(ភ្នំពេញ)៖ «យុទ្ធនាការភ្នំពេញស្អាត» ដែលជាផ្នែកមួយនៃ «គម្រោងស្អាត» បានបញ្ចប់នូវដំណើរការប្រចាំឆ្នាំ២០១៨ របស់ខ្លួនជាស្ថាពរហើយ បន្ទាប់ពីបានសម្រេចផែនការសកម្មភាពផ្សព្វផ្សាយ និង អប់រំជាច្រើន ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងសំរាម តាមរយៈបណ្តាញទំនាក់ទំនងសង្គម សារព័ត៌មាន និងជាពិសេស តាមរយៈការចុះបញ្ជ្រាបសារ «ភ្នំពេញស្អាត» នៅតាមបណ្តាគ្រឹះស្ថានមធ្យមសិក្សារដ្ឋ និងឯកជនជាង៣០កន្លែង និងនៅតាមទីផ្សារទំនើបមួយចំនួននៅរាជធានីភ្នំពេញ។ ពិធីប្រកាសដំណើរការជាផ្លូវការនេះ ត្រូវបានរៀបចំឡើងកាលពីយប់មិញនេះ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្សារទំនើបអេអនម៉លសែនសុខស៊ីធី។

កម្មវិធីប្រកាសបិទជាផ្លូវការ និងការបង្ហាញសិល្បៈបរិស្ថាននៃ «យុទ្ធនាការភ្នំពេញស្អាតសម្រាប់ឆ្នាំ២០១៨» នេះ មានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី សមាជិកនៃរដ្ឋសភា និងជាសហស្ថានិក «គម្រោងស្អាត» ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

ក្នុងនោះក៏មានការចូលរួមយ៉ាងកក់ក្ដៅ ពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលជាថ្នាក់ដឹកនាំ នៃបណ្តាលក្រុមហ៊ុនឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល ស្ថានទូត និងជាម្ចាស់ឧបត្ថម្ភ នៃគម្រោងភ្នំពេញស្អាត សមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិគម្រោងស្អាត យុវជនសុឆន្ទៈស្អាត សិល្បករ សិល្បការី ព្រមទាំងមហាជនដែលទាំងអស់មានចំនួនសរុបជាង៤០០នាក់។

ក្នុងកម្មវិធីបិទនេះផងដែរ មានការបង្ហាញសិល្បៈពាក់ព័ន្ធនឹងការលើកកម្ពស់បរិស្ថាន និងការកែច្នៃសំរាមចំនួន៤ប្រភេទ ដែលសុទ្ធសឹងតែជាស្នាដៃកម្រ និងសម្រិតសម្រាំងនៃសិល្បករ សិល្បការិនី អ្នកច្នៃម៉ូត អ្នកថតរូបល្បីឈ្មោះ និងមានទេពកោលសល្យ នៃប្រទេសកម្ពុជា ដែលមានដូចជាលោកហ៊ូ រ៉េមមី កញ្ញា ហេហ្សេន ផូ លោក ឯម រៀម លោក យុន រតនៈ លោក ភើ សុផុន លោក ឈន វិច្ឆិកា លោក ឈន កក្កដា និងលោក ម៉ក់ រ៉េមីហ្សា។ សិល្បករ សិល្បការិនី អ្នកច្នៃម៉ូត អ្នកថតរូបល្បីឈ្មោះទាំងអស់គ្នានេះ បាននាំគ្នាបង្កើតជាវត្ថុសិល្បៈ រូបថត ម៉ូដសម្លៀកបំពាក់ គំនូរឌូដល ព្រមទាំងវត្ថុសិល្បៈជាច្រើនទៀត ដែលសុទ្ធសឹងតែកែច្នៃ បង្កើតឡើងដោយប្រើប្រាស់សំរាម ដែលមានដូចជាបំពង់បឺត ដប់ទឹក និងរបស់របរប្លាស្ទីកដទៃទៀត។

គោលបំណងសំខាន់ នៃការបង្ហាញសិល្បៈបរិស្ថាននៃ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០១៨» នេះ គឺចង់ប្រើប្រាស់វត្ថុសិល្បៈនានា ក្នុងគោលបំណងផ្សព្វផ្សាយទៅសាធារណជនទូទៅ ពីផលប៉ះពាល់អវិជ្ជមាន ដែលកើតឡើងពីការទុកដាក់សំរាមមិនត្រឹមត្រូវ ជាពិសេសចង់បំផុសគុណតម្លៃនៃសំរាម តាមរយៈការប្រើប្រាស់ឡើងវិញ ឲ្យអស់លទ្ធភាព ក្នុងទិសដៅកាត់បន្ថយ កាកសំណល់នានា ជាពិសេសកាត់បន្ថយប្លាស្ទិក ព្រមទាំងបំផុសស្មារតីទទួលខុសត្រូវពីប្រជាពលរដ្ឋទាំងអស់គ្នា តាមរយៈការចូលរួមស្វែងរកដំណោះស្រាយ ដើម្បីបរិស្ថានស្អាត គ្មានសំរាម ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព។

