​(ភ្នំពេញ)៖ នៅអត្ថបទមុន លោកអ្នកបានជ្រាបច្បាស់ហើយអំពី «ប្រាសាទតាមាន់ធំ» ដែលសាងសង់ឡើងដោយអតីតស្តេចខ្មែរ ព្រះបាទសូរ្យវរ្ម័នទី១។ ប៉ុន្តែនៅក្នុងនោះ​ យើងឃើញថាមានបងប្អូនមួយចំនួនបានច្រឡំថា ប្រាសាទរបស់ខ្មែរមួយនេះ មានឈ្មោះថា «ប្រាសាទតាមន្ត​» និងខ្លះទៀតថា «ប្រាសាទវេទមន្ត» ទៅវិញ។ បើតាមសិលាចារឹក ប្រាសាទនេះមានឈ្មោះថា «សិវបាទបស្ចិម»។

ជាការពិតហើយ ការស្រាវជ្រាវ មិនទាន់រកឃើញថា «ប្រាសាទតាមាន់ធំ» ធ្លាប់មានឈ្មោះ «ប្រាសាទតាមន្ត» និង «ប្រាសាទវេទមន្ត» ឡើយ គឺឃើញតែការវិវត្តឈ្មោះពី ប្រាសាទតាមទាន់​ ➜ ប្រាសាទ​តាមាន់​ ➜ ប្រាសាទតាមាន់ធំ ដែលហៅតាមរឿងនិទាន។

ហេតុនេះហើយបានជាថ្ងៃនេះ​ ​Fresh News ចង់បង្ហាញពីឈ្មោះ​ «ប្រាសាទតាមាន់ធំ» ដូចតទៅ៖
មែនទែនទៅ ប្រាសាទបុរាណខ្មែរភាគច្រើន ដែលមានឈ្មោះហៅរហូតមកដល់សព្វថ្ងៃ គឺវាអាស្រ័យទៅលើប្រជាជននៅក្នុង តំបន់នោះជាអ្នកហៅ ឬជាអ្នកដាក់ឈ្មោះ។ ការហៅឈ្មោះ ឬដាក់ឈ្មោះឲ្យប្រាសាទទាំងនោះ គឺវាអាស្រ័យលើស្ថានភាព ទីតាំងភូមិសាស្ត្រ ធម្មជាតិជុំវិញ លក្ខណៈប្រាង្គរបស់ប្រាសាទ រឿងព្រេងដែលនិយាយតៗគ្នា ជួនកាលខ្លះទៀតគេហៅ ដោយយោងទៅតាមរូបបដិមា ឬចម្លាក់ផ្សេងៗ ដែលមាននៅក្នុងប្រាសាទស្រាប់ ដែលគេមានជំនឿ ឬយល់ថាសំខាន់ សម្រាប់ប្រជាជនរស់នៅជុំវិញសហគមន៍របស់ពួកគេ។

មានប្រាសាបុរាណខ្មែរចំនួនតិចតួច ដែលយើងអាចស្គាល់ឈ្មោះដើម តាមរយៈសិលាចារឹក ដែលរកឃើញនៅនឹងប្រាសាទផ្ទាល់។ ជាក់ស្តែង ប្រាសាទបាគង (ឥន្រ្ទសូរ) ប្រាសាទភ្នំបាខែង (យសោធរគីរី) ប្រាសាទព្រះគោ (បរមេស្វរ) ប្រាសាទបន្ទាយស្រី (ត្រីភួនមហេស្វរ) ប្រាសាទព្រះវិហារ (ស្រីសីខារេស្វរ) ។ល។ តែទោះបីជាប្រាសាទមួយចំនួនទាំងនោះ មានឈ្មោះដើមរបស់ខ្លួនក៏ដោយ ក៏យើងមិនបានហៅឈ្មោះដើមទាំងនោះទេ គឺយើងហៅទៅតាមរឿងព្រេង ឬតាមតថភាពជាក់ស្តែង។

បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ចំពោះប្រាសាទតាមាន់ធំ ក៏មិនខុសពីប្រាសាទបុរាណ ដែលរៀបរាប់ខាងលើនោះដែរ។ សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ជាពិសេសចាស់ៗគាត់និយាយ ថាប្រាសាទតាមាន់ធំ បើតាមចាស់ពីដើមៗតំណាលតៗគ្នាមកគឺ ប្រាសាទនេះមានឈ្មោះថា «ប្រាសាទតាមទាន់»។

ការណ៍ដែលហៅថា ប្រាសាទតាមទាន់ ដូច្នេះដោយសារមានរឿងព្រេងមួយដ៏វែងតំណាល តៗថា៖ កាលពីដើមឡើយមានព្រះមហាក្សត្រមួយព្រះអង្គឈ្មោះ យសោកេរ្តិ៍។ ព្រះអង្គសព្វព្រះហឬទ័យចិញ្ចឹមសត្វ បក្សាបក្សីខ្លាំងណាស់។ ក្នុងចំណោមសត្វបក្សាបក្សីទាំងនោះ សត្វទទា ជាសត្វដែលព្រះអង្គសព្វព្រះហឬទ័យជាងគេ។ ដោយសារតែរាជកិច្ចច្រើនក្នុងការមើលការខុសត្រូវចំពោះប្រជានុរាស្ត្រ និងការការពារទឹកដីពីការឈ្លានពានពីសត្រូវធ្វើ ឲ្យព្រះបាទយសោកេរ្តិ៍ភ្លេចភ្លាំង មិនបានដាក់ចំណីឲ្យសត្វទទាស៊ីនៅថ្ងៃពេញបូណ៌មី ដែលជាហេតុធ្វើឲ្យសត្វទទានោះ ស្លាប់ ហើយបានចាប់កំណើតជាព្រះមហាក្សត្រឈ្មោះ ព្រះបាទឧលោ។ ដោយមានគំនិតគុំគួន ចងកំហឹង ចង់សងសឹក ជាមួយព្រះបាទយសោកេរ្តិ៍ ដែលធ្វើឲ្យខ្លួនស្លាប់កាលពីអតីតជាតិ ដែលនៅជាតិជាសត្វទទានោះ ព្រះបាទឧលោ បានលើកទ័ពជាច្រើនតាមប្រហារព្រះបាទយសោកេរ្តិ៍ ដើម្បីសងសឹក។ ព្រះបាទយសោកេរ្តិ៍ ដោយសារកម្លាំងទ័ពរបស់ខ្លួនមានតិចជាងព្រះបាទឧលោ ក៏បានភៀសព្រះកាយចេញពីព្រះនគរ ដោយជិះដំរីសភ្លុកខៀវចូលក្នុងព្រៃ ដោយនាំព្រះអគ្គមហេសី ឈ្មោះ នាងបទុម និងបុត្រានៅក្នុងផ្ទៃទៅជាមួយ។ ពេលមកដល់ក្នុងព្រៃជ្រៅលើភ្នំដងរែក ព្រះអង្គបានចុះសម្រាកនៅទីនេះ (ថ្មគ្រែសព្វថ្ងៃនៅត្រង់រូបដំរីទ្រោម) ហើយព្រះបាទយសោកេរ្តិ៍ បាននាំអគ្គមហេសីរបស់ខ្លួនឡើងទៅលើខ្នងភ្នំកសាងប្រាសាទមួយនៅទីនោះ (សព្វថ្ងៃប្រាសាទតាមាន់ធំ) ស្នាក់នៅបានប្រាំពីរខែ។ និយាយពីព្រះបាទឧលោ ពេលបានដំណឹងពីទីតាំងលាក់ខ្លួនរបស់ព្រះបាទយសោកេរ្តិ៍ ហើយក៏បានលើកទ័ពដេញតាមចាប់។ ឯព្រះបាទយសោកេរ្តិ៍ពេលដឹងថា ព្រះបាទឧលោ លើកទ័ពមកតាមចាប់ក៏ប្រញាប់ភៀសខ្លួន តែគេចមិនរួចក៏ត្រូវបានកងទ័ពព្រះបាទឧលោ តាមទាន់ចាប់បាននៅនឹង កន្លែងនោះ[...]»។ ដោយហេតុនេះហើយ នៅសម័យក្រោយមកគេក៏នាំគ្នាហៅប្រាសាទនោះថា ប្រាសាទតាមទាន់ ដោយសារព្រះបាទឧលោ តាមទាន់ចាប់បានព្រះបាទយសោកេរ្តិ៍នៅទីនោះ ហើយក្រោយមកក្លាយជា «ប្រាសាទតាមាន់» តមក។ ជាមួយគ្នានេះដែរ ដោយសារនៅទីនោះមានប្រាសាទចំនួនបី ដែលនៅជិតៗគ្នា ហើយមានឈ្មោះតាមាន់ដូចៗ គ្នានោះ។ ដូចនេះប្រជាជនកំណត់យកប្រាសាទដែលធំជាងគេហៅថា ប្រាសាទតាមាន់ធំ ឯប្រាសាទដែលតូចល្មមហៅថា ប្រាសាទតាមាន់តូច ហើយប្រាសាទដែលតូចជាងគេហៅថា ប្រាសាទតាមាន់ ឬប្រាសាទបាយក្រៀមនេះឯង។

