(ភ្នំពេញ)៖ ជាការកត់សម្គាល់ មិនថាសិល្បករខ្មែរ ឬបរទេសនោះទេ តែងតែមានគណនីបណ្តាញសង្គមរៀងៗខ្លួន ក្នុងនោះដូចជា Facebook, Instagram, Twitter ជាដើម។ សិល្បករទាំងនោះ សុទ្ធសឹងតែមានទស្សនិកជន រង់ចាំគាំទ្ររាល់សកម្មភាពសិល្បៈរបស់ពួកគេ មិនថាការចេញបទចម្រៀង ឬខ្សែភាពយន្តឡើយ។

ខាងក្រោមនេះ គឺជាតារាល្បីៗរបស់កម្ពុជា ចំនួន១០ដួង ​មានចំនួនអ្នកគាំទ្រច្រើនជាងគេបំផុត ក្នុងបណ្តាញសង្គម Instagram គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ៖

ទី១៖ តារាចម្រៀង ឱក សុគន្ធកញ្ញា, នាងត្រូវបានសាធារណជនដាក់រហស្សនាមថា «កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា» ដែលនៅតែរក្សារប្រជាប្រិយភាព រហូតមកទល់នឹងបច្ចុប្បន្ន ទោះបីជាអ្នកនាង​មានប្ដី និងកូនរួចទៅហើយក្ដី ពោលគឺចាប់តាំងពីចូលច្រៀងដំបូង ក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ឆ្នាំ១៩៩៩។ ក្រោយមកចម្រៀងដែលធ្វើឲ្យនាងមានភាពល្បី រហូតមកមានដូចជាបទ «រឿងស្នេហាខ្ញុំ» និង​បទ «ស្នាមស្នេហ៍សមុទ្ររៀម» ជាដើម។ បច្ចុប្បន្នតារាចម្រៀងដួងនេះ កាន់តែមានអ្នកគាំទ្រច្រើនឡើងៗ ខណៈក្នុងបណ្តាញសង្គម Instagram គឺមានចំនួនអ្នក Follow ដល់ទៅ ៨៩៨K ស្មើ​នឹងជិត ៩០ម៉ឺននាក់។

ទី២៖ តារាសម្ដែង គង់ ច័ន្ទស្រីមុំ​, ទោះបីជានាងបានសាងជីវិតគ្រួសារ មានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ទៅហើយក្តី​ តែរូបសម្រស់របស់ គង់ ច័ន្ទស្រីមុំ នៅតែមានភាពទាក់ទាញ និងស្រស់ស្អាតជានិច្ច។ ពិធីការិនី និងជាអតីតតារាសម្តែងដួងនេះ ត្រូវបានមហាជនជាច្រើនគាំទ្រ ជាពិសេសគ្រប់គ្នា តាមដានរាល់សកម្មភាពរបស់នាង និងគ្រួសារ តាមរយៈបណ្តាញសង្គមផ្សេង ជាពិសេស Instagram តែម្តង។ មូលហេតុនេះ​ធ្វើឲ្យ គណនី Instagram របស់អ្នកនាង គង់ ច័ន្ទស្រីមុំ មានចំនួនអ្នក Follow រហូតដល់ទៅ ៧៨២K ស្មើ​នឹងជិត ៨០ម៉ឺននាក់។

ទី៣៖ តារាសម្ដែង មាន សូនីតា, ទោះបីជាមានសិល្បការិនីថ្មី ជំនាន់ក្រោយៗចូលសិល្បៈបន្តកន្ទុយគ្នាក៏ពិតមែន តែកញ្ញា មាន សូនីតា នៅតែស្ថិតក្នុងក្រសែ​ភ្នែកមហាជនដដែល។ នាងជាតារាស្រីមួយរូប ដែលតែងតែមានភាពសកម្មក្នុងបណ្តាញសង្គម ជាពិសេរាល់ដំណើរកំសាន្តទៅណាមកណា តែង​ចែករំលែកទៅដល់អ្នកគាំទ្របានដឹង។ តារាម៉ូដែល និងជាតារាសម្តែង ​ត្រូវបានគ្រប់គ្នាដាក់រហស្សនាមឲ្យជា «រាជនីក្រមា» មាន សូនីតា មានចំនួនអ្នក Follow ក្នុងបណ្តាញសង្គម Instagram ចំនួន ៧៥៨K ស្មើ​នឹងជាង ៧០ម៉ឺននាក់។

