(ប៉េកាំង, ចិន)៖ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងសមាជិកគណៈប្រតិភូទាំងអស់ បានចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ WEI FENGHE រដ្ឋមន្រ្តីក្រសួងការពារជាតិចិន ក្នុងទីក្រុងប៉េកាំង។

នៅក្នុងជំនួបសន្ទនានាឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន មានសន្ទុះរីកចំរើនទៅមុខយ៉ាងឆាប់រហ័ស ហើយមានការវិវត្តន៍ក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

ឆ្លៀតក្នុងឱកាសនោះសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានជម្រាបដល់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន អំពីដំណើរការបោះឆ្នោតនៅកម្ពុជា ដែលបន្ទាប់ពីការបោះឆ្នោតទទួលបានជោគជ័យរួចមក កម្ពុជាមានសន្តិភាព និងស្ថិរភាពយ៉ាងល្អប្រសើរ។ ដោយឡែក កងយោធពលខេមរភូមិន្ទ ត្រូវបានរៀបរយដើម្បីបន្តចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា កិច្ចសហប្រតិការរវាងកងទ័ពទាំងពីរ កម្ពុជា-ចិន បានដំណើរការទៅយ៉ាងល្អប្រសើរក្នុងពេលកន្លងមក។

មានមតិឆ្លើយតបវិញនាយឧត្តមសេនីយ៍ WEI FENGHE បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា នៅប្រទេសចិន និងការចូលរួមក្នុងវេទិកាសៀងសានលើកទី៨ នៅប្រទេសចិន បានសបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាគាំទ្រ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកងទ័ពរំដោះប្រជាជនចិន និងបញ្ជាក់ឲ្យឃើញថា កម្ពុជាគាំទ្រពេញទំហឹងចំពោះព្រឹត្តិការណ៍ ពហុភាគីដែលបានរៀបចំឡើងដោយប្រទេសចិន។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន ជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឲ្យកាន់តែជិតស្និត រីកចំរើន និងរឹងមាំ។

រដ្ឋមន្រ្តីការពារជាតិចិន ក៏បានសំដែងការចូលរួមអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតសាកលទទួលបានជោគជ័យ ហើយគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី។ លោកបានមានប្រសាសន៍សង្កត់ធ្ងន់ថា «ជោគជ័យនេះ បានបញ្ជាក់ឲ្យឃើញថា ប្រជាជនកម្ពុជាគាំទ្រ និងជឿជាក់លើគណបក្សប្រជាជនកម្ពុជាដែលបានផ្តល់នូវសន្តិភាព និង ផលប្រយោជន៍ទៅថ្ងៃអនាគត»។

ឆ្លៀតក្នុងឧកាសនោះ រដ្ឋមន្ត្រីការពារជាតិចិន ក៏បានសំដែងការអបអរសាទរផងដែលចំពោះការសាងសង់វិមានឈ្នះឈ្នះ និងព្រឹត្តការណ៍ប្រារព្ធខួបលើកទី២០ឆ្នាំ ទិវានយោបាយឈ្នះឈ្នះនៅកម្ពុជា នាពេលខាងមុខនេះ។ នាយឧត្តមសេនីយ៍ បានចាត់ទុកវិមានឈ្នះឈ្នះជាសំណង់ស្ថាបត្យកម្ម ដែលបានឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាមានការផ្សះផ្សាជាតិ ប្រជាពលរដ្ឋខ្មែរមានសាមគ្គីជាតិតែមួយ នឹងឈ្នះទាំងអស់គ្នា។

ដើម្បីជំរុញឲ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក្រសួងការពារជាតិទាំងពីរ កាន់តែមានភាពជិតស្និទ្ធថែមទៀតនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានបញ្ជាក់ថា នឹងបន្តជំរុញការរក្សាផ្លាស់ប្ដូរ ប្រតិភូជាន់ខ្ពស់រវាងកងទ័ពទាំងពីរជាបន្តទៅទៀត, បន្តធ្វើលំហាត់នាគមាសឆ្នាំ២០១៩ ដែលនឹងធ្វើនៅខែមីនាឆ្នាំ២០១៩ខាងមុខ, បន្តជួយកសាងសង់វិទ្យាស្ថានទ័ពជើងគោកថ្លុកតាសេក រួមទាំងបន្តជួយហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សដល់ ខភម។

ក្នុងឱកាសនោះ សម្តេចពិជ័យសេនាទៀបាញ់ និងលោក WEI FENGHE បានចុះហត្ថលេខាលើពិធីសារកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ផងដែរ៕