(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបនិងបង្ហាញមុខជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន៤១នាក់ ដែលកម្លាំងនគរបាលជំនាញ និងនគរបាលទាំង១២ខណ្ឌ បានធ្វើការបង្ក្រាបរយៈពេល២ថ្ងៃ។

ប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ​ថេត​ អគ្គស្នងការរង​នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី​ ព្រុំ​ សន្ធរ ស្នងការរងទទួលការងារប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនសរុបចំនួន៤១នាក់ រួមទាំងដាវដែកកែឆ្នៃ១ដើម សារធាតុញៀនចំនួន១៩កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀន១គ្រឿង និងម៉ូតូ៣គ្រឿង។

លោកឧត្តមសេនីយ៍ត្រីស្នងការរង ក៏បានអំពាវនាវដល់យុវជនប្រុសស្រីទាំងអស់ សូមឆ្លើយថាទេចំពោះគ្រឿងញៀន ហើយពាក្យថាចំពោះគ្រឿងញៀន គឺមានន័យថា យើងស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ និងស្រឡាញ់សង្គមជាតិយើង។

ជាមួយគ្នានេះ លោក ព្រុំ សន្ធរ បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញនៅតែបន្ត ធ្វើការយ៉ាងសកម្មបង្ក្រាប ដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ ដោយផ្តោតទៅលើការបង្ការទប់ស្កាត់ បង្ក្រាបគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញលើកទី៣ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ រហូតទៅដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ យោងទៅតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្រោយបង្ហាញមុខជនសង្ស័យទាំង៤១នាក់ សមត្តកិច្ចបាន កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអមសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