ទី៤៖ តារាសម្ដែង ម៉ាក សែនសូនីតា, តារាស្រីដួងនេះត្រូវបានមហាជនដឹងថា មានរូបសម្រស់ស្រស់សោភា និងទាក់ទាញបែបធម្មជាតិ តាំងពីកំណើត ​ជាហេតុធ្វើឲ្យមានទីផ្សារសិល្បៈមិនចេះទំនេរដៃឡើយ។ ដោយសារទេពកោសល្យសិល្បៈ និងរូបសម្រស់ តារាស្រីដួងនេះ ភាគច្រើនក្តាប់បានជាតួឯក ក្នុងភាពយន្តភាគល្បីៗ និងត្រូវប៉ាន់ខ្លាំងខាងថតសំអាងការ។ ក្នុងបណ្តាញសង្គម Instagram ម៉ាក សែនសូនីតា មានចំនួនអ្នក Follow ៦៧១K ស្មើ​នឹងជាង ៦០ម៉ឺននាក់។

ទី៥៖ តារាចម្រៀង សុគន្ធ និសា, ជាតារាចម្រៀងល្បីឈ្មោះមួយរូប ក្នុងផលិតកម្មរស្មីហង្សមាស។ តារាចម្រៀងដួងនេះ ត្រូវបានទស្សនិកជននិយមហៅថា តារាទឹកមុខស្រគត់ស្រគំ ​មានសំឡេងផ្អែមស្រទន់។ មិនខុសពីសិល្បការិនីខាងលើនោះទេ អ្នកនាង សុគន្ធ និសា តែងតែបង្ហាញសកម្មភាពប្រចាំថ្ងៃ ក្នុងបណ្តាញសង្គម Instagram ដោយក្នុងនោះគណនីរបស់អ្នកនាង មានចំនួនអ្នក Follow ៦៦១K ស្មើ​នឹងជិត ៧០ម៉ឺននាក់។

ទី៦៖ តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា, អតីតបេក្ខភាពក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី២ រូបនេះ កំពុងទទួលបានការគាំទ្រខ្លាំង ពីសំណាក់មិត្តៗយុវវ័យ។ ក្រោយពីការចូលប្រឡូកចម្រៀង នៅក្នុងផលិតកម្មរស្មីហង្សមាស។ តារាស្រីដួងនេះមានភាពល្បីល្បាញកាន់ខ្លាំងឡើងៗ តាមរយៈការបញ្ចេញចម្រៀងល្បីៗ និងឡើងឆាកតន្រ្តីធំៗ។ លើសពីនេះកញ្ញាថែមទាំងទទួលបាន ឱកាសកាន់តំណែងជាតួឯក និងជាតំណាងឲ្យផលិតផលធំៗថែមទៀតផង។ ជាក់ស្តែង ក្នុងបណ្តាញសង្គម Instagram របស់នាងគឺមានចំនួនអ្នក Follow ៦២១K ស្មើ​នឹងជាង ៦០ម៉ឺននាក់។

