(ភ្នំពេញ)៖ រដ្ឋសភា បានកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។
តើនីតិវិធីនៃការបង្កើតច្បាប់មានដំណើរការបែបណា?
១៖ សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់
ក៖ សេចក្តីព្រាងច្បាប់
*ក្រសួងសាមីរៀបរៀងសេចក្តីព្រាងច្បាប់ម្នាក់ឯង ឬដោយសហការជាមួយក្រសួង ឬស្ថាប័នផ្សេងទៀតដែល ត្រូវបានសិក្សាដោយក្រុមអ្នកច្បាប់ ( ពិនិត្យធម្មនុញ្ញភាព និងច្បាប់ពាក់ព័ន្ធទាំងឡាយ ដែលនៅធរមាន )
*រួចបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី
*ការប្រជុំអាចធ្វើមួយលើក ឬច្រើនលើក ហើយត្រូវដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីពិនិត្យ និង សម្រេច
*នាយករដ្ឋមន្ត្រីត្រូវបំពេញទម្រង់បែបបទ ដើម្បីផ្ញើសេចក្តីព្រាងច្បាប់ជូនប្រធានរដ្ឋសភា មានជាអាទិ៍ អត្ថបទ សេចក្តីព្រាងច្បាប់ និងលិខិតស្នើសុំឱ្យរដ្ឋសភាពិនិត្យ និងអនុម័ត សេចក្តីថ្លែងហេតុ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី។
ខ៖ សេចក្តីស្នើច្បាប់របស់តំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា
*តំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា អាចផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់
*សេចក្តីស្នើច្បាប់ដើម ត្រូវបានដាក់ឱ្យក្រុមអ្នកជំនាញច្បាប់ដែលពាក់ព័ន្ធប្រជុំពិនិត្យ ពិភាក្សាអំពីធម្មនុញ្ញភាព និងបញ្ហាទាក់ទងទៅនឹងច្បាប់នានាជាធរមាន រហូតដល់សម្រេចបានជាសេចក្តីស្នើច្បាប់ចុងក្រោយ
*អ្នកតែងសេចក្តីស្នើច្បាប់ ឬតំណាងក្រុមតំណាងរាស្ត្រ ឬក្រុមសមាជិកព្រឹទ្ធសភាហត្ថលេខី ត្រូវធ្វើទម្រង់បែប បទផ្ញើជូនប្រធានរដ្ឋសភាមានជាអាទិ៍ ៖ អត្ថបទសេចក្តីស្នើច្បាប់ លិខិតស្នើសុំឱ្យរដ្ឋសភា ពិនិត្យ និងអនុម័ត និង សេចក្តីថ្លែងហេតុ។
២៖ នីតិវិធីពិនិត្យ និង អនុម័តច្បាប់នៅរដ្ឋសភា
ក៖ គណៈកម្មាធិការអចិន្ត្រៃយ៍
ប្រធានរដ្ឋសភាកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ពិនិត្យ សម្រេច បញ្ជូនសេចក្តីព្រាងច្បាប់ ឬសេចក្តី ស្នើច្បាប់ឱ្យគណៈកម្មការជំនាញពិនិត្យ ។
ខ៖ គណៈកម្មការជំនាញ
*ប្រជុំពិនិត្យផ្ទៃក្នុង
*អាចរៀបចំវេទិកាសាធារណៈ ( ស្តាប់ និងប្រមូលអនុសាសន៍ពីសាធារណៈមតិ )
*ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ឬតំណាងក្រុមតំណាងរាស្ត្រ ឬក្រុមសមាជិកព្រឹទ្ធសភាហត្ថលេខីនៃសេចក្តីស្នើ ច្បាប់ ( ប្រជុំមួយលើក ឬច្រើនលើក កែប្រែ ឬរក្សាទុកទាំងស្រុង ) រួចអនុម័ត ព្រម ឬមិនព្រមដាក់ចូលសម័យ ប្រជុំរដ្ឋសភា
*កូរ៉ុមសម្រាប់ការប្រជុំគណៈកម្មការនានា ត្រូវឱ្យមានលើសពីពាក់កណ្តាលនៃចំនួនសមាជិកទាំងមូល ឯការអនុម័តត្រូវយកតាមសម្លេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកគណៈកម្មការទាំងមូល
*គណៈកម្មការជំនាញធ្វើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ធ្វើរបាយការណ៍ អំពីលទ្ធផលនៃការ ពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់។
គ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
ប្រជុំពិនិត្យ និងអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា។
ឃ៖ សម័យប្រជុំរដ្ឋសភា
ឃ.១៖ រដ្ឋសភាអនុម័តព្រមបញ្ចូលក្នុងរបៀបវារៈ
ឃ.២៖ ប្រធានគណៈកម្មការជំនាញរាយការណ៍អំពីលទ្ធផលការងាររបស់ខ្លួន ជូនរដ្ឋសភា
ឃ.៣៖ ការពិភាក្សា និងអនុម័តត្រូវធ្វើដូចតទៅ៖
*ពិភាក្សា និងអនុម័តលើខ្លឹមសារទាំងមូល គឺបញ្ចោញមតិថា តើគួរទទួលពិចារណាឬទេ
*ពិភាក្សា និងអនុម័តលើមាត្រាមួយម្តងៗ ឬលើជំពូកមួយម្តងៗ ដោយអានអត្ថបទសេចក្តីព្រាងច្បាប់ ឬសេចក្តី ស្នើច្បាប់ទាំងស្រុង ឬដោយធ្វើរបាយការណ៍សង្ខេប ខ្លឹមសារជំពូក មិនអានអត្ថបទ ឬ
