(កណ្ដាល)៖ មន្ដ្រីអាវុធហត្ថខេត្ដកណ្ដាល បានប្រកាសស្វែងរកម្ចាស់រថយន្ដ Visto ពណ៌ទឹកប្រាក់ គ្មានស្លាកលេខមួយគ្រឿង ដែលត្រូវបានជនមិនស្គាល់មុខយកទៅផ្លុងចោល នៅមុខហាងលក់សាច់គោអាំង យីហោ «១៦៨» ស្ថិតនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៥កន្លងទៅ។ រហូតមកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅមិនទាន់ឃើញម្ចាស់រថយន្ដ មកទំនាក់ទំនងមន្ដ្រីអាវុធហត្ថនៅឡើយទេ ដែលបច្ចុប្បន្នរថយន្តមួយគ្រឿងនេះ ត្រូវបានយកមករក្សាទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថ ក្រុងតាខ្មៅ ។

មន្ដ្រីអាវុធហត្ថខេត្ដកណ្ដាល បានឱ្យដឹងថា ខណៈដែលកម្លាំងអាវុធហត្ថ ក្រុងតាខ្មៅ ចុះល្បាតក្នុងភូមិសាស្ដ្ររបស់ខ្លួន នៅថ្ងៃទី១៥ ខែកញ្ញា ក៏ប្រទះឃើញរថយន្ដមួយគ្រឿងនេះ ចតចោលនៅមុខហាងលក់សាច់គោអាំង ១៦៨ ប៉ុន្ដែមិនមានការចាប់អារម្មណ៍ ដោយគិតថាជារថយន្ដរបស់ប្រជាពលរដ្ឋ ដែលមានផ្ទះម្ដុំនោះ ។ លុះពេលចុះល្បាតនៅថ្ងៃទី១៦ ខែកញ្ញា វេលាម៉ោង ៨៖១៥នាទីយប់ ក៏ប្រទះឃើញរថយន្ដខាងលើ នៅនឹងកន្លែងដដែលមិនទាន់មាននរណាមកយកនោះទេ ដូច្នេះក៏មានការសង្ស័យ ហើយក៏សួរនាំទៅកាន់ប្រជាពលរដ្ឋ ក៏ត្រូវបានពួកគាត់ប្រាប់ថា ឃើញរថយន្ដនោះមួយយប់មួយថ្ងៃមកហើយ។

មន្ដ្រីអាវុធហត្ថបានសន្និដ្ឋានថា អាចជាករណីលួចរថយន្ដ លុះពេលជួបកម្លាំងល្បាតក៏ចតរថយន្ដចោល រត់គេចខ្លួនតែម្ដងទៅ ។ ដូច្នេះតាមរយៈអង្គភាព Fresh News មន្ដ្រីអាវុធហត្ថ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្រុងតាខ្មៅ ខេត្ដកណ្ដាល បើដឹងថារថយន្ដជារបស់ខ្លួន សូមមកទំនាក់ទំនងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មកទីបញ្ជាការដ្ឋានអាវុធហត្ថ ក្រុងតាខ្មៅ ដើម្បីយករថយន្ដត្រឡប់ទៅវិញ ហើយសួរនាំតាមសាវជ្រាវរកជនសង្ស័យ បើវាជាករណីលួចមែននោះ៕