ទី៧៖ តារាចម្រៀង សុខ ពិសី, ក្រៅពីមានទឹកដមសំនៀងផ្អែមល្ហែម​ពីរោះរណ្តំ ជាគ្រាប់ពេជ្រប្រចាំផលិតកម្មសាន់ដេហើយនោះ កញ្ញា សុខ ពិសី ថែមទាំងមានសម្រស់ស្រស់ស្អាត សាច់សខ្ចី មានមន្តស្នេហ៍ទៀតផង។ រាល់ការចូលរួមកម្មវិធីសិល្បៈនានា មហាជនសង្កេតឃើញថា មានហ្វេនៗយ៉ាងច្រើនកុះករឈរគាំទ្រ កញ្ញា សុខ ពិសី ពីក្រោមឆាក ស្រែហ៊ោរកញ្ជៀវជាកំលាំងចិត្ត។ កាន់តែពិសេស ក្នុងបណ្តាញសង្គម Instagram កញ្ញា សុខ ពិសី មានចំនួនអ្នកគាំទ្រ ៦១១K ស្មើ​នឹងជាង ៦០ម៉ឺននាក់។

ទី៨៖ តារាចម្រៀង ពេជ្រ សោភា​, ចូលប្រឡូងក្នុងវិស័យសិល្បៈច្រើនឆ្នាំមកហើយ អ្នកនាង ពេជ្រ សោភា នៅតែមានការគាំទ្រច្រើនពីសំណាក់ហ្វេនៗប្រុសស្រី។ អ្វីដែលមហាជនកត់សម្គាល់ ទោះវ័យកាន់តែច្រើន តែរូបសម្រស់របស់ ពេជ្រ សោភា នៅតែក្មេង លេងស្ទីលខ្លួនបែបយុវវ័យ កាន់តែមានភាពលេចធ្លោរ​ខ្លាំង។ ដោយឡែក ងាកមកចាប់អារម្មណ៍អ្នក Follow ក្នុងបណ្តាញសង្គម Instagram គឺមានចំនួន ៦០០K ស្មើ​នឹង ៦០ម៉ឺននាក់។

ទី៩៖ តារាចម្រៀង ទេព បូព្រឹក្ស, តារាស្រីដួងនេះ តែងតែធ្វើនូវរឿងគួរឲ្យចាប់អារម្មណ៍ជាច្រើន តាមរយៈការតុបតែងស្ទីលខ្លួនប្លែក សម្រាប់កំដរអារម្មណ៍ទស្សនិកជន ពេលចូលរួមកម្មវិធីនានា ឬការប្រគំតន្ត្រី។ ជាមួយដៃគូដ៏ស័ក្កិសម គឺលោក ជី ដេវីត បានធ្វើឲ្យ ទេព បូព្រឹក្ស កាន់តែលេចធ្លោរ ជាពិសេសពេលអ្នកទាំងពីរច្រៀងចម្រៀងរួមគ្នា ទាំងបទបែបបុរាណ និងសម័យ។ យ៉ាងណាមិញ ក្នុងបណ្តាញសង្គម ក៏តារាដួងនេះ មានភាពសកម្មភាពខ្លាំងដែរ។ ជាក់ស្តែង​ក្នុង Instagram របស់នាង គឺមានចំនួនអ្នក Follow ៥៧៦K ស្មើ​នឹងជិត ៦០ម៉ឺននាក់។

ទី១០៖ តារាចម្រៀង ឆន សុវណ្ណារាជ,​ លោកគឺជាតារាចម្រៀងប្រុសមួយរូប ក្នុងផលិតកម្មរស្មីហង្សមាស ដែលមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន។ រាល់ចម្រៀងរបស់តារាប្រុសរូបនេះ តែងតែមានការគាំទ្រ ពីបណ្តាទស្សនិកជន ក្មេង ចាស់ ប្រុសស្រី ជាមួយនឹងទឹកដមសំនៀងស្រទន់ ពីរោះ។ មិនខុសពីសិល្បការិនី​ខាងលើឡើយ លោក ឆន សុវណ្ណារាជ តែងតែបង្ហាញជីវិតឯកជន តាមរយៈបណ្តាញសង្គម ដោយក្នុងនោះគណនី Instagram របស់លោក មានអ្នក Follow ចំនួន ៥៧០K ស្មើ​នឹង​ជិត៦០ម៉ឺននាក់៕