(ភ្នំពេញ)៖ ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ​បានរៀបចំកម្មវីធី «បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់អង្គភាពថវិកា អាណាប័កផ្ទេរសិទ្ធិនៃ ក្រសួងចំនួន០៤ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ២០១៩» ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។

ពិធីនេះ ក៏​មានការចូលរួមតំណាងអង្គភាពថវិកាមកពីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ សរុបជាង៥០រូប។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ការបង្កើតឲ្យមានកម្មវីធី «បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់អង្គភាពថវិកា អាណាប័កផ្ទេរសិទ្ធិ នៃក្រសួងចំនួន០៤ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ២០១៩» នេះឡើង គឺមានគោលបំណងផ្តល់ជូននូវការយល់ដឹង និងទិដ្ឋភាពរួម ពីអត្ថប្រយោជន៍ មុខងាររបស់ប្រព័ន្ធ, ការរៀបចំឲ្យមានមន្រ្តីបង្គោលប្រចាំអង្គភាពថវិកា ដើម្បីងាយស្រួលដល់អនុវត្តគម្រោង និងការចាប់ផ្តើមអនុវត្តការងាររួមគ្នា ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ឲ្យទទួលបានជោគជ័យ។

លោក ហ៊ាន សាហ៊ីប ក៏បានគូសបញ្ជាក់ពីអត្ថប្រយោជន៍ជាច្រើន ដែលក្រសួង-ស្ថាប័ន នឹងទទួលបាន​ពីប្រព័ន្ធ ដូចជាបង្កើនសមត្ថភាព ក្នុងការតាមដានការអនុវត្តថវិកាឲ្យកាន់តែមានប្រសិទ្ធភាព និង​មានលទ្ធភាពតាមដានឥណទានថវិកា តាមរយៈការទទួលបាននូវរបាយការណ៍ហិរញ្ញវត្ថុ, បង្កភាពងាយស្រួលក្នុងការអនុវត្ត គ្រប់គ្រង ស្វែងរកប្រតិបត្តិការហិរញ្ញវត្ថុ និង​អនុវត្តចំណាត់ថ្នាក់ថវិកាទាំង​៧​ចំណាត់ថ្នាក់។

លើសពីនេះទៀត ប្រព័ន្ធនឹងផ្តល់លទ្ធភាពដល់ក្រសួង-ស្ថាប័ន ក្នុងការតាមដាននូវដំណើរការ នៃការអនុវត្តថវិកាតាមរយៈលំហូរការ​ងារក្នុងប្រព័ន្ធ និងចំណេញពេលវេលា និង​ធនធានផងដែរ​។ ប្រព័ន្ធក៏នឹងជួយបង្វែររបៀប នៃការអនុវត្តការងារដែលផ្តោតតែលើប្រតិបត្តិការហិរញ្ញវត្ថុទៅជាការងារ ដែលឈរលើ​អភិក្រម នៃការរៀបចំផែនការ និង​វិភាជធន​ធាន វាស់វែង និង​តាមដានសមិទ្ធកម្មតាមថវិកាកម្មវិធី​។ អត្ថប្រយោជន៍ខាងលើ នឹងបង្កលក្ខណៈ ដល់ការពង្រឹងការបែងចែកធនធានឲ្យកាន់តែមានប្រសិទ្ធភាព និង​ចំទិសដៅ ដែលនឹងនាំមកនូវផលិតភាពខ្ពស់សម្រាប់ប្រទេស។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ប្រព័ន្ធ FMIS គឺជាឆ្អឹងខ្នងដ៏រឹងមាំ​សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង​ជាឧបករណ៍ធានាដល់ការរៀបចំ និងអនុវត្តថវិកាជាតិប្រកបដោយតម្លាភាព, ប្រសិទ្ធភាព និង​គណនេយ្យភាពទាំងផ្នែកចំណូល និងចំណាយថវិកា។

បន្ថែមពីនេះ ដើម្បីឲ្យការអនុវត្តគម្រោង FMIS កាន់តែទទួលបានជោគជ័យ ចាំបាច់ទាមទារឲ្យក្រសួង-ស្ថាប័នសាមី បង្កើនការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមអនុវត្តគម្រោង ប្រកបដោយស្មារតីបុរេសកម្ម សកម្មភាព និង​អន្តរសកម្ម។

យោងតាមផែនការពង្រីកការអនុវត្តប្រព័ន្ធ FMIS ជំហានទី២ ២០១៧-២០២០ ក្នុងឆ្នាំ២០១៩​ខាងមុខនេះ ក្រសួង-ស្ថាប័នចំនួន១០ រួមជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ០៨ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ នឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ធ្វើការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា ក្នុងនោះក្រសួងទាំង០៤ ​គឺសុទ្ធតែបានអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ FMIS រួចមកហើយកាលពីដើមឆ្នាំ២០១៨ ដោយអនុវត្តនៅអគ្គនាយកដ្ឋានហិរញ្ញវត្ថុ លើកលែងតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអង្គភាពថវិកាអាណាប័កផ្ទេសិទ្ធិចំនួន០៦៕