(ឥណ្ឌូណេស៉ី)៖ ប្រាសាទបុរាណចំនួន២ ដែលកំពុងល្បីល្បាញខ្លាំង នៅឯកោះជ្វា (Java Island) ប្រទេសឥណ្ឌូណេស៉ី គឺ ប្រាសាទព្រហ្មបាណន់ (Prambanan) និងប្រសាទ Borobudur។ ការណ៍ដែលហ៊ាននិយាយថា ល្បីល្បាយខ្លាំង ព្រោះប្រាសាទទាំងនេះ តែងតែត្រូវបានបង្ហាញនៅទីសាធារណៈ ពោលគេនឹងឃើញនៅតាមអាកាសយានដ្ឋាន ភោជនីយដ្ឋាន ដងវិថី និងតាមអគារ ជាដើម។
ប្រសាទ Borobudur គឺជាពុទ្ធសាសនាដ្ឋាន ដែលធំជាងគេលើលោក ចំណែកឯប្រាសាទព្រហ្មបាណន់ គឺជាទេវស្ថានធំជាងគេលំដាប់ទី២ នៅអាស៊ាន បន្ទាប់ពីតំបន់អង្គរ ដែលជាប់លេខ១។ ដោយសារកត្តានេះហើយ បានជា Fresh News យកប្រាសាទព្រហ្មបាណន់ និងប្រសាទបុរោពុទ្ធោ មកបង្ហាញជាចំណេះដឹងទូទៅសម្រាប់ថ្ងៃនេះ។
- ប្រសាទ Borobudur
ពុទ្ធសាសនដ្ឋានដែលធំជាងគេលើពិភពលោកនោះ គឺប្រាសាទបុរោពុទ្ធោ ដែលបច្ចុប្បន្នស្ថិតនៅកោះជ្វាកណ្ដាល នៃប្រទេសឥណ្ឌូណេស៉ី។ ប្រាសាទនេះ ត្រូវបានកសាងឡើងនៅសតវត្សទី៨-៩ ក្នុងរជ្ជកាលព្រះបាទ King Sanjaya ដែលជាព្រះមហាក្សត្រជ្វានៃរាជវង្សសៃលិន្ទ្រៈ (Sailendra dynasty) សោយរាជ្យនៅអាណាចក្រស្រីវិជ័យ (Sri Vijaya)។
ប្រាសាទដ៏ធំខ្ពស់ស្កឹមស្កៃមួយនេះលាតសន្ធឹងលើផ្ទៃដីទំហំ ២ ៥២០ម៉ែត្រក្រឡា មានរាងដូចពីរ៉ាមីតកម្ពស់៨ជាន់ និងមានព្រះពុទ្ធបដិមាចំនួន៥០៤អង្គ ដែលត្រូវបានគេដាក់តម្កល់នៅក្នុងចេតិយនីមួយៗ។ មានការកត់ត្រាថា ពុទ្ធសាសនដ្ឋានដ៏ធំនេះកើតចេញពីភាពឧស្សាហ៍ព្យាយាមរបស់ប្រជាជនជ្វា ក្នុងការយកថ្មភ្នំភ្លើងធំៗ ទៅតម្រៀបជាមហាប្រាសាទតាមបែបរចនាបថជ្វាបុរាណ។ ផ្នែកខាងក្រៅនៃជាន់នីមួយៗ ក្រៅពីមានឆ្លាក់ក្បូរក្បាច់នៅលើថ្មភ្នំភ្លើងហើយ ក៏មានឆ្លាក់រូបភាពរៀបរាប់ពីរឿងពុទ្ធប្រវត្តិ និងរឿងនិទានជាតកដ៏ស្រស់ស្អាតដល់ទៅ ១ ៣០០រូប។ ប្រសិនបើយករូបនេះមកតភ្ជាប់គ្នាជាខ្សែតែមួយវិញ វានឹងមានប្រវែងដល់ទៅជិត ៤គីឡូម៉ែត្រ។
ប្រាសាទបុរោពុទ្ធោត្រូវបានគេបោះបង់ចោលនៅក្នុងព្រៃ បន្ទាប់ពីអាណាចក្រស្រីវិជ័យត្រូវបានដួលរលំនៅសតវត្សទី១៤ ដោយជំនួសមកវិញដោយអាណាចក្រ Majapahit ដែលប្រកាន់ឥស្លាមសាសនា។ នៅគ្រិស្ដសករាជ១៨១៤ ទើបប្រាសាទនេះត្រូវបានរកឃើញសាជាថ្មីដោយសម្តេច ថូម៉ាស ស្តេមហ្វត រ៉ាហ្វហ្វល (Sir Thomas Stamford Raffles) ដែលជាទេសាភិបាលចក្រភពអង់គ្លេសគ្រប់គ្រងនៅទឹកដីជ្វា និងម៉ាឡេ កាលសម័យនោះ។
