(ក្រចេះ)៖ សិប្បកម្មផលិតស្រាស ដែលគ្មានច្បាប់អនុញ្ញាតជាង៧០០ទីតាំង នៅទូទាំងខេត្តក្រចេះ ត្រូវបានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅផ្អាកសកម្មភាព ធ្វើអាជីវកម្មជាបណ្ដោះអាសន្ន ក្នុងចំណោមទីតាំងសរុប៧៦១កន្លែង នៅទូទាំងខេត្តក្រចេះ។ នេះបើយោងតាមប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្ដក្រចេះ លោក នី ឆុន បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ។

លោក នី ឆុន បានបញ្ជាក់ថា ការផ្អាកអាជីវកម្មសិប្បកម្មផលិតស្រាសទាំងនេះ ដោយឈរលើមូលហេតុមានករណីពុលស្រាស និងធ្លាក់ខ្លួនឈឺ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីប៉ុន្មានថ្ងៃមុននេះ ប៉ុន្ដែបើគិតត្រឹមព្រឹកនេះ មន្ទីររបស់លោក និងអាជ្ញាធរពាក់ព័ន្ធ បានផ្អាកអាជីវកម្ម បានជាង៤០០កន្លែង ហើយយុទ្ធនាការនឹងបន្ដធ្វើបន្ដទៀត។

យ៉ាងណាក៏ដោយ ប្រធានមន្ទីររូបនេះ បានអះអាងផងដែរថា កាលផ្ដល់លិខិតអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនោះ មិនទាន់កំណត់នោះឡើយ ពោលលុះត្រាតែម្ចាស់សិប្បកម្មផលិតស្រាសទាំងនេះ ត្រូវបានមន្ទីរជំនាញទទួលស្គាល់ និងយល់ព្រមតាមបទដ្ឋានបច្ចេកទេសនៃការផលិតជាមុនសិន។

លោក នី ឆុន បានបន្ដផងដែរថា​ មានសិប្បកម្មតិចតួចប៉ុណ្ណោះ ក្នុងចំណោម៧៦១កន្លែង ត្រូវបានទទួលស្គាល់ និងមានលិខិតអនុញ្ញាត ហើយការផ្អាកនេះទៀតសោធដើម្បីទប់ស្កាត់ខ្លាច មានករណីដដែលនេះ កើតឡើងថ្មីថែមទៀត។

សូមបញ្ជាក់ថា ករណីពុលស្រាស នៅឃុំបឹងចារ ស្រុកសំបូរ ខេត្ដក្រចេះ និងឃុំកោះខ្ញែ កាលពីប៉ុន្មានថ្ងៃមុននេះ បណ្ដាលឲ្យប្រជាពលរដ្ឋ៥នាក់ស្លាប់ និង៧៨នាក់ទៀត ធ្លាក់ខ្លួនឈឺជាបន្ដបន្ទាប់។ សម្រាប់ម្ចាស់សិប្បកម្មផលិតស្រាស ឈ្មោះ កុច សុខហេង អាយុ៣១ឆ្នាំ ក៏ត្រូវបានតុលាការខេត្ដក្រចេះ សម្រេចដាក់ពន្ធនាគារជាបណ្ដោះអាសន្នផងដែរ ក្រោមបទចោទប្រកាន់ «មនុស្សឃាតដោយអចេតនា»។

ជុំវិញចំណាត់ការផ្អាកសិប្បកម្មផលិតស្រាសខាងលើនេះ ក្រសួងសុខាភិបាល បានគាំទ្រយ៉ាងពេញទំហឹងក្នុងគោលដៅការពារសុខភាពប្រជាពលរដ្ឋ និងអាយុជីវិតរបស់ពួកគាត់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្រៅការគាំទ្រចំពោះចំណាត់ការ ប៉ុន្ដែក្រសួងក៏សូមទទូចឲ្យមានការត្រួតពិនិត្យរាល់ការដឹកជញ្ជូនស្រាលក់នៅតាមភូមិ និងការដាក់លក់ដោយត្រូវធ្វើតេស្ដឲ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឲ្យបន្ដដំណើរការឡើងវិញ។

លោក លី សុវណ្ណ ក៏បានបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល ក៏សូមឲ្យអាជ្ញាធរ និងមន្ដ្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យការនាំចូលមេស្រា នៅតាមច្រកចេញចូលមកចែកចាយនៅតាមទីផ្សារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយក្រសួងសុខាភិបាល តែងតែ និងទទូចសារជាថ្មី ដល់ប្រជាពលរដ្ឋទាំងអស់ មុននឹងពិសា​ស្រាត្រូវត្រួតពិនិត្យប្រភពឲ្យ បានច្បាស់លាស់ តើមានការទទួលស្គាល់ពីមន្ដ្រីជំនាញដែលឬយ៉ាងណា? និងពិសាស្រាឲ្យមានកម្រិតកុំឲ្យប៉ះពាល់ដល់សុខភាពរបស់ខ្លួន។

ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ក៏បានលើកឡើងពីព័ត៌មានខ្លះ ស្ដីពីជនខិលខូចយកមេស្រា មកលក់ចែកចាយដោយប្រកាសថា ចំណេញច្រើន ហេតុដូច្នេះអាជ្ញាធរ និងសមត្ថកិច្ចគួរចាត់វិធានការណ៍ឲ្យបានតឹងរឹងចំពោះបញ្ហានេះ។ មន្ដ្រីសាលាខេត្តក្រចេះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលធ្លាក់ខ្លួនឈឺ ចូលសម្រាកនៅមន្ទីរពេទ្យនោះ បានធូរស្បើយ និងបានចាកចេញជាបន្ដបន្ទាប់ហើយ។

សូមបញ្ជាក់ថា ករណីពុលស្រាសបណ្ដាលឲ្យស្លាប់ និងធ្លាក់ខ្លួនឈឺ នៅមូលដ្ឋានខេត្តក្រចេះ តែងតែកើតមានឡើង ដោយសារការគ្រប់គ្រងលើទីតាំងផលិតស្រាសទាំងនេះ ពុំទាន់មានប្រសិទ្ធភាពនៅឡើយ៕​