(ភ្នំពេញ)៖ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ជាសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលនាំទៅដល់ការបោះឆ្នោត នាខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ ដើម្បីបង្កើតសភាធម្មនុញ្ញមួយនៃប្រទេសកម្ពុជា។ តួនាទីជាសារវន្តនៃសភាធម្មនុញ្ញនេះ គឺតាក់តែងនិងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជា និងប្រែក្លាយខ្លួនទៅជាសភានីតិបញ្ញត្តិមួយ ដែលនឹងត្រូវបង្កើតរដ្ឋាភិបាលថ្មីមួយឡើង។

សភាធម្មនុញ្ញត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ក្រោមអធិបតីភាពរបស់សម្តេច នរោត្តម សីហនុ ព្រមទាំងមានវត្តមានលោក យ៉ាស៊ូស៊ី អាកាស៊ី តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រមុខអ៊ុនតាក់នៅកម្ពុជានិងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ។

រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ បានធ្វើវិសោធនកម្ម ១០លើកហើយ រួមមាន៖

*១- ច្បាប់ធម្មនុញ្ញស្ដីពីការកែប្រែមាត្រា២៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ នាសម័យប្រជុំសាមញ្ញសម័យពិសេសហើយប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤។

*២- ច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១១ ១២ ១៣ ១៨ ២២ ២៤ ២៦ ២៨ ៣០ ៣៤ ៥១ ៩០ ៩១ ៩៣ និងមាត្រាទាំងឡាយ នៃជំពូកទី៨ ដល់ជំពូកទី១៤ នៃរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័តនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី២ ហើយប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៩។

*៣- ច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១៩ និងមាត្រា២៩ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលសភាបានអនុម័តនៅថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០០១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី២ ហើយដែលព្រឹទ្ធសភាបានអនុម័តយល់ស្របលើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០០២ និងប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/១១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០១។

*៤- ច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៨៨ និងមាត្រា១១១ថ្មី នៃរដ្ឋធម្មនុញ្ញដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំរដ្ឋសភាលើកទី២  នីតិកាលទី៣ ហើយដែលព្រឹទ្ឋសភាបានអនុម័តយល់ស្របលើទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី១ និងប្រកាសឱ្យប្រើដោយរាជក្រមលេខ នស/រកម/០៦០៥/០១៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥។

*៥- ច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៨២ មាត្រា៨៨ មាត្រា៩០ថ្មី មាត្រា៩៨ មាត្រា១០៦ថ្មី មាត្រា១១១ថ្មី(មួយ) មាត្រា១១៤ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៦ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវ ដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលរដ្ឋសភាអនុម័ត នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៣ និងដែលព្រឹទ្ធសភាពុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីពិនិត្យច្បាប់នេះឱ្យទាន់តាមការកំណត់របស់មាត្រា១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០០៦។

*៦- ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ១៤៥ថ្មី និងមាត្រា ១៤៦ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៨ នាសម័យប្រជុំរដ្ឋសភាលើក ទី៧ នីតិកាលទី៣ និងដែលព្រឹទ្ធសភាពុំមានពេលវេលាគ្រប់គ្រាន់ អាចពិនិត្យ និងឱ្យយោបល់តាមលក្ខខណ្ឌកំណត់ក្នុងមាត្រា ១១៣ថ្មី នៃរដ្ឋធម្មនុញ្ញបានឡើយ ហើយប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០២០៨/០០៨ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ។

*៧- ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយពី ជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មីនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៥ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៣ និងប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ។

៨- ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពី ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៣ និងប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/ ០២១៨/០០២ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។

៩- ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ និងប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២១/០១៦ ចុះថ្ងៃទី០៣ខែវិច្ឆិកា ឆ្នាំ២០២១។

១០- ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មីមាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និង មាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវ ដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលរដ្ឋសភាបានអនុម័តកាល ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើ ទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤ និងប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តួចផ្តើមគំនិតស្នើរាជរដ្ឋាភិបាល សិក្សាអំពីទិដ្ឋភាពច្បាប់ដើម្បីរៀបចំធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលគប់គិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើទៅបាន៕