(ភ្នំពេញ)៖ បដិវត្តន៍ធំៗក្នុងប្រវត្តិសាស្ត្របាននាំទៅរកការផ្លាស់ប្ដូររបបនយោបាយពិភពលោក ប៉ុន្តែក៏បានបង្កឱ្យមនុស្សស្លាប់អស់មិនតិចនោះដែរ ក្នុងនោះបដិវត្តន៍ដែលធំជាងគេក្នុប្រវត្តិសាស្ត្រ គឺបដិវត្តរុស្ស៉ីឆ្នាំ១៩១៧។

មកដល់ដើមសតវត្សទី២០ ប្រទេសរុស្ស៊ីគឺជាប្រទេសដែលមិនសូវមានការអភិវឌ្ឍ ហើយក្រីក្របំផុតនៅតំបន់អឺរ៉ុប។ ដោយជួបការលំបាកវេទនា ក្រុមកម្មករបានតវ៉ាប្រឆាំងនឹងរបបរាជានិយមក្នុងឆ្នាំ១៩០៥ ដែលនាំឱ្យមានការសម្លាប់រង្គាលក្នុងថ្ងៃអាទិត្យលោហិត (Bloody Sunday)។ វាជាការបះបោរដ៏បរាជ័យមួយរបស់ក្រុមកម្មករ។ ទោះជាយ៉ាងណាក៏ដោយ ភាពក្លៀវក្លានៃបដិវត្តន៍មិនអាចបំភ្លេចងាយៗនោះទេ។ សង្គ្រាមលោកលើកទី១ បានធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីកាន់តែចុះខ្សោយ ហើយបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិតច្រើន នោះគឺនៅក្នុងរជ្ជកាលព្រះចៅនីកូឡាសទី២ (Tsar Nicholas II)។ ព្រះចៅនីកូឡាសទី២ បានចាកចេញពីរាជវាំងដើម្បីដឹកនាំកងទ័ពធ្វើសង្គ្រាមនៅក្រៅប្រទេស ហើយទ្រង់បានទុកឱ្យមហេសីដែលជាប់ខ្សែលោហិតអាល្លឺម៉ង់នៅចាត់ចែងរាជកិច្ចជំនួស ខណៈរឿងនេះពុំសូវមានការពេញចិត្តក្នុងចំណោមប្រជាជនឡើយ។ ក្រៅពីនេះ រាជវាំងមូស្គូក៏ស្ថិតនៅក្រោមឥទ្ធិពលរបស់គ្រូហោរាម្នាក់ឈ្មោះ Grigori Rasputin ដែលជាជនអាថ៌កំបាំង និងជាអ្នកប្រកាសទំនាយជនជាតិរុស្ស៉ី។

ជាថ្មីម្ដងទៀត បដិវត្តរុស្ស៉ីក៏បានកើតឡើងវិញនាអំឡុងខែកុម្ភៈ ឆ្នាំ១៩១៧ ដោយក្រុមបាតុករបាននាំគ្នាធ្វើសកម្មភាពតវ៉ានៅតាមផ្លូវនៃតំបន់ Petrograd ដែលបច្ចុប្បន្នជាទីក្រុង Saint Petersburg។ ដោយផ្ទុយពីបដិវត្តន៍ឆ្នាំ១៩០៥ លើកនេះ ពួកគេត្រូវបានចូលរួមដោយទាហានមួយចំនួនធំ ដែលបានបាត់បង់ជំនឿចិត្តលើរបបរាជានិយមរុស្ស៉ី។ ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបណ្ដោះអាសន្នថ្មីត្រូវបានបង្កើតឡើង ព្រះចៅនីកូឡាសទី២បានដាក់រាជ្យដែលនាំឱ្យរាជវង្សរ៉ូម៉ាណូវ (Romanov) និងប្រព័ន្ធចក្រពត្តិនិយមនៅប្រទេសរុស្ស៉ីឈានដល់ទីបញ្ចប់។ ប៉ុន្តែនេះមិនទាន់ជាទីបញ្ចប់នៃប្រវត្តិសាស្រ្តបដិវត្តន៍របស់រុស្ស៉ីឡើយ ពីព្រោះដំបូងឡើយបដិវត្តរុស្ស៉ីបង្កើតឡើងដោយក្រុមគហិបតី រដ្ឋាភិបាលថ្មីនោះបាននៅបន្តគាំទ្រកិច្ចប្រឹងប្រែងសង្រ្គាមនៅក្នុងសង្រ្គាមលោកលើកទី១ដែលមិនទាន់ចប់ ខណៈប្រការនេះបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៉ីកាន់តែយ៉ាប់យ៉ឺន។

ដោយឡែក កំលុងបដិវត្តន៍ខែតុលា ឆ្នាំ១៩១៧ ក្រុមអ្នកបដិវត្តដែលដឹកនាំដោយគណបក្សឆ្វេងនិយម បុលសេវីក (Bolshevik) និងមេដឹកនាំ វ្លាឌីមៀរ លេនីន (Vladimir Lenin) បានសម្រុកចូលលុកលុយរាជវាំក្រុងងមូស្គូ Winter Palace ដើម្បីដណ្តើមអំណាចពីរដ្ឋាភិបាលបណ្តោះអាសន្នរបស់ពួកគហិបតីទាំងនោះ។ គេចាត់ទុកការដណ្ដើមអំណាចនេះជារដ្ឋប្រហារមិនបង្ហូរឈាម។ លេនីន បានគាំទ្រឱ្យមានរដ្ឋាភិបាលសូវៀតថ្មីមួយដែលមិនគ្រប់គ្រងដោយពួកមូលធននិយម គឺគួរតែគ្រប់គ្រងដោយសមូហភាពដែលមាន​ក្រុម​កសិករ កម្មករ និង​ទាហាន។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់លេនីនក៏ដោយ បដិវត្តន៍នេះមិនទាន់ត្រូវបានស្វាគមន៍ទូលំទូលាយនៅខាងក្រៅពេត្រូក្រាដដោយក្រុមអ្នកនៅស្មោះត្រង់ចំពោះរបបរាជានិយមនៅឡើយទេ។ អស់រយៈពេល៥ឆ្នាំ សង្គ្រាមស៊ីវិលបានគ្របដណ្តប់ប្រទេសរុស្ស៊ី ហើយទីបំផុតក៏បាននាំឱ្យមេចលនាបុលសេវីក វ្លាឌីមៀរ លេនីន ទទួលជ័យជម្នះ ព្រមទាំងការបង្កើតសាធារណរដ្ឋសង្គមនិយមសហភាពសូវៀតឡើង៕