(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣។ ដំបូងឡើយ វាត្រូវបានបង្កើតនៅក្នុងឆ្នាំ១៩២៤ អំឡុងពេលសម័យអាណាព្យាបាលបារាំង។ តាមគ្រោងទុក វានឹងត្រូវបិទដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ ដោយផ្លាស់ប្តូរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
Fresh News សូមបង្ហាញប្រវត្តិនៃការបង្កើត និងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដូចខាងក្រោមនេះ៖
* គំនិតផ្តួចផ្តើមដំបូង (១៩២៤)
វាត្រូវបានបង្កើតដោយរដ្ឋាភិបាលអាណាព្យាបាលបារាំង ជាអាកាសយានដ្ឋានតូចមួយ ឈ្មោះថា ពោធិ៍ចិនតុង នៅឆ្នាំ១៩២៤។ គោលបំណងចម្បងនៃការបង្កើតវា គឺដើម្បីបម្រើឲ្យវិស័យកងទ័ព និងរត់ឯកសារ ស្ថិតក្រោមបណ្តាញអាកាសចរណ៍ឥណ្ឌូចិនរបស់បារាំង។
* ការប្រើប្រាស់នៅសម័យសង្គ្រាម លោកលើកទី២ និងអំឡុងពេលជប៉ុនកាន់កាប់ (១៩៤១-១៩៤៥)
អំឡុងពេលជប៉ុនកាន់កាប់កម្ពុជា អាកាសយានដ្ឋាននេះ ត្រូវបានពង្រីកសម្រាប់បម្រើវិស័យកងទ័ព ប៉ុន្តែមិនបានសាងសង់ជាថ្មីទេ។ កងទ័ពជប៉ុនប្រើប្រាស់វា សម្រាប់បម្លាស់ទីកងទ័ព និងវិស័យឡូជីស្ទីក។
* ការអភិវឌ្ឍក្រោយសម័យសង្គ្រាម (១៩៤៥-១៩៥៣)
ក្រោយសង្គ្រាមលោកលើកទី២ បារាំងបានគ្រប់គ្រងឡើងវិញ និងអភិវឌ្ឍវាទៅជាអាសយានដ្ឋានស៉ីវិល។ នៅឆ្នាំ១៩៥៣ គឺក្រោយឯករាជ្យពីបារាំង សម្តេច នរោត្តម សីហនុ បានដាក់ព្រះរាជបញ្ជាឲ្យបង្កើតជើងហោះហើរថ្មីបន្ថែមទៀត និងពង្រីកអាកាសយានដ្ឋាននានាដែលមានស្រាប់។ នៅឆ្នាំនេះដែរ ពោធិ៍ចិនតុងក៏ត្រូវបានរចនាជាអាកាសយានដ្ឋានអន្តរជាតិចម្បងរបស់កម្ពុជា។
* ទំនើបកម្ម (ទសវត្សរ៍១៩៦០ ដល់បច្ចុប្បន្ន)
មានឯកសារសំអាងជាច្រើនថា អាកាសយានដ្ឋានពោធិ៍ចិនតុង ធ្វើទំនើបកម្មនៅឆ្នាំ១៩៥៧ និងបើកដំណើរការជាផ្លូវការនៅឆ្នាំ១៩៥៩។ នៅទសវត្សរ៍ឆ្នាំ១៩៦០ វាត្រូវបានពង្រីកដោយដាក់ផ្លូវរត់បេតុង និងចំណតយន្តហោះដឹកអ្នកដំណើរ។
ក្នុងសង្គ្រាមស៉ីវិលកម្ពុជា អាកាសយានដ្ឋានពោធិ៍ចិនតុង បានក្លាយជាកន្លែងសំខាន់សម្រាប់អាកាសដឹកជញ្ជូនសម្រាប់ផ្នែកយោធា និងមនុស្សធម៌។ ចន្លោះខែតុលា ដល់ខែធ្នូ ឆ្នាំ១៩៧៣ យន្តហោះ C-130 របស់កងទ័ពអាកាសអាមេរិក បានដឹកអង្ករ ប្រមាណ ៣ ០០០ តោន មកភ្នំពេញតាមរយៈអាកាសយានដ្ឋាននេះ។
នៅសម័យខ្មែរក្រហម អាកាសយានដ្ឋាននេះ បានក្លាយជាទីតាំងតែមួយគត់សម្រាប់ផ្គត់ផ្គង់ តម្រូវការនានានៅក្នុងរាធានីភ្នំពេញ ក្រោយពេលខ្មែរក្រហមបានកាន់កាប់បណ្តាញផ្លូវទឹក និងផ្លូវគោក នៅខែមេសា ឆ្នាំ១៩៧៥ ពោលគឺបន្ទាប់ពីការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ វាត្រូវបានបិទស្ទើរតែទាំងស្រុងចំពោះការធ្វើដំណើរអន្តរជាតិ លើកលែងតែជើងហោះហើរមួយចំនួន ដោយផ្ទាល់ពីទីក្រុងប៉េកាំង និងព្យុងយ៉ាង។ ជើងហោះហើរទាំងនេះ មានកម្មាភិបាល ដើម្បីបណ្តុះបណ្តាលរដ្ឋាភិបាលថ្មី ក៏ដូចជាបញ្ញវន្ត និងមន្ត្រីការទូតកម្ពុជាមួយចំនួន ដែលស្ម័គ្រចិត្តត្រឡប់មកមាតុប្រទេសវិញ។
ក្នុងឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា បានចូលកិច្ចព្រមព្រៀងបែងចែកសិទ្ធិ ២០ឆ្នាំជាមួយ Société Concessionaire d’Aéroport (SCA) ដែលជាក្រុមហ៊ុនរួមបង្កើតរបស់បារាំង និងម៉ាឡេស៊ី ដើម្បីបំពេញបន្ថែម និងអភិវឌ្ឍអាកាសយានដ្ឋាន។ ភាគីនេះបានដឹកនាំការអភិវឌ្ឍដ៏មានន័យសំខាន់ រួមមាន ការសាងសង់ផ្លូវដើរយន្តហោះថ្មី ចំណតយន្តហោះ អាគារស្តុកទំនិញជាដើម។ ដល់ឆ្នាំ២០០២ អាកាសយានដ្ឋាននេះការអភិវឌ្ឍបន្ថែម កាន់តែទាក់ទាញទេសចរ៕