សូមបញ្ជាក់ថា រឿងព្រេងមានខាងលើវែងណាស់ ហើយវាមានជាប់ទាក់ទងនឹងតំបន់ នឹងប្រាសាទមួយចំនួនទៀត ក្នុងនោះដូចជា ភូមិល្បើករឹត ប្រាសាទគុក ផ្លូវរំកិលសព ប្រាសាទបន្ទាយទ័ព ប្រាសាទបន្ទាយឆ្មារ ភ្នំកំព្រា ជាដើម ហើយឈ្មោះស្តេច (ព្រះបាទយសោកេរ្តិ៍) នៅក្នុងរឿងនេះ មានឈ្មោះដូចគ្នាទៅនឹងឈ្មោះស្តេចក្នុងរឿងព្រេងប្រាសាទចៅស្រីវិបុលដែរ។ សម្រាប់ប្រជាជនរស់នៅខេត្តសុរិន្ទ្រ គឺគេមានរឿងព្រេងរបស់គេដែរ ដែលនិយាយទាក់ទងនឹងប្រាសាទ តាមាន់ធំនេះ។ ទោះបីជាយ៉ាងណាពាក្យ «តាមាន់ធំ» នេះគ្រាន់តែជាពាក្យដែលប្រជាជនហៅតៗគ្នាតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាមានសិលាចារឹកជាច្រើនផ្ទាំង ដែលបានរកឃើញនៅទីនោះ ហើយក្នុងនោះមានសិលាចារឹកភាគច្រើន និយាយពីការថ្វាយទ្រព្យសម្បត្តិ និងវត្ថុផ្សេងៗដល់ «កំម្រតេង ជគត គិវបាទ បស្ចិម» ដែលឈ្មោះនេះ ជាឈ្មោះ ដែលគេហៅចំពោះទេព ដែលតម្កល់នៅក្នុងប្រាសាទតាមាន់ធំ ឬហៅឈ្មោះប្រាសាទតាមាន់ធំកាលពីសម័យបុរាណ។

ដោយឡែក សម្រាប់ថៃវិញ គេហៅប្រាសាទនេះថា «ប្រាសាទតាមឿនធំ» ជាពាក្យថៃ «ตาเมือนธม» ដែលពាក្យនេះ ជាពាក្យដែលថៃគេហៅតាមសម្លេងគ្រាមភាសារបស់ខ្មែរយើងក្នុងតំបន់នេះពីសម្លេង «តាមាន់ធំ» ទៅជា «តាមឿនធំ ឬ តាមឿនធម» ព្រោះពាក្យ «មាន់» ខ្មែរតំបន់ខ្លះបញ្ចេញសម្លេងទៅជា «មឿន»។

