(ភ្នំពេញ)៖ ដូចគេដឹងហើយថា ប្រាសាទភ្នំដា ក្នុងខេត្តតាកែវ គឺជាប្រាសាទមួយ ស្ថិតនៅក្នុងបញ្ជីត្រៀមរបស់កម្ពុជា សម្រាប់ដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក ក្នុងចំណោមស្ថានីយ៍សំខាន់ៗ ដូចជា៖ ប្រាសាទបន្ទាយឆ្មារ ភ្នំឧត្តុង្គ ភ្នំគូលែន ព្រះខណ្ឌស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា ជាដើម។ បើគេទៅលេងតំបន់ប្រាសាទភ្នំដា គេនឹងឃើញប្រាសាទភ្នំដា ដែលសង់នៅសម័យអង្គរផង និងប្រាសាទចាស់មួយទៀត ដែលសង់នៅសម័យអាណាចក្រភ្នំ ឬហ្វ៊ូណនផង។
Fresh News សូមបង្ហាញពីប្រាសាទភ្នំដា ស្រង់ប្រភពពីរដ្ឋបាលខេត្តតាកែវ ដូចតទៅ៖
ប្រាសាទភ្នំដា កសាងនៅលើកំពូលភ្នំដា មានកម្ពស់៤០ម៉ែត្រ ប្រាសាទនេះបែមុខទៅទិសខាងជើងសំដៅទៅរករាជធានីនគរភ្នំ ដែលទីតាំងស្ថិតនៅស្រុកអង្គរបូរីសព្វថ្ងៃ។
ប្រាសាទនេះកសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ជ្រុងនីមួយៗមាន១២ម៉ែត្រ និងមានកម្ពស់១៨ម៉ែត្រ ពុំមានជណ្តើរទេ មានទ្វា៣ជាទ្វាបញ្ឆោតនិងទ្វា១ជាទ្វាពិតនៅជញ្ជាំងខាងជើង ហើយជញ្ជាំងក្រាសខុសប្លែកពីប្រាសាទនានា។
ប្រាសាទភ្នំដាពុំមានរបង (កំពែង) ព័ទ្ធជុំវិញទេ។ នៅខាងក្នុងមានតាំងលឹង្គព្រះឥសូរតាំងពីសម័យសាងសង់ប្រាសាទសម្រាប់ជាទីសក្ការៈបូជា។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សទី៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាដោយសារតែប្រាសាទភ្នំដាមានអាយុកាលចាស់តាំងពីសតវត្សទី ៦ នោះទើបក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ជួសជុលឡើងវិញ(សតវត្សទី១១) ដោយកត់សម្គាល់ឃើញផ្តែរ និងសសរពេជ្រប្រហាក់ប្រហែលគ្នា និងរចនាបទឃ្លាំង។ ដោយឡែកផ្តែរសសរពេជ្រត្រូវយកទៅរក្សាទុកនៅសារមន្ទីរអង្គរបូរីតាំងពីឆ្នាំ១៩៩៩។ ប្រាសាទភ្នំដាគឺជាប្រាសាទទោល។
* ទេវកថា
ផ្តែរនិងហោជាងប្រាសាទភ្នំដា ទាក់ទងនឹងរឿងកូរសមុទ្រទឹកដោះ ដែលតំណាលថា ជានិច្ចកាលពួកទេវៈ (ទេវតា) និងពួកអសុរៈ (យក្ស) ពុំដែលត្រូវគ្នាទេ ស្រាប់តែពេលមួយពួកគេបានឯកភាពគ្នាកូរសមុទ្រទឺកដោះដើម្បីយកទឹកអម្រឹត គេក៏បានយកភ្នំមន្តរៈដាក់ចំកណ្តាលសមុទ្រទឹកដោះ ហើយយកនាគវិសុគិមកធ្វើជាខ្សែសម្រាប់ទាញបង្វិលភ្នំឱ្យវិល។
