(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យប្រុសស្រី​០៩នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន និងក្រាមពណ៌សថ្លា​៣៦កញ្ចប់ (ប្រភេទម៉ាទឹកកក)។

មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង​០៩នាក់ នេះរួមមាន ទី១៖ឈ្មោះ គង់ រ៉ានី ភេទស្រី អាយុ​២៣ឆ្នាំ​, ទី២៖ឈ្មោះ ធូ តុង​ អាយុ​១៨ឆ្នាំ​, ទី៣៖ឈ្មោះ ឡាង សំណាប់ ​អាយុ​៣១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមូយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៥៖០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចំណុច​លើផ្លូវបេតុង ភូមិត្រាញ់ត្របាញ់ សង្កាត់ភ្លើងឆេះរទេះ និងផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រាញ់ត្របាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី៤៖ឈ្មោះ ឡេ ឡុងញូ ​អាយុ​១៤ឆ្នាំ​, ទី៥៖ឈ្មោះ យ៉ វណ្ណធី​ អាយុ​២១ឆ្នាំ​, ទី៦៖ឈ្មោះ មុំ សុជា ហៅអាម៉ៅ​ អាយុ​៣៥ឆ្នាំ​, ទី៧៖ឈ្មោះ រ៉ុង ពៅ ហៅហេង អាយុ​២៤ឆ្នាំ​, ទី៨៖​ឈ្មោះ មុំ ស្រីមុំ ភេទស្រី អាយុ​៣០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លូនបានកាលពីវេលាម៉ោង០៩៖៥៤នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុច​ផ្ទះគេទុកចោល ម្តុំសហគមន៍ស្មសាន ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

និងទី៩៖​ឈ្មោះ ឈុន រតនា​ អាយុ​២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៥៖៤០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុច​លើផ្លូវបេតុង និងផ្ទះលេខ៣០ ផ្លូវលំ ភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពីធ្វើការសាកសួរ​ពួកគេទាំង​០៩នាក់​ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែនទើប សមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