តែបើតាមឯកសារខ្លះគេតំណាលថា កាលពីដើមឡើយមានតាម្នាក់ឈ្មោះ «តាមាន់»។ តាមាន់គឺ ជាស្តេចយីកេគ្រប់គ្រងនគររាជ។ ស្ដេចយីកេនេះជាស្តេចឪរបស់ស្ដេចអូលូ គ្រងនៅខ្មែរក្រោម។ ស្តេចទាំងពីរជាស្តេចខ្មែរ។ ស្តេចខ្មែរខាងណោះ (ស្តេចអូលូ) ជាកូនមកចាប់ស្តេចឪ (ស្ដេចយីកេ) យើងខាងណេះទៅសម្លាប់ មិនដឹងថាស្តេចឪខុសអីទេបានជាគេយកគាត់ទៅសម្លាប់។ ប្រហែលជាគាត់ «គោងរ៉ាត់បាន (រដ្ឋបាល)» ទេដឹង? […] ស្ដេចយីកេខ្មែរយើងខាងណេះមកផ្ទះវិញ […] តែនៅតាមផ្លូវក៏បានឃើញប្រាសាទនេះក៏ដាក់ឈ្មោះថា «ប្រាសាទតាមាន់»។ ពីដើមប្រាសាទនេះមានចេញភ្លើងខៀវ ព្រោះពីដើម មនុស្សខ្លាំងពូកែប្រាសាទស័ក្តិសិទ្ធិណាស់។ នេះជាតំណាល ដែលអ្នកភូមិរុន ឬបានរុនខេត្តសុរិន្ទ្រម្នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៧៩ រស់នៅក្បែរប្រាសាទតាមាន់។

សូមជ្រាបថា នៅទីនេះពាក្យថា «គោង» (កែរ) មានន័យថា ក្បត់ ឯពាក្យ «“កូង” (โกง)» ន័យពិតប្រាកដគឺកុហក ឬឧបាយកល ល្បិចបោកបញ្ឆោត។ រីឯពាក្យថា «មាន់» នៅទីនេះ គឺប្រហែលមិនសម្តៅលើសត្វមាន់នោះទេ ក៏ប៉ុន្តែអាចជាពាក្យកំលាយចេញពីពាក្យ «វរ្ម័ន» ដែលជាគោរមងាររបស់ព្រះមហាក្សត្រខ្មែរសម័យបុរាណ ដែលខ្មែរសុរិន្ទ្របញ្ចេញសម្លេងថា «ម័ន»។ នេះគ្រាន់តែ ជាសម្មតិកម្មមួយប៉ុណ្ណោះ (បើតាមលោកបណ្ឌិត មីស៊ែល ត្រាណេ)។ រឿងព្រេងនេះ មានភាពស្រដៀងគ្នាត្រង់ចំណុចមួយចំនួន ដែលគួរគិតពិចារណា។

ជាមួួយគ្នានេះ ក្នុងសិលាចារឹកប្រាសាទតាមាន់ធំ K.1187 ដែលថៃកំពុងដាក់នៅសារមន្ទីរជាតិខេត្តសុរិន្ទ ត្រង់បន្ទាត់ទី៤ នៃផ្ទាំងទី២ បានបង្ហាញពីឈ្មោះ ប្រាសាទតាមាន់ធំថា «សិវបាទបស្ចិម»។ សិលាចារឹកនេះ មានបង្ហោះលើគេហទំព័រ The Princess Maha Chakri Sirindhorn Anthropology Centre ។

សរុបមក ខ្មែរបុរាណមិនដែលហៅថា «ប្រាសាទតាមាន់ធំ» ថាជា «ប្រាសាទតាមន្ត​» ឬ «ប្រាសាទវេទមន្ត» នោះទេ៕

ចំណេះដឹងទូទៅ ២ទៀត ដែលគួរអាន៖
- ឈ្វេងយល់ពីប្រាសាទតាមាន់ធំ ដែលសាងសង់ឡើងដោយអតីតស្តេចខ្មែរ ព្រះបាទសូរ្យវរ្ម័នទី១ 
- ឈ្វេងយល់ពីប្រាសាទតាក្របីរបស់ខ្មែរ ដែលនៅមិនឆ្ងាយពីប្រាសាទតាមាន់ធំ