(ភ្នំពេញ)៖ ថ្លែងក្រោយជំនួបពិភាក្សាការងាររវាង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទីភ្នាក់ងារជ្រើសរើសពលករម៉ាឡេស៊ីចំនួនបី នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ លោក ហ៊ូ វុទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ បានឲ្យដឹងថា លក្ខខណ្ឌការងារដែលភាគីម៉ាឡេស៊ីផ្លាស់ប្តូរថ្មី រួមមាន៖ នីតិវិធីក្នុងការជ្រើសរើសពលករ និងការដំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន ដើម្បីទាក់ទាញពលករបរទេស ពិសេសពលករកម្ពុជាឲ្យទៅធ្វើការនៅប្រទេសរបស់ខ្លួនឲ្យកាន់តែច្រើនថែមទៀត។

លោក ហ៊ូ វុទ្ធី បានបន្តថា នីតិវិធីក្នុងការជ្រើសរើសពលករថ្មីនេះ គឺពលករមិនចាំបាច់ចំណាយពេលវេលាយូរដូចមុនទេ ពោលឲ្យតែភាគីម៉ាឡេស៊ីត្រូវការពលករ គឺអាចបញ្ជូនទៅធ្វើការបាន ខណៈកាលពីមុនពលករត្រូវមានកិច្ចសន្យាការងារ និងបំពេញបែបបទផ្សេងៗទៀត ទើបអាចបញ្ជូនទៅបានត្រូវប្រើពេលយូរ។

ទន្ទឹមនេះ ម៉ាឡេស៊ី បានដំឡើងប្រាក់ឈ្នួលដល់ពលករបរទេសដែលទៅធ្វើការនៅម៉ាឡេស៊ីជាង ៣០០ដុល្លារ ក្នុង ១ខែ ដើម្បីឲ្យពលករទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ និងផ្ញើត្រឡប់មកស្រុកកំណើតផងដែរ។

ព្រមជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានស្នើឲ្យទីភ្នាក់ងារជ្រើសរើសពលករម៉ាឡេស៊ីទាំងបី ត្រូវសហការជាមួយទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ត្រូវធ្វើការរួមគ្នាជាឯកច្ឆ័នក្នុងសំឡេងតែមួយជាមុនសិនពាក់ព័ន្ធលក្ខខណ្ឌការងារថ្មីៗ។ បន្ទាប់ពីបានលទ្ធផលហើយក្រុមការងារបច្ចេកទេស នៃប្រទេសទាំងពីរ ត្រូវពិភាក្សាគ្នាឡើងវិញលើកិច្ចការងារទាំងនេះ មុននឹងដាក់ជូនរដ្ឋមន្ត្រីប្រទេសទាំងពីរសម្រេចជាចុងក្រោយ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក អ៉ិត សំហេង នៅតែរក្សាចំហទៅតាមកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានព្រមព្រៀងជាមួយគ្នាកន្លងមក លើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ដែលទៅធ្វើការនៅម៉ាឡេស៊ី ដែលរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងជាមួយគ្នារួចហើយ។ វាជាឯកសាផ្លូវការស្របច្បាប់ ដែលក្លាយជាក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យការងារកាន់តែប្រសើរថែមទៀត។

លោករដ្ឋមន្ត្រីលើកឡើងបន្តថា ប្រាក់ឈ្នួលនៅកម្ពុជាក៏មានការកើនឡើងខ្ពស់ ដូច្នេះខាងម៉ាឡេស៊ី ត្រូវផ្តល់ផលប្រយោជន៍ដល់ពលករកម្ពុជា តាមរយៈប្រាក់ឈ្នួលខ្ពស់ និងលក្ខខណ្ឌការងារល្អ ទើបអាចទាក់ទាញពលករកម្ពុជា ចេញទៅធ្វើការនៅទីនោះបាន។ រីឯប្រទេសដែលជាគោលដៅប្រកួតប្រជែងក៏មានច្រើនផងដែរ ដូចជា កូរ៉េ ជប៉ុន សិង្ហបុរី ថៃ ជាដើម។

សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តជាច្រើនសម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិដល់ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងប្រើប្រាស់ពលករ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជ្រើសរើស និងប្រើប្រាស់ពលករការងារផ្ទះ។

បច្ចុប្បន្នទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដែលទទួលបានកាអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១០៣ ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស ក្នុងនោះប្រទេសម៉ាឡេស៊ីមានចំនួន ៦៩ក្រុមហ៊ុន (គិតត្រឹម ខែតុលា ឆ្នាំ២០១៨)៕