(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី១០ ខែតុលានេះ បានប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

តាមរយៈអង្គភាពព័ត៌មាន Fresh News ឧត្តមសេនីយ៍ឯក ប៊ុន សេង ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការយោធភូមិភាគទី៥ ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ៕