សូមជម្រាបថា ប្រាសាទ Borobudur ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឆ្នាំ១៩៧០ ខណៈការជួសជុលទ្រង់ទ្រាយធំនោះត្រូវបានធ្វើឡើងចន្លោះឆ្នាំ១៩៧៥-១៩៨២។ ពុទ្ធសាសនដ្ឋានធំជាងគេនៅលោកមួយនេះបានក្លាយជាតំបន់ទេសចរណ៍បេតិកភណ្ឌដ៏ទាក់ទាញមួយប្រចាំប្រទេសឥណ្ឌូណេស៉ី។
- ប្រាសាទព្រហ្មបាណន់
បើនិយាយអំពីទេវស្ថានដែលធំជាងគេនៅលើពិភពលោក គ្រប់គ្នាប្រាកដជាស្គាល់តំបន់អង្គររបស់កម្ពុជា រីឯទេវស្ថានតាមបែបហិណ្ឌូដ៏ល្បីឈ្មោះមួយទៀតនោះ គឺក្រុមប្រាសាទព្រហ្មបាណន់ ឬ ហារ៉ាជុងហ្គ្រាង ដែលស្ថិតនៅលើកោះជ្វាកណ្ដាល ដោយតំបន់នេះបានជាប់ឈ្មោះជាទេវស្ថានធំជាងគេទីពីរនៅអាស៊ាន បន្ទាប់ពីតំបន់រមណីយដ្ឋានអង្គរ។
ព្រហ្មបាណន់ ជាពាក្យដែលហៅតាមភាសាសំស្ក្រឹត ចំណែកឯពាក្យ Rara Jonggrang គឺហៅតាមភាសាជ្វា ដែលជាភាសាដើមរបស់ប្រជាជននៅឥណ្ឌូណេស៉ីបច្ចុប្បន្ន។
ក្រុមប្រាសាទព្រហ្មបាណន់ចាប់ផ្ដើមកសាងឡើងដំបូងនៅគ្រិស្ដសករាជ ៨៥០ ក្នុងរជ្ជកាលព្រះបាទ King Rakai Pikatan ដើម្បីអបអរចំពោះកងទ័ពរាជវង្ស Sanjaya dynasty នៃអាណាចក្រ Mataram Kingdom ដែលទទួលបានជ័យជម្នះទៅលើរាជវង្សសៃលិន្ទ្រៈ (Sailendra dynasty) នៃអាណាចក្រស្រីវិជ័យ និងបញ្ចប់ការសាងសង់នៅគ្រិស្ដសករាជ ៨៥៦ ក្នុងរជ្ជកាលព្រះបាទ King Dyah Lokapala និងព្រះបាទ King Balitung Maha Sambu។
ភូមិប្រាសាទព្រហ្មបាណន់នេះ មានកំពែងរាងការ៉េបីជាន់ព័ទ្ធជុំវិញ ទីធ្លាខាងក្នុងបំផុតមានមហាប្រាសាទចំនួន ៣ ខណៈប្រាសាទកណ្តាលសាងសង់ឡើងសម្រាប់ថ្វាយព្រះសិវៈ ប្រាសាទខាងត្បូងសម្រាប់ឧទ្ទិសថ្វាយព្រះព្រហ្ម និងប្រាសាទនៅទិសខាងជើងសម្រាប់ថ្វាយព្រះវិស្ណុ។
នៅក្នុងរជ្ជកាលព្រះបាទ King Balitung Maha Sambu ព្រះអង្គបានពង្រីកទីធ្លាភូមិប្រាសាទនេះបន្ថែមទៀត ដោយបានកសាងប្រាសាទតូចៗជាច្រើននៅជុំវិញមហាប្រាសាទទាំង ៣ ខាងលើ និងបានកសាងមហាប្រាសាទធំចំនួន ៣ ទៀត ដើម្បីឧទ្ទិសថ្វាយព្រះនាងទុគ៌ា (ព្រះមហេសីរបស់ព្រះសិវៈ) ព្រះគណេស (ព្រះរាជបុត្ររបស់ព្រះសិវៈ) និងគោនិន្ទដែលជាសត្វជំនិះរបស់ព្រះសិវៈផងដែរ។ ការពង្រីកទីធ្លា និងការកសាងប្រាសាទបន្ថែមនេះ ធ្វើឱ្យភូមិប្រាសាទហិណ្ឌូមួយនេះមានប្រាង្គប្រាសាទតូចធំដល់ទៅ ២៤០ ឯណោះ។ នៅពីលើតួប្រាសាទមានរូបចម្លាក់បង្ហាញពីឈុតឆាកនៅក្នុងរឿងរាមាយណៈ។
ក្រុមប្រាសាទដ៏អស្ចារ្យទាំងនេះត្រូវបានទុកចោលឱ្យទ្រុធទ្រោម ចាប់ពីអាណាចក្រម៉ាតារ៉ាមដួលរលំ រហូតដល់ឆ្នាំ១៩១៨ ទើបជួសជុលសាជាថ្មីឡើងវិញ។ ទេវស្ថាននេះត្រូវចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីឆ្នាំ១៩៩១៕