(ភ្នំពេញ)៖ អត្ថបទមុន លោកអ្នកបានស្គាល់ហើយពីប្រាសាទតាមាន់ធំ ជាប្រាសាទដែលមានទំហំធំជាងគេ ក្នុងចំណោមប្រាសាទដែលនៅជុំវិញនោះ មានដូចជា ប្រាសាទចាន, ប្រាសាទតាមាន់តូច, ប្រាសាទតាមាន់, ប្រាសាទលាក់ និងប្រាសាទដៃកី។ សម្រាប់អត្ថបទចំណេះដឹងទូទៅមួយនេះ Fresh News នឹងបង្ហាញពីប្រាសាទតាមាន់តូចម្តង។
ប្រាសាទតាមាន់តូច ជាអរោគ្យសាលាដែលកសាងដោយ ព្រះបាទជ័យវរ្ម័នទី៧។ បើតាមឯកសាររបស់ថៃបានបញ្ជាក់ថា នៅឆ្នាំ១៩៩០-១៩៩១ ព្រះម្ចាស់សិរិន្ទ្រថន និងប្រតិភូនៃមន្ទីវប្បធម៌ និងវិចិត្រសិល្បៈថៃ មកសម្ពោធប្រារព្ធពិធីបើកការរដ្ឋាន និងជួសជុលប្រាសាទ។ ហើយរូបបដិមា និងវត្ថុបុរាណជាច្រើន ត្រូវបានថៃប្រមូលយកទៅតម្កល់ទុកនៅសារមន្ទីរសុរិន្ទ និងសារមន្ទីរនគររាជ។
ខាងក្រោមនេះជាអត្ថបទ ដែលដកស្រង់ពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ៖
ប្រាសាទតាមាន់តូប គឺជាប្រាសាទរបស់ខ្មែរ ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល។ ប្រាសាទនេះនៅចម្ងាយប្រមាណ ៨០០ម៉ែត្រ ទិសពាយព្យនៃប្រាសាទតាមាន់ធំ។ ប្រាសាទតាមាត់តូច មានអ្នកសិក្សាបារាំង៣រូប រួមមាន លោក Bruno Bruguier, លោក Olivier Cunin និងលោកស្រី Juliette Lacroix ចុះចូលទៅក្នុងបញ្ជីលេខ #K373។
ប្រាសាទតាមាន់តូច គឺជាប្រាសាទ ឬហោរបន់ស្រន់ ដែលកសាងក្នុងបរិវេណរបស់មន្ទីរពេទ្យ ដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ក្នុងចុងសតវត្សទី១២ និងដើមសតវត្សទី១៣។ ព្រះបាទជ័យវរ្ម័នទី៧ បានកសាងមន្ទីរពេទ្យចំនួន ១០២ បម្រើសុខភាពសាធារណៈ នៅក្នុងចក្រភពខ្មែរ។
ប្រាសាទតាមាន់តូច គឺមានប្រាង្គចំនួនមួយកសាងពីថ្មភក់ និងថ្មបាយក្រៀមមានរាងបួន ជ្រុងមានប្រវែង ៤ម៉ែត្រx៤ម៉ែត្រ មានយ៉ឬមណ្ឌលមួយ លយចេញពីប្រាង្គកណ្តាលប្រវែង ២.៣០ម៉ែត្រ កម្ពស់ ១១.០០ម៉ែត្រ។ ប្រាង្គធ្វើពីថ្មបាយក្រៀម កំពូលធ្វើពីថ្មភក់ពណ៌ប្រផេះមានរាងជាក្រពុំឈូក ទ្វារចូលខាងមុខទិសខាងកើតមានប្រវែង ១០.៨០ម៉ែត្រ មានមុខកាត់ ១.០០ម៉ែត្រធ្វើជាបន្ទប់។ ដំបូលយ៉ខាងមុខធ្វើពីថ្មភក់លាយជាមួយថ្មបាយក្រៀម ហើយជញ្ជាំងខាងជើងជាបង្អួចបិទជិត ហើយខាងត្បូងជាបង្អួចបើក។ ចំណែកឯទ្វារនៅទិសខាងលិច ខាងត្បូង និងខាងជើង ចំនួនបីជាទ្វារបញ្ឆោត។ ប្រាសាទនេះបែរមុខទៅទិសខាងកើត ។ បណ្ណាល័យប្រាសាទតាមាន់តូច មានចំនួនមួយកសាងពីថ្មបាយក្រៀម ស្ថិតនៅជិតមាត់កំពែងទិសអាគ្នេយ៍ពីប្រាង្គកណ្តាល បែរមុខទៅទិសខាងលិចមានរាងចតុ កោណកែងមានប្រវែង ៣.៦០ម៉ែត្រ x ៦.៨០ម៉ែត្រ ហើយមានទ្វារចូលមួយ ស៊ុម និងសសរធ្វើពីថ្មភក់ ។
