(ភ្នំពេញ)៖ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ចប់មុខតំណែងជាឯកអគ្គរដ្ឋទូត ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះតទៅ។ នេះបើតាម Facebook ផ្លូវការរបស់​ស្ថានទូតអាមេរិក បានចុះផ្សាយនៅ​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមស្ថានទូតអាមេរិក បានបញ្ជាក់ថា «ថ្ងៃ​នេះ លោកឯកអគ្គរដ្ឋទូត Heidt នឹងចាកចេញពី​ប្រទេសកម្ពុជា បន្ទាប់ពីបានបំពេញការងារ​នៅទីនេះ អស់រយៈពេល​ជាង៣ឆ្នាំមក។ មុនពេលលោក ចាកចេញលោកចង់ បង្ហាញការយល់ឃើញ​ ចុងក្រោយរបស់លោក​ ដល់ប្រជាជនកម្ពុជា»។

តាមរយៈវីដេអូប្រមាណ២នាទី របស់ លោក William Heidt។ លោកបានលើកឡើងថា៖ «ខ្ញុំរំភើបមែនទែនដែលនឹងបានជួបជុំគ្រួសារខ្ញុំនៅអាមេរិក ប៉ុន្ដែនឹងទុកសេចក្ដីស្រលាញ់របស់ខ្ញុំមួយផ្នែកនៅកម្ពុជា ៣ឆ្នាំកន្លងមកនេះ ពិតជាអស្ចារ្យមែនទែន។ ខ្ញុំជឿជាក់ថា ទំនាក់ទំនងរវាងប្រជាជនអាមេរិក និងកម្ពុជា មានភាពល្អប្រសើរឡើង ក្នុងអាណត្ដិរបស់ខ្ញុំ គឺពិតជាសប្បាយក្នុងការទំនាក់ទំនងជាមួយប្រជាជនខ្មែរ ខ្ញុំពេញចិត្ដមែនទែនក្នុងការរៀនភាសាខ្មែរ រៀនអំពីវប្បធម៌ខ្មែរ និងជាពិសេសការច្រៀងចម្រៀងខ្មែរ»។

លោកបានបន្តថា៖ «​ក្នុងអាណត្ដិរបស់ខ្ញុំស្ថានទូតអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្ដិការផ្លែផ្កាជាច្រើនក្នុងវិស័យផ្សេងៗ ដូចជាការការពារបរិស្ថាន ការការពារសុខភាព ការអភិវឌ្ឍកសិកម្ម និងការពង្រីកពាណិជ្ជកម្ម។ និយាយតាមត្រង់ទៅ ក្នុងអាណត្ដិរបស់ខ្ញុំមានការលំបាកខ្លះៗដែរ មិនមែនល្អទាំងអស់នោះទេ ប៉ុន្ដែយ៉ាងហោចណាស់ការលំបាកតិចជាង ក្នុងឆ្នាំកន្លងមក ខ្ញុំមានការកោតសសើរ យុវជនជំនាន់ក្រោយ ជាពិសេសចំពោះភាពឆ្លាតវៃរបស់ពួកគេ»។

លោកបានបន្តថា «សេចក្ដីសង្ឃឹមរបស់ខ្ញុំគឺប្រជាជនកម្ពុជាគ្រប់ជំនាន់ ចេះការពារបរិស្ថាន ចេះការពារវប្បធម៌ និងប្រវត្ដិរបស់កម្ពុជា និងសហការគ្នាដើម្បីកសាងប្រជាធិបតេយ្យ និងសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ។ លាហើយកម្ពុជា ខ្ញុំសង្ឃឹមថា យើងអាចជួបគ្នាម្ដងទៀតពេលក្រោយ អរគុណច្រើន»។

សូមបញ្ជាក់ថា លោក William Heidt ​បានក្លាយជាឯកអគ្គរដ្ឋទូត​​អាមេរិក​ប្រចាំ​កម្ពុជា​ជំនួស ​លោក William Todd ដែល​ចប់​អាណត្តិ​កាលពីចុងឆ្នាំ២០១៥​។ លោក William A. Heidt មានប្រពន្ធដើមកំណើតខ្មែរ បានបម្រើ​ការ​ជាង​២០​ឆ្នាំ​នៅ​ក្រសួងការបរទេស​ក្នុង​តួនាទី​ខុស​ៗ​គ្នា៕