(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពីការដាក់ដំណើការ ការប្រើប្រាស់ ​និងលទ្ធផលនៃការអនុវត្ត​គម្រោង​មូលនិធិ ​នៃការ​កសាងសមត្ថភាព ​និងការ​ស្រាវជ្រាវ​ព្រមទាំងការ​អភិវឌ្ឍលើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន​ឆ្នាំ២០១៧។

សន្និសីទនេះរៀបចំឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការចូលរួមពីលោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, លោក តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍។

លោក កាន ច័ន្ទមេត្តា ឲ្យដឹងថា ជាលទ្ធផលនៃការអនុវត្ត​ច្បាប់​ទូរគមនាគមន៍ និងការបង្កើត​មូលនិធិ​ស.អ.​នេះឡើង​ក្នុងឆ្នាំ​២០១៧ មាន​ប្រតិបត្តិករ​ទូរគមនាគមន៍ចំនួន៨៧% បាន​បង់​វិភាគទាន​ចូលមូលនិធិស.អ. ដើម្បីប្រើប្រាស់ក្នុងការទ្រទ្រង់​ និងលើកកម្ពស់​ដល់​ការកសាង​សមត្ថភាព​ និងការស្រាវជ្រាវ​ ព្រមទាំងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

លោកបន្ដថា ស្រប​តាម​ផែនការ​ ស.អ. ឆ្នាំ២០១៧-២០១៨ ដែលបានដាក់ចេញដោយ​ក្រុមប្រឹក្សាមូលនិធិស.អ. ថវិកាមូលនិធិស.អ. បាន​ចំណាយ​លើ​ការអនុវត្តគម្រោង​ជាច្រើន​រួមមាន៖
១៖ ការផ្តល់​អាហារូបករណ៍ ដល់និសិ្សត​សិក្សាផ្នែក​បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ចំនួន៨៤នាក់ ក្នុងនោះ៣០​នាក់​នឹងចូលរៀន​ក្នុងឆ្នាំ២០១៩ និង​មានអាហារូបករណ៍ទៅសិក្សានៅប្រទេស​បារាំង​ថ្នាក់អនុបណ្ឌិត​០៣​រូប និងបរិញ្ញាបត្រសិក្សាក្នុងស្រុក​៨១​រូប និងការផ្តល់​ថវិកា​ទ្រទ្រង់វគ្គបណ្តុះបណ្តាល​ជំនាញ​ ប.គ. ដល់និសិ្សត​​បានចំនួន ២គម្រោងរួមមាន Soft Skill Training ក្នុងវិស័យ ទ-បគព និងកម្មវិធី Cambodia ICT Volunteer។
២៖ ការ​​ស្ថាបនាបន្ទប់​កុំព្យូទ័រតាម​វិទ្យាល័យចំនួន២០ ដោយសហការជាមួយក្រសួង​អប់រំ យុវជន ​និងកីឡា​។ គម្រោង​នេះ​ត្រូវ​បាន​ជជែក​ពិភាក្សា​រវាង​ក្រសួង​ទាំងពីររួចរាល់​ រងចាំការអនុវត្ត​ក្នុងពេល​​ដ៏ខ្លីខាងមុខ។
៣៖ ផ្តល់ថវិកាដល់ការងារស្រាវជ្រាវ​ចំនួនបី ដែលកិច្ចការស្រាវជ្រាវ​នឹង​ចាប់​ផ្តើម​ក្នុងពេល​ខាងមុខ ដោយការស្រាវជ្រាវទាំងនោះរួមមាន IoT, Data Science និង Khmer Language Processing​។
៤៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យប.គ.ព ដោយបង្កើតនូវបន្ទប់​ពិសោធ​ន៍ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់​វិស័យ​អប់រំរួមមាន៖ Incubation Center នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា,
Incubation Center នៅ​សកលវិទ្យាល័យ​ជាតិគ្រប់គ្រង​ ហេដ្ឋារចនា​សម្ព័ន្ធទ្រទ្រង់​ ដល់​ការងារគ្រប់គ្រង​តាម​សាលា​រៀន
បន្ទប់​ពិសោធន៍ខាង​ផ្នែកបណ្តាញនៅវិទ្យាស្ថានNIPTICT មជ្ឈមណ្ឌល​នវានុវត្តន៍​នៅ​វិទ្យាស្ថានNIPTICT។
៥៖ ការទ្រទ្រង់សកម្មភាព និងកម្មវិធី​មួយចំនួន ដើម្បីបង្កើន​​សហគ្រិនភាពខាង​ផ្នែកបច្ចេកវិទ្យានៅ​កម្ពុជា មានទាំង​ការបណ្តុះបណ្តាល​ជំនាញ និងមុខរបរ ព្រមទាំង​ការប្រកួតប្រជែង​ទាំង​ក្នុង និងក្រៅស្រុក​ចំនួន០៧គម្រោង ព្រមទាំង​ផ្តល់គម្រោង​ SMEs Go Digital ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ ក្រោមការសម្របសម្រួលពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ដឹកនាំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយគម្រោងនេះនឹងបន្តអនុវត្តនៅឆ្នាំ​ក្រោយៗទៀត​។

លោក កាន ច័ន្ទមេតា្ត ស្នើឱ្យប្រតិបត្តិករទូរគមនាគមន៍ចំនួនតូច ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់វិភាគទានមូលនិធិស.អ. ឆ្នាំ២០១៧ រួសរាន់បង់វិភាគទានមុននឹងក្រុមប្រឹក្សាមូលនិធិស.អ. ចាត់វិធានការបន្ទាប់៕