(ភ្នំពេញ)៖ ចំណេះដឹងទូទៅសម្រាប់ថ្ងៃនេះ Fresh News នឹងនាំលោកអ្នកមកចាប់អារម្មណ៍ពីប្រវត្តិសង្ខេបនៃទំនាក់ទំនងទ្វេភាគីកម្ពុជា និងឥណ្ឌូនេស៉ី ដែលជាមិត្តសម្លាញ់នឹងគ្នាតាំងពីអតីតកាល ទោះបីមិត្តទាំងពីរមានរបាំងមហាសាគរដ៏ធំល្វឹងល្វើយ និងនៅឆ្ងាយពីគ្នាបន្តិចក៏ដោយ។
ជាមិត្តល្អ រហូតដល់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៣ បានយកឈ្មោះបុរសរដ្ឋឥណ្ឌូនេស៊ី ២រូប មកប្រសិទ្ធនាមផ្លូវថ្មី ២ខ្សែគឺ៖ មហាវិថី ស៊ូកាណូ និងមហាវិថីអាលី អាឡាតាស់ ផងដែរ។
១៖ ប្រវត្តិនៃទំនាក់ទំនងទ្វេភាគីនៃយុគសម័យបុរាណ
ក្នុងឯកសារប្រវត្តិសាស្ត្រជាប្រពៃណី ជាពិសេសឯកសារស្រាវជ្រាវដោយលោក ហ្សក សឺដេស (George Coedès) ប្រវត្តិវិទូបារាំង និងលោក ត្រឹង ងារ ប្រវត្តិវិទូខ្មែរ បានឲ្យដឹងថា កម្ពុជានិងឥណ្ឌូនេស៊ី (កោះជ្វា) មានទំនាក់ទំនងគ្នា នៅសតវត្សរ៍ទី៨។ ប៉ុន្តែ ឯកសារប្រវត្តិសាស្ត្រ ដែលសរសេរដោយលោក ក្លូដ ហ្សាក់ (Claude Jacques) ប្រវត្តិវិទូបារាំង និងលោក Michael Vickery ប្រវត្តិវិទូអាមេរិក បានលើកឡើងខុសពីនេះ ដូច្នេះយើងសូមមិននិយាយលម្អិតពីប្រវត្តិនៃទំនាក់ទំនងទ្វេភាគីនៃយុគសម័យបុរាណឡើយ។
២៖ ប្រវត្តិនៃទំនាក់ទំនងទ្វេភាគីនៃយុគសម័យទំនើប
សម្រាប់ប្រវត្តិនៃទំនាក់ទំនងទ្វេភាគីនៃយុគសម័យទំនើប យើងនឹងដកស្រង់ដោយសង្ខេបចេញពីឯកសាររបស់ស្ថានទូតឥណ្ឌូនេស៊ីប្រចាំរាជធានីភ្នំពេញ។
ក៖ សេចក្តីសង្ខេប
*នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៥៩ សន្ធិសញ្ញាមិត្តភាពរវាងឥណ្ឌូនេស៊ី និងកម្ពុជា ត្រូវបានបង្កើតឡើង។
*នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៦២ ការសម្ពោធស្ថានទូតឥណ្ឌូនេស៊ីនៅទីក្រុងភ្នំពេញ។
*ឆ្នាំ១៩៧៥-១៩៩១ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំទីក្រុងបាងកក និងទទួលបន្ទុកការងារនៅកម្ពុជាផង។
*ឆ្នាំ១៩៩៣ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅទីក្រុងភ្នំពេញ បានបើកដំណើរការវិញ។
*ឆ្នាំ២០២៤ ខួបលើកទី៦៥ នៃទំនាក់ទំនង ឥណ្ឌូនេស៊ី និងកម្ពុជា។
ខ៖ សន្និសីទអាស៊ីអាហ្វ្រិកឆ្នាំ១៩៥៥
លោកប្រធានាធិបតី Soekarno បានជួបគាល់ព្រះករុណាព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាលើកដំបូងនៅក្នុងសន្និសីទអាស៊ី-អាហ្វ្រិក នៅទីក្រុង Bandung ថ្ងៃទី១៨-២៤ ខែមេសា ឆ្នាំ១៩៥៥។ សន្និសីទអាស៊ី-អាហ្វ្រិក ត្រូវបានចូលរួមដោយមេដឹកនាំនៃរដ្ឋដែលទើបបង្កើតថ្មី។ គោលដៅ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋទាំងនេះ និងរួមគ្នាប្រឆាំងនឹងអាណានិគមនិយម និងលទ្ធិអាណានិគមនិយម។
គ៖ មិត្តភាពរវាងប្រធានាធិបតី ស៊ូការណូ និងព្រះករុណា ព្រះបាទសម្តេច នរត្តម សីហនុ
លោក ស៊ូកាណូ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅក្នុងដំណើរ ទស្សនកិច្ចផ្លូវការមកកាន់ទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៦០។ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានយាងទស្សនកិច្ចផ្លូវការ នៅទីក្រុងហ្សាកាតា ក្នុងឆ្នាំ១៩៦៤។
ឃ៖ ការចូលរួមចំណែករបស់ឥណ្ឌូនេស៊ី ចំពោះសន្តិភាពកម្ពុជា
*កិច្ចប្រជុំក្រៅផ្លូវការទីក្រុងហ្សាការតា (JIM) I នៅថ្ងៃទី៥-២៨ ខែកក្កដា ឆ្នាំ១៩៨៨។
*កិច្ចប្រជុំក្រៅផ្លូវការ ទីក្រុងហ្សាការតា (JIM) II នៅថ្ងៃទី១៩-២១ ខែកុម្ភៈ ឆ្នាំ១៩៨៩។
*កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
*អាជ្ញាធរអន្តរកាលរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩២។
*កងរក្សាសន្តិភាពនៃទ័ពគ្រុឌរបស់ឥណ្ឌូនេស៊ី ៣.៩៥៧នាក់ ១៩៩២-១៩៩៣។
ស្តូបមិត្តភាពឥណ្ឌូនេស៊ី-កម្ពុជា នៅខេត្តកំពង់ធំ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩៩៣ ដើម្បីរំលឹកការចូលរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ី ក្នុងការស្តារសន្តិភាពនៅកម្ពុជា៕