ពេលនោះពួកអសុរៈ ចាប់ទាញខាងក្បាល និងពួកទេវៈចាប់ទាញខាងកន្ទុយប៉ុន្តែការទាញពុំអាចពុំអាចធ្វើឱ្យភ្នំមន្តរៈវិលបានទេ។ ប្រមើលឃើញដូចនោះព្រះវិស្ណុបានអវតាខ្លួន(ប្រែខ្លួន) ព្រះអង្គជាអណ្តើកកូម៌ មកដល់ក្រោមភ្នំដើម្បីជួយទេវៈនិងអសុរៈឱ្យបានសម្រេចដូចបំណង។ ពេលកំពុងកូរសមុទ្រទឹកដោះនោះ ពពួកនាទេពអប្សរាបានចេញមករេរាំអបអរសាទរពួក គេទាំងពីរក្រុម។ សម្រស់នាងទេពអប្សរាបានធ្វើឱ្យពួកអសុរៈនិងទេវៈភ្លាំងភ្លឹកលែងនឹកឃើញដល់ទឹកអម្រឹត។ ពេលនោះទឹកអម្រឹតកកើតមានឡើង ឃើញដូចនោះរាហ៊ូក៏បានទៅក្រេបទឹកអម្រឹតនោះទៅ។
ពេលរាហ៊ូកំពុងក្រេបទឹកអម្រឹត ព្រះអាទិត្យ និងព្រះច័ន្ទឃើញក៏បានរាយការណ៍ទៅព្រះវិស្ណុ ព្រះអង្គក៏បានយកកងចក្រគ្រវែងទៅលើរាហ៊ូបណ្តាលឱ្យដាច់ត្រឹមក តែរាហ៊ូមិនស្លាប់ទេព្រោះបានក្រេបទឹកអម្រឹតដល់ត្រឹមកប៉ុណ្ណោះ រីឯនាកវាសុគិ ខឹងក៏បានព្រួសពិសទៅលើរាហ៊ូតែពិសនោះបែជាទៅប៉ះព្រះឥន្ទទៅវិញធ្វើឱ្យមុខព្រះឥន្ទមានព័ណ៌ខៀវរហូតដល់សព្វថ្ងៃនេះ។ ចំពោះទឹកអម្រឹតកាលបើបានផឹកហើយនឹងមាន ជិវិតអមតៈ ដូច្នេះហើយដោយសារតែរាហ៊ូបានក្រេបទឹកអម្រឹតដល់ត្រឹមក ទើបពេលដែលព្រះវិស្ណុគ្រវែងកងចក្រត្រូវដាច់ត្រឹមកពុំស្លាប់ដោយមានតែក្បាលពុំមានខ្លួនដល់សព្វថ្ងៃ។
* ទីតាំងរមណីយដ្ឋានទេសចរណ៍ភ្នំដា
វាស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ មានចម្ងាយ ២៥គីឡូម៉ែត្រតាមផ្លូវទឹក និង៦៥គីឡូម៉ែត្រតាមផ្លូវគោកពីទីរួមខេត្តតាកែវ។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរដោយកង់ ម៉ូតូ រថយន្តតាមផ្លូវគោក និងទូក អូប័រតាមផ្លូវទឹក។
ភ្នំដាជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ បម្រើឱ្យភ្ញៀវទេសចរណ៍មកធ្វើការសិក្សាស្រាវជ្រាវ ស្វែងយល់អំពីប្រវត្តិសាស្ត្រនៃការកកើតឡើងដំបូងបង្អស់នូវទឹកដីប្រទេសកម្ពុជាក្នុងសម័យកាលដ៏យូរលង់ណាស់មកហើយ។ រីឯទេសភាពជុំវិញភ្នំក៏មានសម្រស់គួរឱ្យគយគន់ នារដូវវស្សាព័ទ្ធជុំវិញទៅដោយទឹកទឹកធំល្ហល្ហេវដូចជាសមុទ្រ ហើយនៅរដូវប្រាំងគឺជាវាលស្រែធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក។
ឥលូវនេះ វាជាទីតាំងទេសចរណ៍ដើម្បីទៅសម្រាកលំហែកាយ កម្សាន្តសប្បាយ ភ្លក្សរសជាតិម្ហូបអាហារក្នុងតំបន់ និងការសិក្សាស្រាវជ្រាវ៕