*អង្គសភាអាចប្រើនីតិវិធីសង្ខេប ដោយពិភាក្សាតែមាត្រា ឬជំពូកណាដែលមានសំណើធ្វើវិសោធនកម្មជាលាយលក្ខណ៍អក្សរ
*តំណាងរាជរដ្ឋាភិបាល ឬតំណាងក្រុមតំណាងរាស្ត្រ ឬក្រុមសមាជិកព្រឹទ្ធសភាហត្ថលេខី និងប្រធានគណៈកម្មការ ជំនាញ សហការគ្នាការពារសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់។
៣៖ ការបញ្ជន្ជូទៅព្រឹទ្ធសភាពិនិត្យ និង ឱ្យយោបល់
*អត្ថបទសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័តលើកដំបូងរួចហើយ ត្រូវបញ្ជូនទៅព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់
*ព្រឹទ្ធសភាពិនិត្យ ហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួងដែលរដ្ឋសភាបានដាក់ឱ្យពិនិត្យ បើជាការប្រញាប់ រយៈពេលនោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ
*បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម ឬពុំបានឱ្យយោបល់សោះ ក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេ ច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ
*បើព្រឹទ្ធសភាសុំឱ្យកែសម្រួលសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះ រដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទី២, រដ្ឋសភាត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុចណាដែលព្រឹទ្ធសភាសុំឱ្យកែសម្រួល ដោយបដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ
*ការបង្វិលទៅបង្វិលមក រវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេលមួយខែ, រយៈពេលនេះត្រូវបន្ថយមក ត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសម្រេចពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃ បើជាការប្រញាប់
*បើរដ្ឋសភាទុកឱ្យហួសរយៈពេលកំណត់ ឬពន្យារពេលដែលកំណត់ទុកសម្រាប់ពិនិត្យនោះ រយៈពេលជាគោលការណ៍ សម្រាប់រដ្ឋសភា និងព្រឹទ្ធសភា ត្រូវបន្ថែមឱ្យស្មើគ្នាដែរ
*បើព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើកទី២ បានមុនរយៈពេលមួយខែទេ, រយៈពេលនេះ ត្រូវបន្ថយមកត្រឹម១៥ថ្ងៃ បើពិនិត្យពីថវិកា ជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់
*ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ជាលើកទី២នេះ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និងយកតាមមតិភាគច្រើនដាច់ខាត
*សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ណា ដែលបានសម្រេចដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ។
៤៖ នីតិវិធីប្រកាសឱ្យប្រើ
*ប្រធានរដ្ឋសភា ត្រូវផ្ញើលិខិត និងឯកសារភ្ជាប់ជូននាយករដ្ឋមន្ត្រី ដើម្បីឲ្យចាត់ការតាមនីតិវិធីស្នើសុំព្រះមហាក្សត្រ ទ្រង់ទ្បាយព្រះហស្តលេខា លើព្រះរាជក្រមប្រកាសឱ្យប្រើ
*ចំពោះច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ត្រូវផ្ញើជូនប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យអំពីធម្មនុញ្ញភាព ជាមុនសិន មុននឹងប្រកាសឲ្យប្រើ។
៥៖ ការចូលជាធរមាននៃច្បាប់
*ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យ ចប់សព្វគ្រប់រួចហើយ ហើយត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញ ក្នុងរយៈពេលដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំងប្រទេស ក្នុងរយៈពេលម្ភៃថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ ប៉ុន្តែបើច្បាប់នេះបានចែងថា ជាការប្រញាប់ ច្បាប់នេះត្រូវចូលធរមានភ្លាមនៅទូទាំងប្រទេស ក្រោយថ្ងៃប្រកាស ឱ្យប្រើ។
*ច្បាប់ដែលព្រះមហាក្សត្រ ទ្រង់បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ច និងផ្សព្វផ្សាយនៅទូទាំងប្រទេស ឲ្យទាន់តាមពេលវេលាកំណត់ខាងលើ៕