កំពែងនៃប្រាសាទនេះកសាងពីថ្មបាយក្រៀមមានប្រវែងពីលិចទៅកើត ២៣.២០ម៉ែត្រ និងពីជើងទៅត្បូង ៣២.០០ម៉ែត្រ។ កំពែងនេះមានផ្លូវចូលតែមួយនៅទិសខាងកើត ដែលមានទ្វារចូលធ្វើជាបីបន្ទប់មានទទឹង ២.២០ម៉ែត្រ និង បណ្តោយ ១០.០០ម៉ែត្រ ធ្វើពីថ្មបាយក្រៀម លាយថ្មភក់។ បន្ទប់ខាងត្បូង និងខាងជើងធ្វើបែបតែមួយគឺ មានជញ្ជាំងសយចូលក្នុង និងចេញក្រៅ ១.០០ម៉ែត្រ ហើយមានបង្អួចចំនួន១ អមទាំងពីរខាង។ ចំណែកឯបន្ទប់កណ្តាល ជាបន្ទប់ធំជាងពេលលយចូលក្នុង និងចេញក្រៅមានប្រវែង ៣.៤០ម៉ែត្រ x ៤.៣០ម៉ែត្រ ហើយក្នុងនោះកំពែង ដែលនៅជាប់ព្ធទ្វារចូលខាងឆ្វេង និងខាងស្តាំ ត្រូវគេកាត់ជាផ្លូវចូលមានមុខកាត់ ០.៨០ម៉ែត្រ។ ជាមួយគ្នានេះដែរ នៅចំកណ្តាលបន្ទប់ខ្លោងទ្វារធំនេះ គេបានប្រទះឃើញសិលាចារឹកភាសាសំស្ក្រឹត ចារឹកជាអក្សរខ្មែរ មួយផ្ទាំងហើយ ត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរជាតិ ក្រុងបាងកក ហើយសិលាចារឹកនេះ ត្រូវបានអាន និងបកប្រែរួចហើយ។ ប្រាសាទតាមាន់តូច មានស្រះមួយនៅក្រៅកំពែងទិសឦសាន ដែលមានរៀបថ្មបាយក្រៀមជាជាន់ៗចុះទៅបាតស្រះ។
ឯកសារដទៃទៀតទាក់ទងនឹងប្រាសាទតាមាន់តូច៖
ចំពោះឯកសារដទៃទៀតជាច្រើន ក៏បានឲ្យដឹងស្រដៀងគ្នាថា យោងតាមសិលាចារឹកដែលបានរកឃើញនៅប្រាសាទតាព្រហ្ម ព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់អរោគ្យសាលា ចំនួន ១០២។ អរោគ្យសាលាបានរីករាលដាលពាសពេញអាណាចក្រតាមបណ្តោយផ្លូវធំៗ។ នៅក្បែរមន្ទីរពេទ្យនីមួយៗមានវិហារមួយ។ សិលាចារឹកជាច្រើនជាភាសាខ្មែរ និង សំស្រ្កឹត ត្រូវបានគេរកឃើញនៅជិតអរោគ្យសាលា ទាំងនេះទាក់ទងនឹងមន្ទីរពេទ្យទាំងនេះ។
សិលាចារឹកប្រាសាទតាមាន់តូច សរសេរជាភាសាខ្មែរមានបួនផ្ទាំង។ សិលាចារឹកនេះចាប់ផ្ដើមដោយខគម្ពីរសម្រាប់ការថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ អមដោយកណ្ឌសម្រាប់ព្រះបាទជ័យវរ្ម័នទី៧។ នៅលើផ្ទាំងទី២ វានិយាយអំពីបេសកកម្មរបស់ស្តេចក្នុងការសាងសង់អរោគ្យសាលា ការកសាងរូបព្រះពុទ្ធវៃរោចន និងការរៀបចំមន្រ្តីឲ្យធ្វើការនៅមន្ទីរពេទ្យ។ ការសរសេរនៅលើផ្ទាំងទី៣ អាចមើលឃើញតិចតួច។ សិលាចារឹកនៅលើផ្ទាំងទី៤ គឺជាបញ្ជីដែលធ្វើតាមព្រះរាជបញ្ជា ដែលហាមប្រាមមនុស្សមិនឲ្យធ្វើដល់ប្រាសាទ ហើយអ្នកណាដែលមិនគោរពតាមបញ្ជានឹងត្រូវទទួលទោស។ សិលាចារឹកបញ្ចប់ដោយពាក្យជូនពរ ព្រះបាទជ័យវរ្ម័នទី៧ សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ចម្រើនរុងរឿងជានិរន្តរ៍៕
ចំណេះដឹងទូទៅ ៣ទៀត ដែលគួរអាន៖
- ឈ្វេងយល់ពីប្រាសាទតាមាន់ធំ ដែលសាងសង់ឡើងដោយអតីតស្តេចខ្មែរ ព្រះបាទសូរ្យវរ្ម័នទី១
- ឈ្វេងយល់ពីប្រាសាទតាក្របីរបស់ខ្មែរ ដែលនៅមិនឆ្ងាយពីប្រាសាទតាមាន់ធំ
- ឈ្វេងយល់ពីឈ្មោះ «ប្រាសាទតាមាន់ធំ», ខ្មែរបុរាណមិនដែលហៅថា «ប្រាសាទតាមន្ត » ឬ «ប្រាសាទវេទមន្ត» ទេ