(ភ្នំពេញ)៖ លោករដ្ឋមន្ត្រី វេង សាខុន នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោកស្រី Jin Lee នាយកក្រុមហ៊ុន WINGO Cambodia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងការវិនិយោគ លើវិស័យកសិកម្មនៅកម្ពុជា នាពេលអនាគតតាមរយៈការបង្កើតធនាគារកសិករ ការធ្វើអាជីវកម្មគ្រាប់ពូជ និងការបង្កើតរោងចក្រផលិតជីធម្មជាតិ។

លោករដ្ឋមន្ត្រី វេង សាខុន បានស្វាគមន៍ចំពោះគម្រោងវិនិយោគ លើវិស័យកសិកម្មរបស់ក្រុមហ៊ុន ស្របពេលដែលវិស័យមួយនេះ ត្រូវការការអភិវឌ្ឍពីវិនិយោគិនទាំងក្នុង និងក្រៅស្រុក ក្នុងពេលបច្ចុប្បន្ន និងក៏ដូចជាពេលអនាគត ដើម្បីបង្កើនផលិតភាពផលិតកម្ម ដោយប្រើប្រាស់បច្ចេកទេសទំនើប ការជ្រើសរើសពូជ និងជី សមស្របតាមគោលការណ៍បច្ចេកទេស ការប្រែប្រួលអាកាសធាតុ និងតម្រូវការទីផ្សារ។

ចំពោះគោលបំណងនាំចូលគ្រាប់ពូជ និងជី លោករដ្ឋមន្ត្រី ស្នើឲ្យក្រុមហ៊ុនសហការ និងពិគ្រោះយោបល់ទាក់ទងនីតិវិធីច្បាប់ និងបច្ចេកទេស ជាមួយអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋាននីតិកម្មកសិកម្ម ដើម្បីធ្វើការសាកល្បងដាំដុះជាមួយកសិករ ឬសហគមន៍ ស្វែងរកគុណសម្បត្តិ និងគុណវិបត្តិរបស់គ្រាប់ពូជបន្លែនៃដំណាំនីមួយៗ និងជី ឲ្យបានច្បស់លាស់ សមស្របតាមអាកាសធាតុ ភូមិសាស្រ្ត ទឹកដីនៅកម្ពុជាជាមុនសិន មុនធ្វើការនាំចូលធ្វើអាជីវកម្ម។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានស្នើឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការវិនិយោគនៅកម្ពុជា ល្អប្រសើរជាងការនាំចូល ដើម្បីប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកឲ្យអស់លទ្ធភាព បង្កើតការងារ កាត់បន្ថយថ្លៃដើម និងការនាំចូល។

ជាការឆ្លើយតប លោកស្រី Jin Lee បានឯកភាពតាមសំណើរបស់លោករដ្ឋមន្រី្ដ ហើយសន្យាថា នឹងសហការលើការងារបច្ចេកទេស និងអនុវត្តតាមនីតិវិធីច្បាប់ ដែលបានចូលជាធរមាន ជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីឲ្យគម្រោងរបស់ក្រុមហ៊ុន ទទួលបានជោគជ័យ៕