនោះ លោកបណ្ឌិត លី វណ្ណា ក៏បានរំឭកដែរថា នៅសម័យអង្គរ ដូនតាតែងតែក្រើនរំឭកទូន្មានដល់កូនចៅឲ្យស្រឡាញ់ ថែរក្សាប្រាសាទ និងមរតកបុរាណដទៃទៀត តាមរយៈសិលាចារឹកនៅលើថ្មប្រាសាទជាមួយ នឹងបំរាម ក៏ដូចជាការដាក់បណ្តាសាដល់អ្នកដែលបំផ្លាញប្រាសាទ ឬប្រព្រឹត្តអំពើមិនគាប្បីចំពោះប្រាសាទ នឹងត្រូវចុះឋាននរករហូតដល់ព្រះច័ន្ទ ព្រះអាទិត្យលែងរះ ….៕