(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយទូលព្រះអង្គថា អាចធ្វើទៅបាន។
តើនីតិវិធីសេរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាធ្វើឡើងដោយរបៀបណា?
បើតាមរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ១៥៣. ថ្មី (ពីរ មាត្រា ១៥១ ថ្មី) បានឲ្យដឹងថា «ការផ្តើមគំនិតសើរើ ឬការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល»។ ជាមួយគ្នានេះ មាត្រា ១៤៣. ថ្មី (មាត្រា ១២៤ ចាស់) បានឲ្យដឹងថា «ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្តីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ»។
នៅត្រង់ចំណុចនេះ ក្រោយពីមានសេចក្តីស្នើសុំសើរើ ឬធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជសារមួយពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ។ បន្ទាប់មក ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គ ហើយទូលថ្វាយព្រះមហាក្សត្រវិញថា សេចក្តីស្នើសុំសើរើ ឬធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញអាចធ្វើទៅបាន ឬអត់។ ចុងក្រោយ ព្រះមហាក្សត្រ នឹងចេញព្រះរាជសារទៅម្ចាស់សំណើវិញតាមសេចក្តីក្រាបទូលថ្វាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
បើសិនជាសំណើសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញអាចធ្វើទៅបាន ដំណើរការបន្ត ការអនុវត្តដូចរដ្ឋធម្មនុញ្ញមាត្រា ១៥៣. ថ្មី (ពីរ មាត្រា ១៥១ ថ្មី) បានកំណត់ថា «ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភាតាមមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល»។
សូមជម្រាបថា បើតាមរដ្ឋធម្មនុញ្ញ មាត្រា ១៥៤. ថ្មី (ពីរ មាត្រា ១៥២ ថ្មី) បានឲ្យដឹងថា ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវហាមឃាត់មិនឲ្យធ្វើ នៅពេលប្រទេសជាតិឋិតក្នុងភាពអាសន្ន ដូចមានចែងក្នុងមាត្រា៨៦។ បន្ថែមលើនេះ បើតាមមាត្រា ១៥៥. ថ្មី (ពីរ មាត្រា ១៥៣ ថ្មី) បានកំណត់ថា ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើបានឡើយកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ៕
ចំណេះដឹងទូទៅដែលពាក់ព័ន្ធគួរអាន៖
- រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ បានធ្វើវិសោធនកម្ម ១០លើកហើយ