(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់គ្រប់ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពគ្រប់ស្ថាប័នទាំងអស់​ ចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងប្រើមធ្យោបាយផ្សេងៗ នៅម៉ោង​១០​យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ​ចំពោះការដាក់ «ល្ខោនខោល» ចូលក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយ៍ នៃមនុស្សជាតិ។

រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈទំព័រ Facebook ផ្លូវការបានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការអនុម័តយល់ព្រមចុះ ល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌអរូបីយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការ​ណែនាំគ្រប់ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពគ្រប់ស្ថាប័ន ពិសេសសូមអំពាវនាវប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ សូមចូលរួមអបអរសាទរតាមការវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង​១០យប់ នាថ្ងៃទី៣០ ខែវិច្ឆិកា នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ គ្រឹះស្ថានសិក្សានានា រមណីយដ្ឋាន និងទីវត្តអារាមផងដែរ»

មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ នឹងរៀបចំពិធីវាយគង ទូងស្គ ទះប៉ោត គោះត្រដោក នៅក្នុងសាលារាជធានីភ្នំពេញតែម្តង ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានី។

សូមបញ្ជាក់ថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨​។

សម្តេចតេជោ ហ៊ុន សែន ​បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។

សម្តេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមថា ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