(ភ្នំពេញ)៖ លោក ហូរិណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំអបអរសារទ ព្រះរាជពិធីបុណ្យចំរើនព្រះជន្ម ព្រះករុណា ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ ៨៤ ឈានចូល៨៥ព្រះវស្សា ជាខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ និងជាឱកាសនៃការបំពេញព្រះរាជតួនាទី ជាព្រះចៅអធិរាជប៉ុនផងដែរ។

ការរៀបចំពិធីអបអរសារទព្រះរាជពិធីបុណ្យចំរើនព្រះជន្មអធិរាជជប៉ុននេះ បានធ្វើឡើងនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្ថានទូតជប៉ុន ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, ឯអគ្គរាជទូត, ឯកអគ្គរដ្ឋទូតបណ្តាប្រទេសជាមិត្ត និងតំថ្នាក់ដឹកនាំស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាយ៉ាងច្រើនកុះករផងដែរ។

នៅក្នុងឱកាសនេះដែរលោក ហូរិណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា ព្រះករុណា ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ នឹងដាក់រាជនៅថ្ងៃទី៣០ ខែមេសា ឆ្នាំក្រោយ ហើយព្រះអង្គម្ចាស់ ណារុហ៊ីតូ ព្រះរាជទាយាទ នេងបន្តឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី១ ខែឧសភា ឆ្នាំក្រោយផងដែរ។

ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជារូបនេះ បានបន្តថា រយៈពេល៣០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះចៅងធិរាជ អាគីហ៊ីតូ គឺអំឡុងពេលដំណើរការស្វែងរកសន្តិភាព រហូតដល់ការអភិវឌ្ឍប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ព្រមទាំងជាពេលវេលានៃការពង្រឹង និងពង្រីកចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ដ៏គួរឱ្យគត់សម្គាល់។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងថា ទន្ទឹមនឹងការប្រារព្ធពិធីនារាត្រីនេះ យើងទាំងអស់គ្នាក៏បានរំឭក អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ តាមរយៈការទូតនេះយើងបានបំពេញសកម្មភាពមួយចំនួនក្នុងឆ្នាំ២០១៨នេះ។ ចាប់តាំងពីបានភ្ជាប់ ទំនាក់ទំនងការទូតឡើងវិញ ក្នុងឆ្នាំ១៩៩២មក កម្ពុជា-ជប៉ុន បានបង្កើតទំនាក់ទំនងជាមិត្តដ៏ស្មោះត្រង់ ជិតស្និត និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ វិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច និងវប្បធម៌។

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបន្តថា ចាប់តាំងពីឆ្នាំ១៩៩០ ប្រទេសជប៉ុន បានដើរទួនាទីយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព និងការកសាងសន្តិភាពបន្តទៀតរបស់កម្ពុជា។ ជាមួយគ្នានេះដែរ ប្រទេសជប៉ុន បានចូលរួមចំណែកយ៉ាងធំធេងក្នុងការស្តារប្រទេសកម្ពុជា ឡើងវិញក្រោយសង្គ្រាម និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ជាផ្លូវការរបស់ប្រទេសជប៉ុន ក្នុងហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចកម្ពុជា រួមមាន៖ វិស័យគមនាគមន៍ វិស័យសុខាភិបាល, វិស័យអប់រំ និងបណ្តុះបណ្តាល វិស័យទឹកស្អាត ប្រព័ន្ធគ្រប់គ្រងគ្រោះទឹកជំនន់តាមតំបន់ជនបទ ការដោះមីន គឺមិនត្រឹកតែបានជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជានោះទេ ថែមទាំងបានចូលរួមចំណែកលើកកំណើនសេដ្ឋកិច្ចកម្ពុជា ផងដែរ៕