(រុស្ស៊ី)៖ មហាសន្និបាតលើកទី១០នៃ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ដែលបានទទួលរៀបចំឡើងដោយគណបក្សរួបរួមជាតិរុស្ស៊ី (United Russia Party) ដែលជាគណបក្សកាន់អំណាច កំពុងដំណើរការចាប់ផ្តើមកម្មវិធីនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងម៉ុស្គូ សហព័ន្ធរុស្សី។ មហាសន្និបាតនេះកំពុងត្រូវបានចូលរួម ដោយប្រតិភូសំខាន់ៗចំនួន៤០០នាក់ មកពីគណបក្សនយោបាយអាស៊ីចំនួន៧០ ក្នុងប្រទេសចំនួន៣៦។

មហាសន្និបាតនេះបញ្ជាក់ឡើងវិញនូវគោលបំណងរួមទាក់ទងទៅនឹងសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តន៍ សម្រាប់ប្រជាពលរដ្ឋនៃទ្វីបអាស៊ី ដោយឈរលើគោលការអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពផ្នែកនយោបាយ សមភាពរបស់រដ្ឋទាំងអស់ ការដោះស្រាយដោយសន្តិវិធីនូវជម្លោះជាតិនិងអន្តរជាតិ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងឯកភាពមតិនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសតួនាទីយ៉ាងសំខាន់របស់គណបក្សនយោបាយនៅក្នុងការកាត់បន្ថយភាពតានតឹង សង្រ្គាមការប្រយុទ្ធប្រឆាំងនឹង ភាពជ្រុលនិយម ការទប់ស្កាត់អំពើភេរវកម្ម ព្រមទាំងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងការបង្កើត និងអភិវឌ្ឍន៍ចំណងមិត្តភាពនយោបាយសេដ្ឋកិច្ច និងសង្គមនៅក្នុង ទ្វីបអាស៊ីទាំងមូល។

លើសពីនេះមហាសន្និបាតទទួលស្គាល់ជាផ្លូវការជាថ្មីម្តងទៀត នូវតួនាទីរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council—ACC) ដែលជាស្ថាប័នមួយរបស់ ICAPP និងកោតសរសើរចំពោះកម្ពុជាក្នុងការផ្តួចផ្តើម និងដឹកនាំរហូតសម្រេចបាននូវ កិច្ចសហប្រតិបត្តិការជាដៃគូរវាង ACC និង UNESCO។ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះនឹងត្រូវចុះហត្ថលេខានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ហើយពិធីប្រកាសសម្ពោធជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី១១-១២ ខែកុម្ភះ ឆ្នាំ២០១៩ នៅទីក្រុងភ្នំពេញ។

នៅថ្ងៃទី២៥ និង២៦នេះ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាបាន និងកំពុងចូលរួមកិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP ដែលបានចូលរួមដោយសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន២៥រូប មកពី១៨ប្រទេស ដែលបានអនុម័តទៅលើវិធាន និងបែបបទការងាររបស់ACC ព្រមទាំងកិច្ចប្រជុំលើទី៤នៃសម្ព័ន្ធយុវជន ICAPP កិច្ចប្រជុំលើកទី៤ នៃវេទិការសារព័ត៌មាន ICAPP កិច្ចប្រជុំលើទី៥នៃសម្ព័ន្ធស្រ្តី ICAPP និងកិច្ចប្រជុំលើកទី១នៃគណៈកម្មការសម្របសម្រួលរវាង ICAPP-COPPPAL-CAPP៕