សូមជម្រាបផងថា «យុទ្ធនាការភ្នំពេញស្អាត» នេះធ្វើឡើងនូវរៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ដែលត្រូវយុទ្ធនាការនេះ បានប្រសិទ្ធនាមថាជា «ខែស្អាត»។ ឆ្នាំនេះ គឺជាឆ្នាំទី២ នៃយុទ្ធនាការភ្នំពេញស្អាត ដែលនឹងប្រព្រឹត្តឡើងពេញមួយខែវិចិ្ឆកា ត្រូវបានអនុវត្តដោយស្ម័គ្រចិត្ត ដោយមានការចូលរួមពី «យុវជនសុឆន្ទៈស្អាត» ចំនួន២០០នាក់។ ជាក់ស្ដែង យុវជនសុឆន្ទៈស្អាត ដែលជាអ្នកពាំនាំសារ របស់យុទ្ធនាការ នឹងបំពេញការងារស្ម័គ្រចិត្ត ដោយយោងទៅតាមផែនការសកម្មភាព ៩ ធំៗ មានដូចជា៖ សិក្ខាសាលាស្ដីពីការបញ្ជ្រាបការអប់រំទៅតាមបណ្តាគ្រឹះស្ថានរដ្ឋ និងឯកជន (គ្រោង ៣៤ គ្រឹះស្ថានអប់រំ), វេទិកាវោហាសព្វជាសាធារណៈ, ការបំផុសយុទ្ធនាការតាមរយៈ Social media Challenge «ផ្ទះខ្ញុំស្អាត ភ្នំពេញស្អាត», ការបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី, បន្តការចុះផ្សព្វផ្សាយតាមរយៈការបិទស្ទីគ័រ «ស្អាត» និងជំរុញការទទួលយកទស្សនាទាន«ស្អាត» អោយបានទូលំទូលាយ, បន្តការផ្សព្វផ្សាយបទចំរៀងភ្នំពេញស្អាត និងខ្លីបវីដេអូតុក្កតាខ្លីអប់រំ ពីការថែរក្សាអនាម័យ ទីក្រុង តាមរយៈស្ថានីយទូរទស្សន៍ និងប្រព័ន្ធសារពត៌មាន ជាដើម។

ទស្សនាទានចម្បង នៃគម្រោងស្អាត ដែលបង្កើតឲ្យមាន «យុទ្ធនាការភ្នំពេញស្អាត» គឺសំរាមមិនមែនជារបស់នរណាម្នាក់ ពោលគឺវាកើតចេញពីយើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមចំណែកទទួលខុសត្រូវ រួមគ្នាក្នុងទិសដៅរួមគ្នាគឺ «ស្អាត» បានន័យថា «គ្មានសំរាមពាសវាលពាសកាល»។ បុព្វហេតុនេះ បាននាំឲ្យគោលបំណងជាសារវន្តរបស់ «យុទ្ធនាការភ្នំពេញស្អាត» គឺផ្ដោតទៅលើការផ្លាស់ប្ដូរឥរិយាបទតាមរយៈការអប់រំ និងផ្សព្វផ្សាយក្នុងការគ្រប់គ្រងកាកសំណល់ក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភំ្នពេញ ក្រោមពាក្យស្លោក៖ «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។

«យុទ្ធនាការភ្នំពេញស្អាត» នឹងក្លាយជាដំណោះស្រាយ ចំពោះបញ្ហាសំរាមនៅកម្ពុជា ជាពិសេសការអប់រំប្រជាជន យុវជន និងកុមារ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បទពិសោធន៍ យុទ្ធសាស្រ្ត ក្នុងការការពារបរិស្ថាន សោភ័ណភាព និងសុខុមាលភាព ប្រកបដោយនិរន្តរភាព។

គម្រោង «ភ្នំពេញស្អាត» គឺជាយុទ្ធនាការមួយដែលកំពុងតែត្រូវការ ការចូលរួមសហការ រវាងក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋនិងឯកជន ព្រមទាំងតាមបណ្ដាសាកលវិទ្យាល័យ និងសាលារៀននានា។ នៅក្នុងនោះផងដែរក៏មានការចូលរួមគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ។
ដូចនេះយុទ្ធនាការភ្នំពេញស្អាត ចាប់ផ្តើមបើកដំណើរការជាលើកទីពីរក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ និងក្នុងឆ្នាំបន្តបន្ទាប់ ជាមួយនឹងប្រធានបទថ្មីៗទាក់ទងនឹងការគ្រប់គ្រងសំរាមរហូតទាល់តែប្រជាពលរដ្ឋ គ្រប់រូបកែទម្លាប់ និងប្តូរឥរិយាបថក្នុងការទុកដាក់សំរាមអោយបានត្រឹមត្រូវ ពោលគឺលែងមានសំរាមធ្លាក់ដល់ដីនៅទីក្រុងភ្នំពេញ ឲ្យដូចពាក្យស្លោករបស់យុទ្ធនាការភ្នំពេញស្អាត «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»៕